សមាគមការពារសិទ្ធិមនុស្សអាដហុក បានបញ្ជូនលិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយស្នើឲ្យអាជ្ញាធរកម្ពុជាជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ផាត សុអិន ដែលត្រូវបានថៅកែថៃបាញ់សម្លាប់យ៉ាងអយុត្តិធម៌កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សមាគមអាដហុក បានឲ្យដឹងថា ពលករខ្មែរ ផាត សុអិន អាយុ ២៤ឆ្នាំ ជាកម្មករសំណង់មកពីខេត្តកំពង់ឆ្នាំង និងមានប្រពន្ធឈ្មោះ ខាន់ ធូ អាយុ ២៧ឆ្នាំ ត្រូវបានថៅកែថៃឈ្មោះ តា យ៉ៃ បាញ់ត្រូវចំនួន ៦គ្រាប់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នៅក្នុងភូមិណងតាឡត ឃុំបានសុង ស្រុកភ្នំសារ៉ាខាម ខេត្តចាក់ជើងសៅ ប្រទេសថៃ។ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយជនដៃដល់បានរត់គេចខ្លួនបាត់។
ដោយបានសាកសួរទៅស្ត្រីជាប្រពន្ធ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក បានរកឃើញថា ជនរងគ្រោះត្រូវបានជនដៃដល់បាញ់ប្រហារទៅលើចំនួន ៨គ្រាប់ និងត្រូវ ៦គ្រាប់ត្រង់សៀតផ្កាខាងស្ដាំ ១គ្រាប់ ដើមទ្រូង ១គ្រាប់ ចំបំពង់ក ២គ្រាប់ និង ២គ្រាប់ទៀតត្រូវកំភួនដៃ។ លទ្ធផលស៊ើបអង្កេត បានរកឃើញថា ជនរងគ្រោះត្រូវបានបាញ់ប្រហារយ៉ាងអយុត្តិធម៌ ហើយត្រូវបានអាជ្ញាធរថៃបញ្ចុះបញ្ចូលឲ្យរំលាយសពដើម្បីបំបាត់ភស្តុតាង។ សពជនរងគ្រោះ ត្រូវបានបញ្ជូនត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥៕