របាយការណ៍ សិទ្ធិដីធ្លី និងលំនៅដ្ឋាន ឆ្នាំ២០១១

ខ្លឹមសារសង្ខេប

ឆ្នាំ ២០១១ ជាឆ្នាំដែលមាន​ការផ្តល់សម្បទានដីសេដ្ឋកិច្ច​​​​​ ជាច្រើន​រហូតដល់កាត់ដី ​ចេញពី​ឧទ្យាន​ជាតិ ​​ពី​តំបន់​​ ការពារ​សត្វនិងរុក្ខជាតិ តាមរយៈការធ្វើអនុប្បយោគ ពីដីកម្ម​សិទ្ធិ សាធារណៈ​របស់​រដ្ឋ មក​ជា​ដី​កម្មសិទ្ធិឯកជន របស់រដ្ឋ។ ក្នុងឆ្នាំ ២០១១ នេះ រាជរដ្ឋាភិបាល បានចេញ អនុក្រឹត្យចំនួន ១២៣ អនុក្រឹត្យ​ ដើម្បីផ្តល់ សម្បទានដីសេដ្ឋកិច្ច ទៅអោយក្រុមហ៊ុនឯកជន ដែលមានផ្ទៃដីចំនួន ៧៥១,៨៨២ ហិកតា។

ក្នុងចំនួន នេះ ផ្ទៃដីជាង ២/៣ បានកាត់ចេញពី ដីការពារដោយ ព្រះរាជក្រឹត្យ ហើយមានដីតែ ២១៩,៤២៥ ហិកតា ប៉ុណ្ណោះ ដែលមិនប៉ះពាល់ ដីការពារដោយព្រះរាជក្រឹត្យ។ តួលេខ​នេះបញ្ជាក់ អោយ​ឃើញ ច្បាស់ថា នៅប្រទេសកម្ពុជា ពុំមានដីទំនេរ ​ច្រើនទៀត​ទេ ​សំរាប់ផ្តល់​ ​សម្បទានដី​សេដ្ឋកិច្ច ដល់​ក្រុម​ហ៊ុនឯកជន។ ការផ្តល់ សម្បទានដីសេដ្ឋកិច្ច ដ៏ច្រើននេះ ក៏ជាមូល​ហេតុ​ដ៏ចម្បងផងដែរ ដែលបង្ក​អោយមាន ទំនាស់ដីធ្លី នាពេលបច្ចុប្បន្ន និងទៅបណ្តា ឆ្នាំខាងមុខៗ ទៀត។

គិតមកទល់នឹង ឆ្នាំ២០១១ នេះ រាជរដ្ឋាភិបាល បានផ្តល់ សម្បទានដីសេដ្ឋកិច្ច ប្រមាណ ២,២៧៦,៣៤៩ ហិកតា ទៅដល់ក្រុមហ៊ុន ចំនួន ២២៥ ក្រុមហ៊ុន តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងតាមរយៈ អនុក្រឹត្យ ផ្តល់សម្បទានដីសេដ្ឋកិច្ច ពីប្រមុខរាជរដ្ឋាភិបាល ដោយផ្ទាល់។ ចំនួន ​សម្បទានដីសេដ្ឋកិច្ច នេះអាច មានច្រើនជាងនេះទៀត ព្រោះមានក្រសួង មួយចំនួនទៀត មានសិទ្ធិ​ ផ្តល់សម្បទានដីសេដ្ឋកិច្ច សំរាប់វិស័យផ្សេងៗ ដូចជាសម្បទានដីសំរាប់រុករករ៉ែ ( ៥៦ សម្បទាន) តាម​រយៈ ​ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមានផ្តល់ សម្បទានដីសេដ្ឋកិច្ច សំរាប់ ពង្រីកតំបន់​ សេដ្ឋកិច្ច​​ពិសេស ដែលមានចំនួន ២២ សម្បទានទៀត។ មកទល់ពេលនេះ យើងពុំទាន់​ឃើញ​មានការចាត់តាំង ពីរាជរដ្ឋាភិបាល ឲ្យស្ថាប័នរដ្ឋណាមួយ ដែលមានសិទ្ធិ ក្នុងការប្រមូលទិន្នន័យ​រួមមួយ​ នៃ​ដីសម្បទានសេដ្ឋកិច្ច ដើម្បីផ្សព្វផ្សាយជូនដល់សាធារណ​ជន ជាតិ និង អន្តរជាតិនៅឡើយ​នោះ​ទេ។

