នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៦ វេលាម៉ោង១០ព្រឹក ក្នុងភូមិ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ស្ត្រីម្នាក់ឈ្មោះ ហាវ ឡា អាយុ៣២ឆ្នាំ ជាកម្មការិនីធ្វើការនៅប្រទេសថៃ ត្រូវបានប្តីឈ្មោះ សៅ ឡឹម អាយុ ៣១ឆ្នាំ សម្លាប់ដោយសាតែការប្រច័ណ្ឌ ។ ក្រោយពេលសម្លាប់រួច ប្តីរូបនោះបានយកអាវដៃវែង២តភ្ជាប់គ្នា មកចងកសពប្រពន្ធព្យួរទៅនឹងធ្នឹមផ្ទះ ក្នុងគោលបំណងដើម្បី បង្វែង ឃាតកម្ម ទៅជាទៅ ជាករណីសម្លាប់ខ្លួនឯងដោយការចងក ។ បន្ទាប់ពីសម្លាប់ និងរៀបចំប្រឌិតស្ថានភាពរួច ជនប្រព្រឹត្តធ្វើជារត់ផង យំផង ទៅហៅអ្នកជិតខាងឲ្យមកជួយប្រពន្ធ ។
ឈ្មោះ អ៊ីវ កន អាយុ៥៥ឆ្នាំ ត្រូវជាពូរបស់សព ដែលជាអ្នកចូលទៅជួយ កាត់ខ្សែចងកដោយផ្ទាល់ បាននិយាយថា ពេលចូលទៅជួយស្រាប់តែឃើញនៅលើខ្លួនសពមានស្លាកស្នាម ដូចជាជាំមុខ ដៃជើង និងបែកច្រមុះ ដោយមានការសង្ស័យ ក៍សួរទៅជនប្រព្រឹត្ត តែត្រូវបានជនប្រព្រឹត្តឆ្លើយថា ខ្លួនមិនបានដឹងរឿងអីទេ ព្រោះកំពុងតែដេកលក់ ពេលភ្ញាក់ឡើងស្រាប់តែឃើញប្រពន្ធស្លាប់បាត់ហើយ ដោយមិនអស់ចិត្ត ក៍បានរាយការណ៍ទៅសមត្ថកិច្ច ។
ដោយមានការដឹងនាំស៊ើបអង្កេត ពីលោក នួន សាន ព្រះរាជអាជ្ញា ឃើញមានចំណុចគួឲ្យសង្ស័យ ក៍បានឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ ជនសង្ស័យក៏បានសារភាពថាខ្លួនបានវាយប្រពន្ធចំមុខ៦ដៃ ដោយសារតែប្រពន្ធនិយាយទូរស្ទ័ពជាមួយប្រុសច្រើនដង ហើយហាមមិនស្តាប់ ទើបឈានដល់ច្របាច់កសម្លាប់តែម្តង ដោយភ័យខ្លាចមានទោសធ្ងន់ ក៏ព្យាយាមធ្វើជាយកខ្សែមកចងកប្រពន្ធដើម្បីរួចពីទោស ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅពន្ធនាគារខេត្ត សមាគមអាដហុក នឹងបន្តតាមដានចំណាត់ការរបស់សមត្ថកិច្ចជាបន្តទៅទៀត។