សេចក្តី​ថ្លែង​ការ​ណ៍​រួម: សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន និង​អ្នក​ឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

សេចក្តី​ថ្លែងការណ៍រួម

សមាគម អាដហុក អង្គការ លីកាដូ និងមជ្ឈមណ្ឌល​ អប់រំ​ច្បាប់ ​សម្រាប់​ សហគមន៍ សូម​អំពាវនាវ ​ឲ្យមាន ​ការ​ដោះលែង​សកម្មជន និងអ្នក​ឃ្លាំ មើល​ទាំង ១៧នាក់ ជាបន្ទាន់

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥

សមាគម​​ អាដ​ហុក ការពារ​​សិទិ្ធ​មនុស្ស​ និង​​អភិវឌ្ឍន៍ ​​នៅ​​កម្ពុជា អង្គការ ​សម្ព័ន្ធ​ខ្មែរ ​ជំរឿន និង​ការពារ សិទិ្ធ​មនុស្ស លីកាដូ និង​មជ្ឈមណ្ឌល ​អប់រំ​ច្បាប់ ​សម្រាប់​ សហគមន៍ មាន​ការ​ សោក​ស្តាយ ​យ៉ាង​ខ្លាំង និងសូម​អំពាវ​នាវ សូម​ឲ្យ មាន​ការ ​ដោះ​លែង អ្នក​តវ៉ា អ្នក​ឃ្លាំមើល​ ការ​រំលោភ ​សិទិ្ធ​មនុស្ស និង​អ្នក សារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នកទាំង​នោះ ត្រូវបាន​ឃាត់ខ្លួន ​អស់ជា​ច្រើន ​ម៉ោង នៅឯ​ស្នង​ការ ដ្ឋាន​នគរ​បាល ខេត្តកោះកុង ក្នុងអំឡុង ​ពេល​មាន ​ការ​ប្រមូល​ ផ្តុំគ្នា អំពាវ​នាវ ​សុំឲ្យមាន ​ដំណោះ​ស្រាយ ​មួយ​ទៅ លើ​ជម្លោះ ដីធ្លីរបស់​ សហគមន៍ ​ជីខ​ក្រោម។ ក្រុម​ប្រជា​ពល​រដ្ឋដែល​ប្រមូល​ផ្តុំ មានសមាជិក​ជា​យុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែលអ្នក​ទាំង​នោះក៏បាន​ចូលរួម​នៅក្នុង​ការត​វ៉ា​អហិង្សា​ជារៀងរាល់​ថ្ងៃផងដែរ ក្នុងការជំទាស់​នឹងការ​ចាប់ខ្លួន និងឃុំខ្លួន​សកម្មជន​ចំនួន​បីនាក់ ដែល​មក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។

កាល​ពីព្រឹក​មិញ ក្រុមយុវជន និងសកម្មជន​ដីធ្លី បានប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​ខេត្តកោះកុង ដើម្បីគាំ​ទ្រ​អ្នក​តំណាង​សហគមន៍​ជីខ​​ក្រោម​ចំនួន ៩នាក់ ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​ក្នុងនាម​ជាសាក្សី និង​ដើម​បណ្តឹង នៅក្នុង​តុលាការ​នាថ្ងៃ​នេះ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​មាន​រយៈពេល ៦ឆ្នាំ​មកហើយ ជាមួយ​នឹង​ក្រុមហ៊ុន​មួយ​ដែលមាន​ម្ចាស់ជា​ឧកញ៉ាឈ្មោះ ហេង ហ៊ុយ។ សហគមន៍ មានបំណងដាក់​ញត្តិនៅ​​​ពេល​ដែល​កំពុង​អំពាវ​នាវ​សុំឲ្យមាន​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះដីធ្លី​របស់​អ្នក​ទាំង​នោះ។