សម្បទានដីសេដ្ឋកិច្ច ដែលបង្កឲ្យមាន ទំនាស់ជាមួយ សិទ្ធិកាន់កាប់ដីធ្លី របស់ប្រជាកសិករ និង​ជន​ជាតិ​​ដើមភាគតិច ជាទូទៅ គឺមានមូលហេតុ មកពីការមិនអនុវត្តន៍ ឲ្យបានត្រឹមត្រូវ​ តាមច្បាប់​ភូមិបាល និង អនុក្រឹត្យ ស្តីពីការផ្តល់ សម្បទានដីសេដ្ឋកិច្ច (អនុក្រឹត្យលេខ១៤៦)។

ការមិនបានធ្វើការវាយតម្លៃ ពីផលប៉ះពាល់ ខាងបរិស្ថាន និង សង្គមជាមុន​នេះ គឺ​ជា​​ចំណុចសំខាន់បំផុត នៃចំណុចសំខាន់ ដទៃឯទៀត។ រាជរដ្ឋាភិបាល ថ្នាក់ជាតិ តែង​តែលើកឡើង ជាសាធារណៈថា ឲ្យមានការឃ្វាល ដីស្រែ ចំការ របស់ប្រជា​ជន ​​​ចេញ តែ​ការ​អនុវត្តជាក់ស្តែង ក្រុមហ៊ុន បានប្រើប្រាស់វិធី​សាស្រ្ត គ្រប់បែបយ៉ាង ដើម្បីបណ្តេញ​ប្រជាជន ឲ្យចេញពី ចំការដំណាំ​របស់ពួកគេ ដោយមានសំណង ​ដែល​មិនពេញចិត្ត​ពី​សំណាក់ប្រជាជន ដែលទទួល ផលប៉ះពាល់ ទាំងនោះ។

ការមិនផ្សព្វផ្សាយ ព័ត៌មានអំពី ការធ្វើសម្បទានដីសេដ្ឋកិច្ច ឬ លាក់ព័ត៌មាន ទាំង​នោះ ​ថែមទៀត ពីសំណាក់ អាជ្ញាធរ មានសមត្ថកិច្ច។ ជាទូទៅ ប្រជាជន បានដឹងពី ការ​ផ្តល់​សម្បទាន​ដីសេដ្ឋកិច្ច ទាល់តែក្រុមហ៊ុន បានចាប់ផ្តើម ឈូសឆាយដី ប៉ះ​ពាល់​លើ ដីស្រែ ចំការ ឬ ភូមិរបស់គាត់ ប៉ុណ្ណោះ។

មានក្រុមហ៊ុន ជាច្រើន បានធ្វើការឈូសឆាយ ដីស្រែចំការ និង លំនៅដ្ឋាន​ របស់​ប្រជា​ពល​រដ្ឋ ដោយត្រឹមតែ មានសេចក្តីជូនដំណឹង (ស.ជ.ណ) តែប៉ុណ្ណោះ ។ យោង​តាម​ គតិច្បាប់ ស.ជ.ណ មិនមែន ជាបទដ្ឋានគតិយុត្ត ដែលក្រុមហ៊ុន អាច​ចាប់​​ផ្តើម ធ្វើ​សកម្មភាព ​នោះទេ។ ប៉ុន្តែតាម ការអនុវត្ត ជាក់ស្តែង ក្រុមហ៊ុន ដែល​មាន​​​ ត្រឹមតែ ស.ជ.ណ ហាក់បីដូចជា មានឥទ្ធិពល ខ្លាំងជាងក្រុមហ៊ុន ដែលមាន​កិច្ចសន្យា សម្បទាន ​ទៅទៀត។ នៅពេលទំនាស់ កើតឡើង ការដោះស្រាយ មានភាពអូសបន្លាយ ហើយដំណោះ​ស្រាយ​​មានភាពលំអៀង ច្រើនទៅរក ភាគីក្រុមហ៊ុន។ ក្នុងករណីជាច្រើន ការយក​តុលាការ ​ដើម្បីកៀបសង្កត់ ភាគីប្រជាជន កាន់តែមាន ច្រើន​ឡើងៗ។ ក្នុងឆ្នាំ២០១១ តុលាការ ​បានចោទប្រកាន់ ទៅលើតំណាង ភាគីប្រជាជន មានចំនួន ៤២៧ករណី ច្រើន​ជាង​ឆ្នាំ២០១០ ដែលមានតែ ជាង៣០០ ករណី ប៉ុណ្ណោះ ក្នុងជម្លោះដីធ្លី គ្រប់ប្រភេទ។

គោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តោតលើ ការអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម គឺជា នយោបាយ ត្រឹមត្រូវ ព្រោះប្រទេសយើងមានលក្ខណៈ អំណោយ​ផលល្អច្រើន ​ក្នុង​វិស័យ​នេះ ប៉ុន្តែគំរូ​អភិវឌ្ឍន៍ កសិ-ឧស្សាហកម្ម មួយដែលផ្តល់​ ដីដ៏ច្រើន សន្ធឹកសន្ធាប់ ទៅឲ្យ​ ក្រុម​ហ៊ុនឯកជនជាតិ និង អន្តរជាតិ និង ដេញប្រជាជនចេញ​ ពីដីរបស់​ខ្លួន ដោយ​ពុំមាន​ សំណង​ត្រឹមត្រូវ ​បែបដូចសព្វថ្ងៃនេះ គួរតែ​ពិនិត្យ ពិចារណា ឡើងវិញ។ ព្រោះការ អភិវឌ្ឍន៍ ​​បែបនេះ​មានតែ ក្រុមហ៊ុនទេ ដែលបាន ចំណេញ ច្រើន ប៉ុន្តែប្រជាជនដែល ទទួល ផល​ប៉ះពាល់ ​ពី​សម្បទានដីសេដ្ឋកិច្ច ទាំងនេះ បានត្រូវខាតបង់​​ផល​ប្រយោជន៍​ យ៉ាងច្រើន។

មានគំរូអភិវឌ្ឍន៍ មួយបែបទៀត ដែលយើងយល់ថា ជាគំរូ មានលក្ខណៈ ល្អប្រសើរ ជាងគំរូខាង​លើនោះ គឺការទុកដី ចែកជូនដល់ប្រជាកសិករ មួយគ្រួសារៗ ដែលត្រូវការដី ក្នុងការផលិត​ដំណាំ​កសិកម្ម ហើយបង្ក លក្ខណៈ ឲ្យក្រុមហ៊ុនឯកជនជាតិ និង អន្តរជាតិ មកផ្តល់ពូជល្អៗ និងមកបណ្តុះ​បណ្តាល ​នូវបច្ចេកវិទ្យាថ្មីៗ ដល់កសិករ ដើម្បីបង្កើន ផលិត​ភាព កសិកម្មរ បស់ខ្លួន រួចក្រុមហ៊ុន ចាំ​ប្រមូលទិញ ផលិតផល ដើម្បីច្នៃប្រឌិត សំរាប់នាំចេញ ព្រោះថា អភិវឌ្ឍន៍ បែបនេះ ទាំងប្រជាកសិករ ទាំងក្រុមហ៊ុន និង រដ្ឋ ទាំងអស់គ្នា នឹងទទួល​បានផលចំណេញ ពីដំណើរ អភិវឌ្ឍន៍នេះ។

