សេចក្ដីថ្លែងការណ៍ ស្តីពី អ្នកការពារសិទិ្ធមនុស្ស នៅកម្ពុជា ជាមុខសញ្ញាគ្រោះថ្នាក់

សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ នៅកម្ពុជា ហៅកាត់ថា​ អាដហុក ​(ADHOC) មានការព្រួយបារម្ភ ជាខ្លាំង ទៅលើស្ថានភាព អ្នកការពារសិទិ្ធមនុស្ស នៅកម្ពុជា ដែលកំពុងទទួលរង ការសម្លុត គំរាមកំហែង បំភិតបំភ័យ និង មានការប្តឹងចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ទៅ ស្ថាប័នតុលាការ ដែលប្រព្រឹត្តឡើង ដោយមន្រ្តី មានសមត្ថកិច្ច មូលដ្ឋាន ដែលជា អំពើ គំរាមកំហែង បំភិតបំភ័យ ទៅលើសកម្មភាព អ្នកការពារសិទិ្ធមនុស្ស នៅកម្ពុជា។ ភាពគ្រោះថ្នាក់ របស់ អ្នកការពារសិទិ្ធមនុស្ស គឺដោយសារ ការចូលរួមចំណែក ការពារសិទិ្ធ សេរីភាព របស់មនុស្ស ដែលទទួលរង ការរំលោភបំពាន ពីអ្នកមានអំណាច និង ក្រុមហ៊ុន ទៅលើ អ្នកទន់ខ្សោយ ដោយមិនបាន អនុវត្តន៍ ត្រឹមត្រូវតាម នីតិវិធីច្បាប់ ។ សមាគមអាដហុក ចាត់ទុកអំពើ ទាំងអស់នេះ ជាករណីរំលោភ បំពាន យ៉ាងធ្ងន់ធ្ងរ ក្នុងចំណោម ករណី រំលោភសិទិ្ធមនុស្ស ដទៃទៀតក្នុង ប្រទេស កម្ពុជា។