នៅម៉ោង​ប្រមាណ ១០ និង៣០នាទីព្រឹក នគរបាល បាន​នាំអ្នក​​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធមនុស្ស (រួមទាំង​បុគ្គល​ពេទ្យ​ពីអង្គការ​មិនមែន​រដ្ឋាភិបាល ១រូបផងដែរ) និង​អ្នក​សារព័ត៌មាន​ចំនួន ២នាក់ ចេញ​ពីការតវ៉ា​​ដែលនៅ​ក្បែរតុលាការ​ខេត្តកោះ​កុង ហើយ​បញ្ជូន​អ្នកទាំង​នោះទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត។ បន្ទាប់មក អាជ្ញាធរ​ជាច្រើន បាន​ចាប់​អ្នក​តវ៉ា និង​សកម្មជន​ចំនួន ៧នាក់ ហើយ​និង​បំបែក​ប្រជាពលរដ្ឋ​ដទៃ​ទៀតពីការ​ប្រមូល​ផ្តុំ។

កាលពី​ព្រឹកមិញ​នេះ ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ ត្រូវ​បាននគរ​បាល​ និង​ក្រុម​ប្រជាពលរដ្ឋ​មួយ​ក្រុមទៀត ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ក្នុងតំបន់​ដើម្បី​មក​តវ៉ា​ប្រឆាំង​តប រារាំង​ពីការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅតុលា​ការ។

ណាលី ពីឡូក នា​យិកា​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “សកម្មភាព​នេះ គឺច្បាស់​ណាស់​ជាការ​តប​តមក​វិញ​ចំពោះ​សកម្មភា​ពត​វ៉ា​អហិង្សា​រយៈ​ពេល​បី​សប្តាហ៍​កន្លង​មកនេះ ដែល​ត្រូវបាន​ធ្វើ​ឡើងដោយ​សកម្ម​ជន​មាតា​ធម្មជាតិ អ្នកគាំ​ទ្រសកម្ម​ជន និងសហគមន៍​ក្នុងតំបន់។” អ្នក​នាង​បាន​បន្តទៀត​ថា៖ “ការឃាត់​ខ្លួនអ្នក​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស អ្នកសារ​ព័ត៌មាន និង​បុគ្គលិក​ពេទ្យ ក៏ដូច​ជាអ្នក​តវ៉ា គឺជាវិធី​សាស្ត្រ​គួរ​ឲ្យព្រួយ​បារម្ភ​មួយ​ផ្សេងទៀត ដែលត្រូវ​បាន​ប្រើប្រាស់​ដោយ​អាជ្ញាធរ​រដ្ឋ ក្នុងការ​បំភិត​បំភ័យ និង​គាប​សង្កត់​លើក្រុម​ប្រជា​ពលរដ្ឋ​មូលដ្ឋាន ដែល​សម្តែង​ការមិន​ពេញ​ចិត្ត​ដោយ​អហិង្សា​របស់អ្នក​ទាំងនោះ ។”

អ្នកត​វ៉ា​ចំនួន ១០នាក់ រួមទាំង​បុគ្គលិក​អង្គការ​មាតាធម្មជាតិ​ម្នាក់ សកម្ម​ជនតំបន់​អារ៉ែង​ពីរនាក់ អ្នកសម្រប​ស​ម្រួល​សមាគម អាដហុក ខេត្តកោះ​កុងម្នាក់ អ្នកសារ​ព័ត៌​មាន​វិទ្យុខ្មែរ​បុស្តិ៍ម្នាក់ អ្នកសារ​ព័ត៌មាន​ធ្វើការងារ​ជាមួយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ម្នាក់ បុគ្គលិកអង្គការ​ លីកាដូ បួននាក់ (ក្នុងនោះមាន​វេជ្ជបណ្ឌិត​មក​ពី​អង្គការ លីកាដូ ម្នាក់) ត្រូវបាន​ឃាត់ខ្លួន។

សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទង៖

  • លោក មឿន តុលា ប្រធានកម្ម​វិធី​សិទិ្ធ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍,

ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១

  • លោក ធន់ សារាយ ប្រធាន​សមាគម អាដហុក, អ៊ីមែល៖ saraythun@gmail.com
  • លោក អំ សំអាត អ្នក​សម្រប​សម្រួល​បច្ចេកទេស​ស៊ើប​អង្កេត​នៃអង្គការ លីកាដូ,

ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០