សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញចាប់មនុស្សដោយរំលោភច្បាប់

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះការចាប់ ប្រជាពលរដ្ឋ ដែលគ្មានកំហុស ដោយអាជ្ញាធរក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។        គួរបញ្ជាក់ផងដែរថា  នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ម៉ោងប្រហែលជា ៩ព្រឹក  អាជ្ញាធរខ័ណដូនពេញ បានប្រើកម្លាំងក្រៅក្របខ័ណ្ឌ ធ្វើការចាប់ខ្លួន យុវជនម្នាក់ ឈ្មោះភក្តី អាយុប្រហែល ៣៥ឆ្នាំ នៅខាងកើតផ្សារធំថ្មី ខណៈពេលដែល យុវជនរូបនេះ ជិះម៉ូតូ តាមមើល ក្រុមយុវជនខ្មែរមហានគរ ដែលមានគ្នាចំនួន ០៩នាក់ធ្វើការ ប្រលែងសត្វសុំសុខសន្តិភាព នៅថ្ងៃទិវាយុត្តិធម៌សង្គមពិភពលោក នៅទីលានប្រជាធិបតេយ្យ។ ក៏ប៉ន្តែត្រូវបានកងសន្តិសុខខ័ណ្ឌ ដូនពេញធ្វើការបង្រ្កាប ដោយប្រើប្រាស់កម្លាំង ក្រៅក្របខណ្ឌរដ្ឋ។ គួររំលឹកផងដែរថា ក្រោយពីការបង្ក្រាបដោយហឹង្សា ទៅលើ ក្រុមជនស៊ីវិល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ បណ្ដាលអោយ មនុស្ស ១នាក់ស្លាប់ ការបង្ក្រាបទៅលើ ក្រុមកម្មករ កម្មការនី រោងចក្រ នៅមុខវត្តស្ទឹងមានជ៏យ បណ្ដាលអោយ ស្រ្តីម្នាក់ស្លាប់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ និង ការបាញ់ បង្ក្រាប យ៉ាងសាហាវ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ដែលបណ្ដាល អោយកម្មករ ចំនួន៥នាក់ស្លាប់​ និងរងរបួស ជាច្រើន នាក់ នាពេលកន្លងមក។ បើទោះបីជា ការបង្រ្កាប យ៉ាងធ្ងន់ធ្ងរ ដោយកងកម្លាំងប្រដាប់អាវុធ របស់រដ្ឋាភិបាល នាពេលកន្លងមក មានករិះគន់ និងថ្កោលទោស ចំពោះទង្វើរបស់ អាជ្ញាធរ ក្រុងភ្នំពេញ ក៍ដូចជា កងកម្លាំង យោធារបស់ រដ្ឋាភិបាល ក៏ដោយ ក៏មកដល់ពេលនេះ រដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមមាន តុលាការ មិនបានធ្វើការស៊ើបអង្កេត រកជនប្រព្រឹត្តនោះទេ តែផ្ទុយទៅវិញ បានធ្វើការ ចាប់និង ឃុំខ្លួនជនរងគ្រោះ ជាច្រើននាក់ ដោយខុសច្បាប់ទៅវិញ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ អាជ្ញាធរក្រុងភ្នំពេញបានចាប់ ខ្លួន បុរសម្នាក់ កាលពីម៉ោង ៩ព្រឹក និងបានដោះលែងអោយមានសេរីភាពវិញនៅនៅម៉ោងប្រហែល ១២ថ្ងៃត្រង់ តែទោះជាយ៉ាងណាក៏ដោយ ក៏ការ មិនបានចាត់វិធានការណ៍ផ្លូវច្បាប់ទៅលើ អាជ្ញាធរដែលបាន រំលោភច្បាប់ នេះ វាជាការបង្ហាញអោយឃើញថា រដ្ឋាភិបាលកម្ពុជា ខកខានមិនបានយកចិត្តទុកដាក់ ក្នុងការគោរពសិទ្ធសេរីភាពបញ្ចេញមតិ និង សិទ្ធមនុស្សនោះទេ ផ្ទុយទៅវិញ ជាការលើកទឹកចិត្តដល់ អាជ្ញធរណាដែលបាន ប្រព្រឹត្តរំលោភ សិទ្ធិមនុស្ស និងច្បាប់។

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ អោយមានការដោះលែង កម្មករ និង តំណាង កម្មករ ទាំងអស់ ដែលបានចាប់ និងឃុំខ្លួន អោយមានសេរីភាព ហើយរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ដល់ សមត្ថកិច្ចណា ដែលបានប្រព្រឹត្ត ខុសច្បាប់ ដើម្បីផ្ដន្ទាទោស តាមច្បាប់ អោយខានតែបាន និងត្រូវតែ បើកសិទ្ធិសេរីភាព អោយប្រជាពលរដ្ឋ ក្នុងចូលរួម សម្ដែងមតិបានពេញលេញតាមរដ្ឋធម្មនុញ្ញ និង ច្បាប់អន្តរជាតិ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