IMG_0095សូមរំលឹកថា កាលពី ឆ្នាំ២០១២ មានការរកឃើញ អ្នកការពារសិទិ្ធមនុស្ស ចំនួន ២៣៨នាក់ ទទួលរង នូវការសម្លុត គំរាមកំហែង បំភិតបំភ័យ តាមរយៈ នៃការដាក់ពាក្យបណ្តឹង ទៅសា្ថប័នតុលាការ ពីអ្នកមានអំណាច និង ខ្លះទៀត ទទួលរង ការចាប់ខ្លួន ដាក់ពន្ធនាគារ ដោយមិនបាន ស៊ើបអង្កេត ត្រឹមត្រូវ។ ជាក់ស្តែង គិត ត្រឹម ៣ខែដើម ឆ្នាំ២០១៣ នេះ មានករណី គំរាមកំហែង បំភិតបំភ័យ និង ការប្តឹង ចោទប្រកាន់​ អ្នកការពារសិទ្ធិមនុស្ស មានចំនួន ៤៨នាក់ ក្នុងនោះមានការ ចាប់ឃាត់ខ្លួន អស់ជាច្រើនម៉ោង អ្នកការពារបរិដ្ឋាន (ព្រៃឈើ) ចំនួន៤៦នាក់ និង ដាក់ពាក្យប្តឹង មន្រ្តីសិទិ្ធមនុស្ស សមាគមអាដហុក ចំនួន ២នាក់ ទៅស្ថាប័នជាប់ពាក់ព័ន្ធ ។ បណ្តឹងទាំងអស់នោះគឺ ធ្វើឡើង ដោយមន្រ្តី សមត្ថកិច្ចមូលដ្ឋាន ដែលជា ការអនុវត្តន៍ រំលោភ ទៅលើច្បាប់ អន្តរជាតិ មាត្រា២ នៃសេចក្ដី ប្រកាស របស់សហប្រជាជាតិ ស្ដីពី អ្នកការពារសិទ្ធិមនុស្ស ដែលតម្រូវឲ្យរដ្ឋ ធានាខាងផ្លូវច្បាប់ ដល់ពួកគេ ក្នុងការធ្វើ សកម្មភាព ការពារ និង លើកស្ទួយសិទ្ធិមនុស្ស។ ជាមួយគ្នានេះផងដែរ ការគំរាមកំហែង ដល់សកម្មជន និង អ្នកការពារសិទ្ធិមនុស្ស ជាអំពើផ្ទុយ នឹងផ្នែកទី៣ មាត្រា២៣១ ដល់ ២៣៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ស្របពេល ដែលការគំរាម ដល់ អ្នកការពារសិទ្ធិមនុស្ស កើតឡើង គួរឲ្យព្រួយបារម្ភនោះ មានសកម្មជនសិទ្ធិមនុស្ស ជាច្រើន នាក់ផ្សេងទៀត ក៏កំពុង ប្រឈមទៅនឹង ការគំរាមកំហែង តាមរយៈនៃការ ប្រើប្រាស់ តុលាការ ខេត្ត-រាជធានី ដើម្បីចោទប្រកាន់ ពួកគេ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​អ្នកដទៃ ពី បទប្រើហិង្សា លើអ្នកកាន់កាប់ អចលនវត្ថុ ដោយសុចរិត ឬពីបទញុះញង់ និងផ្សព្វ​ផ្សាយព័ត៌មាន មិនពិតជាដើម ។ល។ សកម្មភាពរបស់​ស្ថាប័នរដ្ឋ ខាងលើនេះ សបញ្ជាក់ឲ្យឃើញ ពីភាពផ្ទុយគ្នា ទាំងស្រុង ចំពោះការយកចិត្តទុកដាក់ ទៅលើពាក្យបណ្តឹង របស់ជនរងគ្រោះ និង ប្រជាសហគមន៍ ពេលដែលពួក គាត់ បានដាក់ ឬបានផ្តល់ព័ត៌មាន អំពីការរំលោភដីធ្លី ឬការបំផ្លាញ ធនធានធម្មជាតិ ទៅភ្នាក់ងារ សមត្ថកិច្ចមូលដ្ឋាន តែភ្នាក់ងារ រដ្ឋទាំងនោះ ហាក់បីដូចជាបានយកចិត្តទុកដាក់ ​ក្នុងការចាត់វិធានការ តិចតួច ណាស់ ទៅលើក្រុមជនប្រព្រឹត្ត ដែលជាឈ្មួញ មានអំណាចទាំងអស់នោះ តែប៉ុណ្ណោះ។  ត្រង់នេះបង្ហាញ ឲ្យឃើញពីភាព លំអៀង របស់ ស្ថាប័នមានសមត្ថកិច្ច មួយចំនួន ដែលមានទៅលើក្រុមហ៊ុន អ្នកមានអំណាច ក្នុងករណី ជាច្រើន។

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមស្នើដោយទទូច ដល់រាជរដ្ឋាភិបាលកម្ពុជា សូមគោរពឲ្យបានម៉ឺងម៉ាត់ អំពី កិច្ចសហការ ដើម្បី ការពារ និង លើកស្ទួយ សិទិ្ធមនុស្ស និង សូមបញ្ឈប់ ការគំរាមកំហែង បំភិតបំភ័យ ទៅលើអ្នកការពារ សិទិ្ធមនុស្ស នៅតាមតំបន់ នានាក្នុង ប្រទេសកម្ពុជា និង សូមមេត្តា ធ្វើយ៉ាងណា អនុវត្តឲ្យបាន នូវយន្តការជាតិ និងអន្តរជាតិ ដែល មានកិច្ចការពារ ដល់អ្នកការពារ សិទ្ធិមនុស្ស ឲ្យបានម៉ឹងម៉ាត់ និងដើម្បីជំរុញ លើកកំពស់ សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។

ភ្នំពេញ, ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣

ទំនាក់ទំនងព័ត៌មានបន្ថែម

១. លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស និងមេធាវី ០១១ ២៧ ៤៩ ៥៩

២.លោក ឡាត់ គី ប្រធានផ្នែកស៊ើបអង្កេត ដីធ្លី និងធនធានធម្មជាតិ ០១២ ៨២ ៨៤ ១១

៣. លោក Nicolas ជំនួយការបច្ចេកទេសសមាគមអាដហុកផ្នែកអង្កេតដីធ្លី ០៧៨ ៤០៥ ០២៤

៤. លោក Neil Loughlin ជំនួយការបច្ចេកទេសសមាគមអាដហុកផ្នែកអង្កេតសិទ្ធិមនុស្ស ០៩២ ៦៤៨​ ​៣១​៨

 

 

 

New layer…