សេចក្ដីថ្លែងការណ៍ មន្ទីរពេទ្យបង្អែកខេត្ត ខេត្តមណ្ឌលគីរី មិនយកចិត្តទុកដាក់ ព្យាបាល ជនរងគ្រោះ ដោយសារការបាញ់ ពីកងកម្លាំងការេពារក្រុមហ៊ុន

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះ ការមិនយកចិត្តទុកដាក់ព្យាបាល ជនរងគ្រោះ ឈ្មោះ ឈ្មោះ ទីក ងៀម ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅភូមិប៊ូស្រា  សង្កាត់ប៊ូស្រា ឃុំពេជ្រាដា ខេត្តមណ្ឌលគិរី ដែលត្រូវបាន ក្រុមការពារ ក្រុមហ៊ុន​LKL បាញ់ អោយរងរបួស ជាទម្ងន់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ ពីសំណាក់ មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគីរី។

កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាល្ងាច ជនរងគ្រោះ ដោយសារការបាញ់ ពីសំណាក់សន្តិសុខ ការពារឲ្យ ក្រុមហ៊ុន LKL  ត្រូវបានបញ្ជូន ពីមណ្ឌលសុខភាពប៊ូស្រា មកមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ទាំងយប់ ដើម្បីព្យាបាល និងធ្វើការវះកាត់ យកអំបែងគ្រាប់  ដែលបៀមនៅក្នុងខ្លួន ប៉ុន្តែមកដល់ភ្លាម ម៉ោងប្រហែល ៨ យប់ មិនទាន់មានឃើញបុគ្គលិកណា មកជួយមើលជំងឺ ឲ្យបានដិតដល់ នោះទេ។ បន្ទាប់មកនៅម៉ោង ១០ យប់ ទើបឃើញមាន ពេទ្យមកដាក់សេរ៉ូមចំនួន ១ ផ្លោក និងផ្តល់ថ្នាំសំរាប់ព្យាបាលជំងឺ បន្ទាប់មកក៏បានយកអេកូមកឆ្លុះមើលមុខរបួស ឃើញមានអំបែងចំនួន ៧ ដុំ ប៉ុន្តែមិនបានធ្វើការវះកាត់ភ្លាមៗទេ ព្រោះការវះកាត់ត្រូវការពេទ្យ ២ នាក់។ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ២០១៤ គ្រូពេទ្យថែរក្សាអ្នកជំងឺនៅទីនោះប្រាប់ថា គាត់នឹងធ្វើការវះកាត់ជូនជនរងគ្រោះ ស្រាប់តែដល់ពេលយប់ ក៏ពុំឃើញគ្រូពេទ្យណាម្នាក់មកធ្វើការវះកាត់ ឬពិនិត្យនិងមើលជំងឺឡើយ ទុកឲ្យជនរងគ្រោះនៅដេកឈឺនៅលើគ្រែ និង ម្តាយជាអ្នកថែរទាំ។ បន្ទាប់ជនរងគ្រោះព្យាយាមសួរនាំពីរឿងវះកាត់ទៅគ្រូពេទ្យជារៀងរាល់ពេល តែខាងពេទ្យថា ចាំថ្ងៃស្អែក ស្អែកឡើងមិនឃើញសោះ ២ (ពីរ) ៣(បី) ថ្ងៃមកហើយ សូម្បីតែមកមើលជំងឺក៏គ្មានអ្នកមកមើលដែរ គឺនៅពេទ្យនោះចេះតែផឹកថ្នាំទៅ រហូតដល់ ល្ងាចថ្ងៃទី០៩ ខែកញ្ញា ២០១៤ នេះជនរងគ្រោះ មានអាការៈឈឺខ្លាំងនៅមុខរបួសរហូតដល់ក្បាលខាងស្តាំមួយចំហៀង ពុំឃើញមានអ្នកមកមើលដែរ ហើយមន្ទីរពេទ្យបានបង្ខំ អោយជនរងគ្រោះចេញពីមន្ទីរពេទ្យ នៅល្ងាច ថ្ងៃទី៩ ខែកញ្ញា ២០១៤ វេលាម៉ោង៥ ល្ងាច ដោយសារតែ ជនរងគ្រោះ ព្យាយាម សួរនាំពីការព្យាបាល ជម្ងឺរបស់គាត់។

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវយ៉ាងទទូច ដល់ សមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវមានវិធានការ ផ្លូវច្បាប់ ទៅលើមន្រ្តីពេទ្យ និង សមត្ថកិច្ចដែលបាន បាញ់ជនរងគ្រោះ អោយមានរបួស។

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