សេចក្តីថ្លែង​ការណ៍ ស្តីអំពី ការប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុងឆ្នាំ២០១៣ ជាពិសេស អំពើ​ទារុណ​កម្ម​ធ្ងន់​ធ្ងរ​លើ​កម្មការីនី​ខ្មែរ​ដោយ​ថៅកែ​ជនជាតិ​ថៃ

សមាគម​ការពារ​សិទ្ធមនុស្ស​ និ​ង​​អភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់​ថាអាដហុក (ADHOC)​​ សូមជំរុញ​​រដ្ឋាភិបាល​កម្ពុជា និង មន្ត្រី​ស្ថានទូតខ្មែរ​ប្រចាំ​ប្រទេសថៃ បង្កើនការ​ចាប់អារម្មណ៍​ និង​យកចិត្ត​​ទុក​ដាក់​​ចំពោះពលរដ្ឋខ្មែរ​ដែលទៅបំរើការងារ​នៅប្រទេសថៃ​ បន្ថែមទៀត ។

នៅក្នុង​ឆ្នាំ​២០១៣​​កន្លងមកនេះ សមាគម​អាដហុក បានទទួល​ពាក្យបណ្តឹង និង​​អន្តរាគមន៍​ លើករណី​រំលោភសិទ្ធិពលករ​ខ្មែរនៅប្រទេសថៃ យ៉ាងហោច​ណាស់មាន​ប្រមាណ​​៧៥​ករណី​​ ដែលក្នុង​នោះ ពលករ​មួយចំនួន​ទទួលរងការ​ធ្វើទារុណកម្ម​ បង្អត់អាហារ ជាប់​ពន្ធនាគារ គំរាមកំហែង​​វាយធ្វើបាប​ មិនបើក​ប្រាក់ខែ​ ជួញដូរបន្ត រំលោភបំពាន​ផ្លូវភេទ និង មួយចំនួន​បាត់ដំណឹង​ដោយសារ​ក្រុមហ៊ុន​បិទទ្វារ​ ព្រមទាំងមាន​ការទទួលរងការ​បាញ់ប្រហារ​បណ្តាលឲ្យ​ស្លាប់[1]   ស្លាប់ក្នុងពេល​បំពេញ​ការងារ និង​ស្លាប់ក្នុង​បន្ទប់ស្នាក់​នៅជាដើម ។

