សេចក្តីថ្លែងការណ៍
អំពីការព្រួយបារម្ភ ជុំវិញបញ្ហាបណ្តឹងសារទុក្ខរបស់លោក ស សុង ជាអ្នកតំណាង ប្រជាពលរដ្ឋភូមិឡពាង ដែលមាន ទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ខេស៊ីឌី ដែលតុលាការកំពូល ត្រូវលើមកជំនំជំរះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១១
សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា(អាដហុក) សូមសម្តែងការព្រួយបារម្ភជុំវិញបញ្ហា បណ្តឹងសារទុក្ខ របស់ជនត្រូវចោទឈ្មោះ ស សុង ដែលនិងត្រូវបានតុលាការកំពូលលើកយកមកជំនំជំរះនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១១ ខាងមុខនេះ ។ ដោយហេតុថា ការជំនំជំរះ របស់សាលាដំបូង ខេត្តកំពង់ឆ្នាំង និងសាលាឧទ្ធរណ៍កន្លងមក មិនបានពិចារណាដល់ការកសាង សំណុំរឿង ដែលមិន ប្រក្រតី របស់សមត្ថកិច្ចមូលដ្ឋាន មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទបទឧក្រិដ្ឋ ជាងនេះយក សាក្សីដាក់ បន្ទុក ភាគច្រើន មិនស្ថិតក្នុងហេតុការណ៍ផ្ទាល់ ។ រីឯសាលាឧទ្ធរណ៍វិញ បានជំនុំជំរះសេចក្តីពីបទឧក្រិដ្ឋនេះដែរ តែមិនមានវត្តមាន ជនត្រូវចោទ និងសាក្សី ក្នុងពេលសវនាការ ដែលនាំឲ្យជនជាប់ចោទបាត់បង់សិទិ្ធការពារខ្លួន នៅក្នុងសវនាការ ជាហេតុធ្វើឲ្យការសម្រេច មានភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទ ។
សូមបញ្ជាក់ថា ករណីលោកស សុង អាយុ៥០ឆ្នាំជាកសិកររស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះឈិត ខន និងមានកូន៤នាក់ លោកជាតំណាងឲ្យក្រុមអ្នកភូមិឡពាង ដែលមានទំនាស់ដីធ្លី ជាមួយលោកថៃ ហ៊ី តំណាងឲ្យក្រុមហ៊ុនខេស៊ីឌី អ៊ិនធើណាសិនណាល់ ។ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ លោក ស សុង បានធ្វើសកម្មភាព ការពារដីធ្លីរបស់គាត់ នៅពេលដែលឈ្មោះ សុះ វ៉ាន់នី បានទៅភ្ជួរលើដីរបស់គាត់ ដែលនាំឲ្យមានការប្រើអំពើហឹង្សាដាក់គ្នា ទៅវិញទៅមក បណ្តាលឲ្យ កើតមានរបួសស្នាមរៀងៗខ្លួន ។ ករណីនេះមានការប្តឹងទៅសមត្ថកិច្ចមូលដ្ឋាននៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០០៧ ប៉ូលិសមូលដ្ឋានបានកសាងសំណុំរឿងពីបទប៉ុនប៉ងមនុស្សឃាដបញ្ជូនទៅតុលាការ ហើយតុលាការបាន សម្រេចចាប់និងឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង នៅអស់រយៈពេលជាង៤ឆ្នាំមកហើយ ចាប់គិតពីដីកាសមេ្រច ឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៧ ។
