ក្រុមអង្គការសង្គមស៊ីវិល បានជំទាស់ទៅនឹងការជ្រើសរើសមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធ្វើជាតំណាងរបស់ពួកគេសម្រាប់កិច្ចប្រជុំថ្នាក់តំបន់មួយជាមួយមេដឹកនាំអាស៊ាននៅឯទីក្រុងគួឡាឡុំពួ នាសប្ដាហ៍ខាងមុខនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅទីក្រុងគួឡាឡុំពួ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ក្រុមមេដឹកនាំសង្គមស៊ីវិលធំមកពីប្រទេសកម្ពុជា បានថ្លែងថា ពួកគេបានសម្រេចជ្រើសរើសលោកស្រី ធីតា ឃឹះ នាយកប្រតិបត្តិអង្គការសីលការ ធ្វើជាតំណាងសង្គមស៊ីវិលកម្ពុជា សម្រាប់ចូលរួមប្រជុំជាមួយមេដឹកនាំកំពូលៗមកពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាបែរជាតែងតាំងលោក ដួង វិរ័ត្ន ប្រធាននាយកដ្ឋានសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាបាល និងសិទ្ធិមនុស្សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើជាតំណាងសង្គមស៊ីវិលទៅវិញ។
ក្រុមសង្គមស៊ីវិល បានចាត់ទុកការជ្រើសតាំងនេះ ពុំបានធ្វើឡើងតាមដំណើរការប្រជាធិបតេយ្យ និងសម្ដែងការសោកស្ដាយដែលរាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើឲ្យប្រទេសកម្ពុជាអាប់ឱនកិត្តយសនៅចំពោះមុខប្រតិភូជាមិត្តនៅក្នុងតំបន់។
នៅក្នុងលិខិតដាច់ដោយឡែកមួយដែលបានផ្ញើរជូនទៅលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងមេដឹកនាំអង្គការសង្គមស៊ីវិលកម្ពុជា បានស្នើឲ្យមានការផ្លាស់ប្ដូរលោក ដួង វិរ័ត្ន ដាក់ជំនួសមកវិញដោយលោកស្រី ធីតា ឃឹះ ដែលត្រូវបានក្រុមសង្គមស៊ីវិលជ្រើសរើសតាមគោលការណ៍ប្រជាធិបតេយ្យ និងតំណាងឲ្យឆន្ទៈរបស់សង្គមស៊ីវិលពិតប្រាកដ។
កាលពីឆ្នាំ២០១៤កន្លងមក តំណាងអង្គការសង្គមស៊ីវិលកម្ពុជា មិនត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ និងអញ្ចើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំថ្នាក់តំបន់នោះឡើយ ហើយក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលកម្ពុជាក៏បានរំសាយចោលគណៈប្រតិភូរបស់ខ្លួនទៅវិញ៕