សេចក្តីថ្លែងការណ៍៖ គណៈកម្មការជាតិចុះបង្ក្រាបបទល្មើសព្រៃឈើនៅ ភូមិភាគឦសាន្ត

សមាគម ការពារ ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ​នៅកម្ពុជា សូម សំដែង ​ការ​គាំទ្រ ចំពោះការ ​ចាត់ វិធានការ ​ដ៏ក្តៅ​គគុក ​របស់ប្រមុខ ​រាជរដ្ឋាភិបាល ឈានដល់ ​ការ ​បង្កើត​ជា គណៈកម្មការ ​ជាតិ​ ដើម្បី​ទប់ ស្កាត់ និង បង្ក្រាប បទ​ល្មើស ​ព្រៃឈើ ដែល​មតិភាគ ​ច្រើន​ វាយ​តម្លៃ ​ថា ហាក់​ដូច​ជា យឺត​ពេល ទៅ​ហើយ។ ប៉ុន្តែយើង ​យល់ថា ទោះជា​ យឺតយ៉ាវ យ៉ាង​ណាក្តី ក៏គ្រាន់​បើ ជាង​មិនមាន ​ការទប់ ​ស្កាត់ចំពោះ​ បទល្មើស ​ព្រៃឈើ​ នេះ​ដែរ ។

ទំហំនៃ ​ការបាត់ បង់​ធនធាន ​ព្រៃឈើ មាន​ទំហំ​ ធំធេង ដែល បង្ក​ឡើង ​ដោយ ​ក្រុម ឈ្មួញ​ឈើ ដ៏មានឥទ្ធិពល ធំៗ ដោយមាន​ មន្រ្តីមាន ​អំណាច នៅ​ចាំកាង ​ការពារ ធ្វើបទ​ល្មើស ​ឧក្រិដ្ឋ​ព្រៃឈើ ​របស់ពួក ​គេប្រព្រឹត្ត ​ទៅបាន យ៉ាង​ស្រួល និង​ជោគជ័យ បើទោះ​បី មាន​សមត្ថកិច្ច ​រាប់ពាន់ ​នាក់នៅ​ ចាំការពារ ​ព្រៃឈើតាំង ​ពីភូមិ ឃុំ ស្រុក ខេត្ត រហូត​ដល់ច្រក​ព្រំដែន ចំងាយ​ផ្លូវរាប់​រយគីឡូ​ម៉ែត្រ ប្រើប្រាស់​សុទ្ធតែ​រថយន្ត​ធុនធ្ងន់ បំផ្លាញ​ទាំង​ផ្លូវជាតិ ជាពិសេស​បានស្គាល់​ទាំងអត្តសញ្ញាណ​ក្រុមឈ្មួញ​ទាំងអស់​នេះយ៉ាង​ណាក៏ដោយ មិនដែល​ត្រូវបាន​ផ្តន្ទាទោសឡើយ ផ្ទុយទៅវិញ​បើរាស្រ្ត​ទន់​ខ្សោយ​ប្រព្រឹត្ត​វិញ​នោះប្រាកដ​ជាមិន​រួចខ្លួន​ឡើយ ដូចជា​នៅខេត្តរតនៈគិរី តុលាការ​បានកាត់​ទោសឲ្យ​បុរសជនជាតិ​ទំពួនពីរនាក់​ឲ្យជាប់​គុក៥​ឆ្នាំ​រួចទៅ​ហើយកាល​ពីឆ្នាំ២០១៤។

នេះមិនមែន​លើកទី១ទេ នៅក្នុង​កិច្ចប្រជុំគណៈ​រដ្ឋមន្រ្តីនា​ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បានចេញ​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ថែមទៀត ឲ្យស្ថាប័ន​មានសមត្ថកិច្ច​ថ្នាក់ជាតិ និងថ្នាក់តំបន់ សហការគា្ន ដោយត្រូវ​ចុះធ្វើការ​ស្រាវជ្រាវ​នូវគ្រប់​ករណី ឈើដែល​បានរក​ឃើញ ដើម្បីស្វែងរក និងចាប់ខ្លួន​អ្នកប្រព្រឹត្ត និងមេខ្លោង និងអ្នកពាក់ព័ន្ធ យកមក ផ្តន្ទាទោសឲ្យបាន ដោយគ្មាន​ការលើក​លែង មិនថា​អ្នកនោះ​មានបុណ្យ​ស័ក្តិក​ម្រិតថ្នាក់​ណា ឬពាក់ព័ន្ធ​នឹងបណ្តាញ​ណាមួយទេ? ព្រោះការបង្រ្កាប អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ គឺជាការ​បង្រ្កាប​ក្រុមទុច្ចរិត ដែលអាច​ចាត់ទុកថា ជាអំពើក្បត់​ជាតិ មិនអាច​យោគយល់ និងដក​ថយបាន​ឡើយ ប៉ុន្តែបទ​ល្មើស​ព្រៃឈើ នៅតែ​បានកើន​ឡើងយ៉ាងគំហុក ជារៀង​រាល់ថ្ងៃ​តាមអត្ថបទ​កាសែត​បានបង្ហាញ​ពី ការកាប់​រានដីព្រៃ ការកាប់​រំលំ និងដឹកជញ្ជូន​ឈើប្រណិតៗ ឆ្លងដែន​ទៅប្រទេស​វៀតណាម មានអត្តសញ្ញាណ​បានបង្ហាញភាគ​ច្រើនជា​ឧកញ៉ា និងក្រុមហ៊ុនវិនិយោគ​បរទេស​ដែលទទួល​បានដី​សម្បទាន​សេដ្ឋកិច្ច ត្រូវបាន​ចោទថា​បានលួច​កាប់ឈើប្រណិត​ពីតំបន់​ព្រៃឈើក្រៅ​សម្បទាន​របស់ខ្លួន បន្លំថាជា​ឈើស្រប​ច្បាប់ ។

