អ្នកតវ៉ាប្រទាញប្រទង់ជាមួយសន្តិសុខមួយប្រាវ

IMG_9584ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល និង​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ចម្ការមន បាន​កើត​ឡើង​មួយ​ប្រាវ​នៅ​មុខ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៥​ ខណៈ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ព្យាយាម​ដើរ​ដង្ហែរ​ក្បួន​របស់​ខ្លួន​ ដើម្បី​សម្ដែង​ការ​ជំទាស់​ទៅ​នឹង​គម្រោង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នោះ។ ប៉ុន្តែ គ្មាន​សេចក្ដី​រាយការណ៍​ណា​បញ្ជាក់​ថា មាន​មនុស្ស​រង​របួស​នោះ​ឡើយ។

ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដែល​ត្រូវបាន​គេ​គិត​ថា​រឹត​ត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ ក្រុម​អ្នក​តវ៉ា​ប្រហែល ៥០០​នាក់ ចម្រុះ​ទៅ​ដោយ​ព្រះ​សង្ឃ បុគ្គលិក​សមាគម​-អង្គការ​សង្គម​ស៊ីវិល សមាជិក​សហគមន៍​ដី​ធ្លី​នៅ​រាជ​ធានី​ភ្នំពេញ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី និង​បាន​ដើរ​ដង្ហែរ​ទៅ​កាន់​វិមាន​រដ្ឋ​សភា។ ក្រុម​អ្នក​តវ៉ា​ប្រដាប់​ដោយ​បដា «Say No!» បាន​បន្ត​ក្បួន​ដង្ហែរ​របស់​ពួកគេ​ទៅ​មុខ ក្នុង​បំណង​ដើរ​ជុំ​វិញ​វិមាន​រដ្ឋ​សភា ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល ដែល​គ្រោង​ដាក់​ឲ្យ​រដ្ឋ​សភា​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ក្បួន​ដង្ហែរ​របស់​ពួកគេ ត្រូវ​បាន​រាំង​ស្កាត់​ដោយ​រណាំង​ដែក​របស់​កង​កម្លាំង​សន្តិសុខ​ប្រហែល ១០០​នាក់ នៅ​មុខ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ហើយ​ក្រុម​អ្នក​តវ៉ា​បាន​ដង្ហែរ​ត្រឡប់​ថយ​ក្រោយ​វិញ។

នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​គម្រោង​អនុម័ត​ច្បាប់​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​មានៈ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​អ្នក​តវ៉ា បាន​ព្រមាន​ថា នឹង​មិន​បោះ​ឆ្នោតដល់​គណបក្ស​ណា​ដែល​លើក​ដៃ​អនុម័ត​ច្បាប់​នេះ​ឡើយ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ​២០១៥​នេះ បាន​និយាយ​ថា សមាជិក​គណ​បក្ស​កាន់​អំណាច​គាំ​ទ្រ​ការ​បង្កើត​ច្បាប់​នេះ ខណៈ​គណបក្ស​ប្រឆាំង បាន​បដិសេធ​ការចូល​រួម​លើក​ដៃ​គាំ​ទ្រ​សេចក្ដី​ព្រាង​ច្បាប់​ ដែល​ត្រូវ​បាន​គេ​គិត​ថា នឹង​រឹត​ត្បឹត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា៕