ក្រៅពីជម្លោះ សម្បទានដីសេដ្ឋកិច្ច ក៏មានបញ្ហា លើការបណ្តេញ សហគមន៍ក្រីក្រ ​ចេញដោយ​បង្ខំពីទីក្រុង ដោយអាជ្ញាធរ មានសមត្ថកិច្ច។ រហូតមកទល់ នឹងឆ្នាំ២០១១នេះ មានសហគមន៍ ចំនួន​១២៧ សហគមន៍ ត្រូវបាន បណ្តេញចេញ ក្នុងនោះមាន ៨១សហគមន៍ នៅក្នុងរាជធានីភ្នំពេញ ។ ចំនួន​ប្រជាជន ដែលប៉ះពាល់ ដោយការបណ្តេញចេញនេះ មានចំនួន ៣០,០០៩គ្រួសារ។ យោងតាម​ស្ថិតិ​ អង្គការធាងត្នោត មានសហគមន៍ក្រីក្រ ទាំងអស់ចំនួន ៧៣៣ នៅទូទាំងប្រទេស។ ដូច្នេះ នៅមាន ​៦០៦ ​សហគមន៍ ទៀត ដែលអាចស្ថិតនៅក្នុង ការប្រឈម ទៅនឹងការ បណ្តេញចេញ​ នាពេល​អនាគត ​ទៀត។

មូលហេតុ នៃការបណ្តេញចេញនេះ គឺអាជ្ញាធរ មិនទទួលស្គាល់ នូវសិទ្ធិភោគៈ របស់ សហគមន៍​ក្រីក្រ ទាំងនោះទេ ទោះបីជា សហគមន៍ទាំងនោះ បានរស់នៅ លើកន្លែងទាំងនោះ ពីយូរណាស់ មក​ហើយ​ក្តី។ ប្រការនេះបានបង្ហាញឲ្យឃើញ អំពីការមិនទទួលស្គាល់ នូវសិទ្ធិ មានលំនៅដ្ឋាន ​ឲ្យដល់​ប្រជាជន​ក្រីក្រ នានានៅក្នុងទីក្រុង នោះទេ។ នៅពេលបណ្តេញចេញ បើយកដីកន្លែងនោះ សំរាប់ធ្វើ​សំណង់​ជាប្រយោជន៍ សាធារណៈ នោះ អាចមានទឡ្ហីករណ៍ ទទួលយកបានខ្លះ នៅ​ពេល មានការផ្តល់​សំណង​សមរម្យ ដល់សហគមន៍ ទាំងនោះ។ ប៉ុន្តែជាទូទៅ ការបណ្តេញចេញភាគច្រើន គឺបានផ្តល់ដី​កន្លែង​នោះ ទៅឲ្យ ក្រុមហ៊ុនឯកជន ធ្វើជាសំណង់ឯកជន សំរាប់លក់ ដើម្បីមានបាន របស់ក្រុមហ៊ុន (ឧទាហរណ៍ៈសំណង់បុរី) ទៅ​វិញ។​ ក្រោយការបណ្តេញចេញ ទីកន្លែងថ្មី សំរាប់ជាសំណងនោះ គឺពុំមាន ហេដ្ឋារចនា​សម្ពន័្ធ ពុំមានទឹក ពុំមានភ្លើង សំរាប់អ្នកបណ្តេញចេញ ទាំងនោះទេ។ ភាគច្រើន​លើស​លប់ ​នៃ​អ្នកទាំងនោះ បានត្រឡប់ មករស់នៅ ក្នុងទីក្រុងវិញ ដោយហេតុថា ​អ្នកក្រីក្រត្រូវ​ការ​​មានចំណូល ប្រចាំថ្ងៃតាមរយៈ រកការងារ ប្រចាំថ្ងៃ ធ្វើនៅក្នុងទីក្រុង ព្រោះនៅ ជាយក្រុង ពួក​គាត់​ពុំ​អាចរកការ​ងារ ប្រចាំថ្ងៃធ្វើបានទេ។  ផលប៉ះពាល់ ពីការបណ្តេញដោយបង្ខំ មានច្រើន (សូមអានរបាយ​ការណ៍លំអិតទំព័រ ៨…)។​

 