ប៉ុន្មាន​ថ្ងៃនេះ គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់ និងបង្រ្កាប​បទល្មើស​ព្រៃឈើ បានរក​ឃើញរាប់​ពាន់ ម៉ែត្រគូប នៅក្នុង​ខេត្តត្បូង​ឃ្មុំ ខេត្តក្រចេះ និងខេត្ត​ស្ទឹងត្រែង ដែលបង្ហាញ​ថាពិត​ជាមានការ​កាប់រំលំ ដឹកជញ្ជូនឈើពិតមែន ប៉ុន្តែមិន​ទាន់មាន​ការឃាត់​ខ្លួនជន​ណាម្នាក់​នៅឡើយទេ ហើយសកម្មភាព​កំពុងបន្ត​ទៅខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី។

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា សូមសំដែង​នូវការ​ព្រួយបារម្មណ៍​ចំពោះការ​ចាត់វិធានការ​នេះ បើយោងតាមច្បាប់​ព្រៃឈើមាត្រា ៨៥ មាត្រា៩៤ មាត្រា៩៧ មាត្រា១០០​និងមាត្រា១០១ បើជនណា ឬមន្រ្តីរូបណា​ដែលពាក់ព័ន្ធ ឬបណ្តែត​បណ្តាយ​ចំពោះបទល្មើស​ព្រៃឈើ គឺត្រូវទទួល​ទោសតាម​ច្បាប់ មិនថាជារាស្រ្ត ជាមន្រ្តី ឬជាឧកញ៉ាឡើយ។ យើងសង្កេត​ឃើញ កន្លងមក​មានការ​ផ្តន្ទាទោស​តែលើរាស្រ្ត​ទន់ខ្សោយ ចំណែក​ក្រុមឈ្មួញ​មានងារ​ជាឧកញ៉ា ឬជាមន្រ្តី​អំណាច កម្រទទួល​ការផ្តន្ទាទោស​ណាស់ ស្ថានភាព​បែបនេះកំពុង​បង្ហាញ​ថានៅ​កម្ពុជា មានច្បាប់​តែមួយ តែការអនុវត្ត​ជាក់ស្តែង​មានស្តង់​ដារពីរ។

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សូមទាមទារ​យ៉ាងទទូច ឲ្យមានភាព​ស្មើគ្នា​ចំពោះ ​មុខច្បាប់ ដោយ​ត្រូវតែមាន​ការផ្តន្ទាទោស ដើម្បីលុបបំបាត់​ចោលនូវ​រូបភាពច្បាប់​តែមួយការ​អនុវត្តជាក់​ស្តែងមានស្តង់​ដារពីរ។ យើងក៏សូម​ឲ្យមានការ​លុបចោល​នូវអាជ្ញាប័ណ្ណ​ទាំងឡាយ​ណាដែល ក្រុមហ៊ុនសម្បទាន​សេដ្ឋកិច្ចធ្វើ​សកម្មភាព​រំលោភច្បាប់​ព្រៃឈើ និងសូមឲ្យ​មានការ​ទប់ស្កាត់ និងបង្រ្កាបបទល្មើស​ព្រៃឈើដូច​ភ្លៀង​រលឹម ដើម្បីរក្សា​ធនធាន​ព្រៃឈើ​ដែលនៅ​សេសសល់​តិចតួច សម្រាប់​ជាប្រយោជន៍​ដល់កូន​ចៅជំនាន់​ក្រោយទៀត។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក ឡាត់ គី ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី ០១២ ៨២៨ ៤១១ និង ០៨៨ ៥៦៧ ៣៣៣៣

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធី សិទ្ធិមនុស្ស និងដីធ្លី ០១៦/០៦៦/០៧៧ ៧៨៥ ៣៨៨