សមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ បានអំពាវនាវឲ្យរដ្ឋាភិបាលជួយដល់ពលដល់ប្រជាពលរដ្ឋកម្ពុជាជាង ២០០នាក់ ដែលត្រូវបានទីភ្នាក់ងារនាំពលករទៅបរទេសឆបោកអស់ប្រាក់ជាច្រើនរយដុល្លារ និងស្វែងរកចាប់ខ្លួនជនឆបោកមកផ្ដន្ទាទោសតាមច្បាប់។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានជាច្រើននាក់ លោក ធន សារាយ ប្រធានសមាគមអាដហុក បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា ២០១នាក់ ដែលបានចុះឈ្មោះទៅបម្រើការងារនៅក្រៅប្រទេសតាំងពីពាក់កណ្ដាលឆ្នាំ២០១៤នោះ បានក្លាយជាជនរងគ្រោះនៃអំពើឆបោកប្រព្រឹត្តឡើងដោយក្រុមហ៊ុន Rice Natural និងក្រុមហ៊ុន Century (កម្ពុជា) ដោយម្នាក់បានកក់ប្រាក់ចំនួន ៤០០ដុល្លារអាមេរិក។ លោក ធន សារាយ ថ្លែងថា រដ្ឋាភិបាលត្រូវតែស្វែងរកចាប់ខ្លួនអ្នកទាំងឡាយណាដែលបានឆបោកប្រជាពលរដ្ឋទាំងនេះ ហើយដកប្រាក់ដែលតម្កល់ទុកនៅធនាគារជាតិ យកមកទូទាត់ឲ្យជនរងគ្រោះ។ ដោយយោងទៅលើការស៊ើបអង្កេតរបស់មន្ត្រីសមាគមអាដហុក លោក ធន សារាយ ថ្លែងបន្ថែមថា ក្រុមហ៊ុនទាំងពីរបានសន្យានាំពលរដ្ឋទាំងនោះទៅបម្រើការងារក្នុងវិស័យកសិកម្ម ឧស្សាកម្ម និងសំណង់នៅក្នុងប្រទេសជប៉ុននៅក្នុងរយៈពេលមិនលើសពី ៦ខែ ប៉ុន្តែក្រុមហ៊ុនទាំងពីរពុំបានអនុវត្តតាមកិច្ចសន្យានោះឡើយ និងបានទម្លាក់ស្លាកក្រុមហ៊ុនថែមទៀតផង។ ដោយផ្អែកលើសវតានៃករណីនេះ សមាគមអាដហុកបានសន្និដ្ឋានថា ពលរដ្ឋទាំងនោះ បានក្លាយជាជនរងគ្រោះនៃអំពើឆបោកប្រព្រឹត្តឡើងដោយទីភ្នាក់ងារនាំពលករទៅបរទេសទាំងពីរនេះ បន្ទាប់ពលរដ្ឋទាំងនោះ បានដាក់ពាក្យបណ្ដឹងមកសមាគមអាដហុក ដើម្បីស្វែងរកអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ។ របាយការណ៍អង្កេតរបស់សមាគមអាដហុក បានឲ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ បានចេញលិខិតមួយទៅក្រុមហ៊ុនទាំងពីរ ដោយបានបញ្ជាឲ្យក្រុមហ៊ុនទាំងពីរក្រុមហ៊ុនទាំងពីបញ្ឈប់សកម្មភាពជ្រើសរើសពលករថ្មីក្នុងរយៈពេល ៤៥ថ្ងៃ រហូតមានដំណោះស្រាយ ប៉ុន្តែ ប្រជាពលរដ្ឋទាំងនោះនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ផ្អែកតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ទីភ្នាក់ងារនាំពលករទៅក្រៅប្រទេសជាង ៦០ បានចុះបញ្ជីនៅក្រសួងនេះ ហើយក្រុមហ៊ុននីមួយៗ បានតម្កល់ប្រាក់ប្រហែល ១០ម៉ឺនដុល្លារនៅធនាគារជាតិកម្ពុជា៕