ករណីជាក់​ស្តែងមួយ កើតឡើងនៅ​ក្នុងខែធ្នូ ឆ្នាំ​២០១៣ សមាគម​​​អាដហុក​​បានទទួល​ពាក្យបណ្តឹង និង​អន្តរាគមន៍​​លើ​ករណី​​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់ធ្ងន់ធ្ងរ​លើស្ត្រីខ្មែរ​ម្នាក់ឈ្មោះថ.​ធ. អាយុ​៣២​ឆ្នាំ​ រស់​នៅភូមិ​ផាស៊ីស្រា ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។​ ក្នុងករណីនេះ សាខាសមាគម​​អាដហុក​ប្រចាំខេត្ត​​បន្ទាយមានជ័យ​​​ បានទទួល​ពាក្យបណ្តឹង​ពីសាច់ញាតិ​នារីរងគ្រោះ​ និង​ជួយ​អន្តរាគមន៍​​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​​ដើម្បីសង្រ្គោះ​នារីរងគ្រោះ​ មកដល់​ផ្ទះវិញ។​ ​សមាគម​អាដហុក​​មានការ​សោក​ស្តាយ និង​​ព្រួយបារម្ភ​ជាខ្លាំង ជុំវិញករណី​បង្ខាំងមនុស្សដោយ​​ខុសច្បាប់​​ពីសំណាក់​ថៅកែកាស៊ីណូ ជន​ជាតិថៃ​ និង​បក្ខពួកបាន​ប្រព្រឹត្តអំពើ​​ទារុណកម្ម ថែមទាំងថត​បង្ហោះ​រូបភាព​អាសអាភាស​​របស់នារីខ្មែរ ​ជា​បុគ្គលិកបំរើការ​​​នៅ​កាស៊ីណូ​​របស់​ខ្លួន​ដែលមានទីតាំង​​នៅតំបន់​ ទីក្រុង​​បាងកក​​ប្រទេសថៃ កាលពី ថ្ងៃ២៨​ វិច្ឆិកា ឆ្នាំ​ ២០១៣ វេលាម៉ោង​​១២អធ្រាត​ រហូតដល់​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ ដែលទាំងនេះ​​​ជាទង្វើ​ខុសច្បាប់ និង​ជា​ការ​ប្រមាថមើលងាយ​ពីសំណាក់​ជនជាតិថៃ មកលើស្ត្រីខ្មែរ ។ ស្ថានភាព​​រំលោភសិទ្ធិ​ និង​ការប្រមាថ​​មើលងាយ​យ៉ាង​ធ្ងន់ធ្ងរ​ពីសំណាក់​ជនជាតិថៃ ត្រូវបាន​មន្ត្រីស្ថានទូតខ្មែរ​​ប្រចាំ​ប្រទេសថៃ​​ជួយសង្គ្រោះ​​ជនរងគ្រោះ​​ ចេញពី​កន្លែង​បនល្បែង​យ៉ាងលំបាក ដោយសារ​មានការយាម​​កាម​​តឹងតែង​ ប៉ុន្តែនៅ​ពេលមន្រ្តី​ទូតខ្មែរ មានភស្តុតាង​រូបថត​បង្ហាញ​​ដល់ប៉ូលីស ពីការ​​ធ្វើទារុណកម្ម​​​ហើម​មុខមាត់ និង​​រូបកាយ​​អាក្រាត​ ទើប​ប្រគល់​​ជនរងគ្រោះ​ឲ្យខាងទូតខ្មែរ ។ សមាគម​សូម​ថ្លែង​ការ​​កោតសរសើរ​ចំពោះការ​ខិតខំប្រឹងប្រែង​​របស់មន្ត្រី​​ ទូតខ្មែរ ​​ដែលបាន​ធ្វើសកម្មភាពនេះ ។ ប៉ុន្តែយើង​ក៍មាន​​ការ​ខកចិត្ត​​ចំពោះ​​វិធានការ​បន្ត​ករណីនេះ​​ទៅ​តុលាការ​ ព្រោះ​ថា ក្នុងករណីនេះ មន្ត្រីស្ថាន​ទូតខ្មែរ​គឺ​ជាសាក្សី​​ដ៏​សំខាន់​ ព្រោះបាន​ឃើញ​ផ្ទាល់​ពី​ស្ថានភាព​ស្ត្រី​រងគ្រោះយ៉ាងគួរ​ឲ្យអាណិត និងខ្លោចផ្សារ ទាំងរូបកាយ និង​​ស្មារតីនា​​ពេលនោះ ។ ហេតុនេះ មន្ត្រីស្ថាន​ទូតខ្មែរ​មានតួនាទីខ្ពស់​បំផុត ក្នុងការជួយ​ស្វែងរកយុត្តិធម៌​​ជូន​ជនរង​គ្រោះ តែផ្ទុយទៅវិញ ជាប្រការគួរឲ្យ​​សោកស្តាយ​ ដែលមន្ត្រីស្ថានទូតខ្មែរ​ខកខានពុំបានជួយ​​ជំរុញ ឲ្យ​មានការ​ផ្តន្ទាទោស​​ជនល្មើស​ទេ បែរជា​សុំឲ្យ​​ជនរងគ្រោះ​បញ្ចប់រឿង និងឈប់ធ្វើការប្តឹង​ផ្តល់​ទៅវិញ។

​ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ខាងលើនេះ​ និង​ផ្តល់យុត្តិធម៌​សម្រាប់​ពលករខ្មែរ​ ដែលបាន​ទៅបំរើ​​ការងារ​​នៅ​ប្រទេសថៃ  ជាពិសេសនារី​ជនរងគ្រោះ ថ.ធ. ក៍ដូចជាជន​រងគ្រោះដ៍ទៀត សមាគម​អាដហុក​ សូម​អំពាវនាវ​​ដល់​ រាជរដ្ឋាភិបាល​មេត្តាបង្កើនការ​ចាប់អារម្មណ៍ ព្រមទាំងជំរុញ​វិធានការផ្លូវច្បាប់​ជាបន្ទាន់​ ជាមួយនឹងតុលាការថៃ​ឬ​រាជរដ្ឋាភិបាល​ថៃ ដើម្បីធានាបាន​នូវការ​ការពារ​កិត្តិយស និង​​សេចក្តី​ថ្លៃថ្នូរ​​របស់ពលករ​ជនជាតិខ្មែរ​ទូទៅ ជាពិសេស​នារីរងគ្រោះ ថ.ធ  ដែលត្រូវ​បានថៅកែ​​ជនជាតិថៃវាយ​​ធ្វើ​ទារុណកម្ម​យ៉ាងឃោរឃៅ និង​អំពើអាសគ្រាម​​នៅលើទឹកថៃ ឲ្យបានទទួល​នូវយុត្តិធម៌ ​ ។ ​

          ភ្នំពេញ ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៤

ពត៌មាន​បន្ថែមសូម​ទំនាក់ទំនង៖

‑លោកស្រី ជួន ចំរុង ប្រធានកម្មវិធីស្ត្រី និងកុមារ នៃសមាគម​អាដហុក ទូរស័ព្ទលេខៈ ០១៧​ ៧៣​ ៨៣ ៨៧

‑លោកស្រី លឹម មុនី អនុប្រធាន​កម្មវិធីស្ត្រី និងកុមារ​នៃសមាគម​អាដហុក ទូរស័ព្ទលេខៈ០១២​ ៨៣ ៤៤ ៤៩