អាជ្ញាធរ​រាំង​ខ្ទប់​ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ

IMG_9320ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ កម្មករ​កម្មការិនី បុគ្គលិក​សហជីព សហគមន៍ សមាគម និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​សមាគម-អង្គការសង្គម​ស៊ីវិល ត្រូវ​បាន​កម្លាំង​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ​រារាំង​គ្រប់​ទិសដៅ​ទាំងអស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ។

លោក យី សុខសាន្ត មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែលបាន​ឃ្លាំ​មើល​ក្បួន​ដង្ហែរ​ពី​វត្ត​និរោធ​ចូល​មក​កាន់​វិមាន​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ បាន​ឲ្យ​ដឹង​ថា កម្លាំង​សន្តិសុខ​រាប់​សិប​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយនៅ​តាម​ផ្លូវ​ជាតិ​លេខ ១ ដើម្បី​ទប់​ស្កាត់​ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ។

ចំណែក​លោក ណៃ វង់ដា មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​បាន​ឃ្លាំ​មើល​ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ​ពី​សង្កាត់​ចាក់​អង្ក្រែ​លើ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក៏​បាន​រាំង​ខ្ទប់​ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ។

ចំណែក​ឯ​ក្បួន​ដង្ហែរ​ពី​ស្ពាន​អាកាស ៧ មករា ម្ដុំ​ពេទ្យ​លោក​សង្ឃ បាន​ធ្វើ​ដំណើរ​ចូលដល់​ផ្លូវ​កម្ពុជា​ក្រោម​ម្ដុំ​ផ្សារ​ដេប៉ូ ក៏​ត្រូវ​បាន​អាជ្ញាធរ​ទប់​ស្កាត់​ដូច​គ្នា។ នេះ​ដោយ​យោងតាម​ការ​បញ្ជាក់​ពី​លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​របស់​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក។

នៅ​ឯ​ចំណុច​រង្វង់​មូល​ជ្រោយ​ចង្វារ​ឯ​ណោះ​វិញ​ ក្រុម​សកម្មជន​ស្ត្រី​បឹងកក់ និង​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ដទៃ​ទៀត​ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំងសន្តិសុខ​ខណ្ឌ​ដូនពេញ​បញ្ជា​ឲ្យ​ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​របង​ស្ថានទូត​បារាំង​ មុខមជ្ឈ​មណ្ឌល​ព្យាបាល​បេះដូង នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។

ក្រុម​អ្នក​តវ៉ា បាន​ព្យាយាម​ចាក​ចេញ​ពី​ទីតាំង​នោះ​ជា​ច្រើន​ដង ប៉ុន្តែ​បរាជ័យ​ទៅ​វិញ ហើយ​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​សាលា​ខណ្ឌ​ដូនពេញ​ចំនួន​ប្រហែល​ ៣០​នាក់​ ត្រូវបាន​ដាក់​ពង្រាយ​នៅ​មាត់​ផ្លូវ ដោយ​បាន​រាំង​ខ្ទប់​រាល់​ការ​ប៉ុន​ប៉ង​ចាក​ចេញ​របស់​អ្នក​តវ៉ា។

ទោះជា​យ៉ាងណា ក្រុម​ប្រជា​ពលរដ្ឋ និង​បុគ្គលិក​សហជីព សមាគម និង​អង្គការ​សង្គមស៊ីវិល បាន​រំសាយ​ខ្លួន និង​ធ្វើ​ដំណើរ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា​នៅ​វេលា​ម៉ោងប្រហែល ១០​ព្រឹក បន្ទាប់​ពី​រដ្ឋ​សភា​បាន​បញ្ចប់​ការ​ប្រជុំ​របស់​ខ្លួន។

នៅ​ឯ​មុខ​វិមាន​រដ្ឋ​សភា ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​សកម្មភាព​នានា ដូចជា ច្រៀង​រាំ​ និង​បង្ហោះប៉េងប៉ោង ក្នុង​ន័យ​ជំទាស់​ទៅ​នឹង​ការ​ប៉ុន​ប៉ង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សមាគម-អង្គការ​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ។

ការ​ប្រមូល​ផ្ដុំ ត្រូវ​បាន​រំសាយ​ទៅ​វិញ​នៅ​វេលា​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់​ ក្រោយ​ពី​តំណាង​រាស្ត្រ ២​រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មក​ជួប​ក្រុម​ប្រជា​ពលរដ្ឋ៕