មានការរៀបចំចែក ដីជូនដល់អតីតយុទ្ធជន និងយោធិនពិការ តាម ទម្រង់សម្បទានដីសង្គមកិច្ច ​ក្នុង ១១ខេត្ត​ នៅទូទាំងប្រទេស (ឆ្នាំ ២០១១ មាន ៤៤,៨៩៧ ហិកតា)។ ប៉ុន្តែជាក់ស្តែង គណៈកម្មាធិការ​សម្បទានដីសង្គមកិច្ច បានចែកដីបាន ត្រឹមតែ ២,១០៨ គ្រួសារតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏​ដោយ នេះគឺជា​សញ្ញាវិជ្ជមាន មួយដែរ ដែលបង្ហាញពីការ ខិតខំប្រឹងប្រែងនេះ។ ប៉ុន្តែទំហំដី សម្បទាន​ដីសង្គម​​កិច្ច​ នេះ ពុំមាន​តុល្យភាព ទៅនឹង សម្បទានដីសេដ្ឋកិច្ច នោះទេ គឺមានគម្លាតគ្នា ឆ្ងាយណាស់។ ប្រជាកសិករ ក្រីក្រនៅពុំ​ទាន់បានទទួល ការយកចិត្តទុកដាក់ផ្តល់ សម្បទានដីសង្គមកិច្ច នេះជូន​ដល់ពួក​គាត់ នៅឡើយទេ ព្រោះ​ភាគច្រើនលើសលប់ នៃសម្បទានដីសង្គមកិច្ច គឺផ្តល់តែទៅដល់ អតីតយុទ្ធជន និងយោធិនពិការ ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត សម្បទានដីសង្គមកិច្ច មួយចំនួនបាន ប៉ះពាល់ រំលោភ ទៅលើ​ ដី​ស្រែ ​ចំការ របស់​​ប្រជាជន​ដែលបានរស់នៅ ទីនោះជាយូរ មកហើយផងដែរ។

ការដោះស្រាយ ជម្លោះដីធ្លី ជាទូទៅបានត្រូវ អូសបន្លាយរាប់ឆ្នាំ ហើយអ្នកដែលមានសមត្ថកិច្ច​ដោះស្រាយ ច្រើនមានភាពលំអៀង ឬខ្លាចញញើត ដល់ភាគីក្រុមហ៊ុន ដែលមានខ្នងក្រាស់ៗ ឬភាគីអ្នក​មានអំណាច។ ប្រការនេះបានបង្ក​ឲ្យមានការកើនឡើង នូវការទាមទារតវ៉ា របស់ភាគីប្រជាពលរដ្ឋក្រីក្រ និងគ្មានអំណាច។ ក្នុងចំណោម ការទាមទារតវ៉ា ជាច្រើន មានការរារាំង ហាមឃាត់ និងវាយបំបែក ​ដោយប្រើហិង្សា ពីសំណាក់កងកម្លាំងប្រដាប់អាវុធ ចំនួន ៣៦លើក មកលើការទាមទារតវ៉ា របស់​សហគមន៍ រងគ្រោះទាំងនោះ។

ការប្រើប្រាស់ ការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ក៏មានកាន់តែ​ កើនឡើងដែរ។ ឆ្នាំ ២០១១ មានមនុស្ស យ៉ាងតិច ៤២៧នាក់ បានត្រូវរង ការចោទប្រកាន់ (ឆ្នាំ ២០១០ មានតែ ៣១៩ ករណីប៉ុណ្ណោះ) ក្នុងនោះ មានមនុស្ស ៩៥នាក់ បានត្រូវចាប់ខ្លួន ហើយរហូត មកដល់នឹង​ពេលនេះ នៅមានមនុស្ស ៤៨នាក់ ទៀត ដែលកំពុង នៅជាប់ឃុំឃាំង នៅឡើយ។ អ្នកនៅសល់ពីនេះ​កំពុងរត់ គេចខ្លួន ឬរង់ចាំការកាត់ក្តី ពីតុលាការ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានមន្រ្តី សិទ្ធិមនុស្ស តំណាងរាស្រ្ត អ្នកសារព័ត៌មាន មេធាវី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជំទប់ មួយចំនួនផងដែរ។