សមាគម អាដហុកបាន កត់សម្គាល់ លើចំណាត់ការនានា របស់សមត្ថកិច្ចមូលដ្ឋានដែលជាអ្នកបានកសាងសំណុំរឿងដំបូង មិនបានគោរពគោលការណ៍ឯករាជ្យ មានចេតនាដាក់បន្ទុកលើលោកស សុង ដែលជាម្ចាស់កម្មសិទិ្ធលើដីធ្លីទៅវិញ ។ ជាមួយនេះដែរដំណើរការស៊ើបអង្កេត និងការជំនុំជំរះសេចក្តីរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ក៏មិនមានភស្តុតាង គ្រប់គ្រាន់ដើម្បីចោទប្រកាន់ក្នុងបទឧក្រិដ្ឋ បានសម្រេចធ្វើឲ្យការកាត់សេចក្តីមិនបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ចំពោះការជំនុំជំរះទោសរបស់សាលាឧទ្ធរណ៍វិញ គឺបានធ្វើឡើងក៏ពុំមានអ្វីខុសប្លែកពីការពីសាលាដំបូងខេត្តកំពង់ឆ្នាំងដែរ គឺមានការរំលោភសិទិ្ធបុគ្គលក្នុងកិច្ចការពារខ្លួនស្របច្បាប់ របស់ជនត្រូវចោទចំពោះមុខអង្គសវនាការ ដោយធ្វើសេចក្តី សម្រេចកំបាំងមុខចុងចោទក្នុងសំណុំរឿងបទឧក្រិដ្ឋ នៅពេលដែលជនត្រូវចោទស្ថិតក្នុងការឃុំគ្រងរបស់តុលាការ ដែលសកម្មភាពនេះផ្ទុយពីគោលការណ៍ច្បាប់ ។ បញ្ហាទាំងអស់នេះដែលជាហេតុនាំឲ្យរាំងស្ទះដំណើរការអនុវត្តនិតិរដ្ឋនៅកម្ពុជា ហើយក៏ជាការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ ក្នុងការបំពេញកាតព្វកិច្ច ដើម្បីលើកស្ទួយការពារសិទិ្ធមនុស្ស និងមានការអនុវត្តន៍ច្បាប់ត្រឹមត្រូវ ។
ក្តីបារម្ភរបស់សមាគម អាដហុក ក៏ដូចគ្រួសារសាច់ញាតិជនត្រូវចោទដែរ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១១ នេះ តុលាការកំពូលនៃប្រទេសកម្ពុជា និងបើកសវនការលើបណ្តឹងសារទុក្ខរបស់ជនត្រូវចោទ ឈ្មោះស សុង ។ ដើម្បីធានាបាននៅការជំនំជំរះក្តី ប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌ អាចទទួលយកបាននោះ សមាគម អាដហុក សូមអំពាវនាវដោយទទូច៖
-សូមតុលាការកំពូលលើកយកនិតិវិធី កសាងសំណុំរឿនៃបទឧក្រិដ្ឋ ដែលសមត្ថកិច្ច មូលដ្ឋានបាន ធ្វើ មកពិចារណានិងសួរដេញដោល សារជាថ្មី ។
-សូមតុលាការកំពូលមេត្តាលើកយកសេចក្តីសន្និដ្ឋានការពារក្តីរបស់មេធាវីចុងចោទនៅសាលាដំបូង និងសាលាឧទ្ធរណ៍ដែលតុលាការនេះ មិនព្រមលើកយកមកពិចារណា និងសូមយកមកធ្វើការ ពិចារណាសារជាថ្មីវិញ។
-សូមតុលាការកំពូលមេត្តាកោះហៅដើមចោទ និងសាក្សីនានាដែលពាក់ព័ន្ធចូលខ្លួនមកឆ្លើយបំភ្លឺឡើងវិញ និងជាពិសេសសូមធ្វើកោសលវិច្ច័យដែលជាកំណត់បង្ហាញរបស់ពេទ្យ ដែលជាអ្នកបានព្យាបាលស្នាមរបួសរបស់ដើមចោទ ។
ភ្នំពេញ,ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១១
ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរស័ព្ទ
-លោកនី ចរិយា ប្រធានផ្នែកអង្កេតសមាគម អាដហុក ០១១ ២៧៤៩៥៩
-លោកចាន់ សុវ៉េត អនុប្រធានអង្កេតសិទិ្ធមនុស្ស សមាគម អាដហុក ០១៦ ៩៣៧ ៥៩១