ដោយបាន ចូលរួម យ៉ាងសកម្ម ក្នុងការ ជួយដល់ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ យុវជន ផុន សុផល ដែលបញ្ចប់ ការសិក្សា ត្រឹមថ្នាក់ទី១២ មួយរូប ត្រូវបាន សមាគម ការពារសិទ្ធិមនុស្ស អាដហុក សម្រេចផ្ដល់ ជូននូវ ឧបករណ៍ថេបផ្លេត មួយគ្រឿង ដែលជាផ្នែក មួយនៃកម្មវិធី ដោះស្រាយ ទំនាស់ក្រៅ ប្រព័ន្ធតុលាការ របស់សមាគមនេះ។
ក្រោយពីទទួល បានឧបករណ៍ ថេបផ្លេតនេះ យុវជនវ័យ ២៥ឆ្នាំដែលមាន ប្រភពមក ពីភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ហាញ អារម្មណ៍ រំភើបរីករាយ ហើយនិយាយថា រូបគេនឹង ប្រើប្រាស់ឧបករណ៍ មួយនេះសម្រាប់ បម្រើដល់ប្រយោជន៍ សហគមន៍ ជាពិសេសការ ចែករំលែក និងការផ្ដល់ ព័ត៌មានពី សហគមន៍។
មិនមែននៅស្ងៀមៗនាំឲ្យយុវជនរូបនេះសម្រេចចិត្តដើរតាមផ្លូវស្រែកតវ៉ានោះឡើយ ប៉ុន្តែ សុផល ប្រាប់ថា រូបគេគឺជាជនរងម្នាក់នៃជម្លោះដីធ្លីរវាងសហគមន៍នានាក្នុងឃុំជាំក្រវៀន និងក្រុមហ៊ុន ម៉ែន សារុន ដែលបានផ្ទុះតាំងពីឆ្នាំ២០០៧ ហើយយុវជនរូបបានចូលរួមក្នុងការតវ៉ាយ៉ាងសកម្មប្រឆាំងនឹងការរំលោភដីធ្លីនៅក្នុងសហគមន៍របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤។
សុផល បានប្រាប់ឲ្យដឹងថា រូបគាត់កន្លងមកបានជួបប្រទះការលំបាកក្នុងការចែករំលែកព័ត៌មានពីសហគមន៍របស់គាត់ ដោយសារពុំមានសម្ភារៈទំនើប និងពុំសូវស្គាល់ច្រើនអំពីបណ្ដាញព័ត៌មានសង្គមនោះឡើយ។
ក្រោយពីទទួលបានថេបផ្លេតនេះរួចហើយ សុផល ប្ដេជ្ញាថា គាត់នឹងកាន់តែងាយស្រួលក្នុងការចែករំលែកព័ត៌មានទៅដល់សហគមន៍ និងពីសហគមន៍ទៅសហគមន៍ដទៃទៀត។
ទោះបីជា សុផល មិនបានរៀនសូត្រដល់មហាវិទ្យាល័យ ប៉ុន្តែ គាត់បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកតស៊ូមតិជាច្រើនលើកជាមួយសមាគមការពារសិទ្ធិមនុស្សអាដហុកនាពេលកន្លងមក។
យុវជនរូបនេះ បានប្ដេជ្ញាបន្តសកម្មភាពតស៊ូមតិ តទៅទៀត ហើយបង្កើនការចែករំលែកព័ត៌មានដែលទទួលបានតាមបណ្ដាញសង្គមទៅដល់សហគមន៍របស់គាត់ ដើម្បីជាប្រយោជន៍បន្ថែមផ្នែកពង្រឹងសិទ្ធិអំណាចមូលដ្ឋាន៕