តាងនាមឲ្យអ្នករៀបចំកម្មវិធី នៃសិក្ខាសាលា ដ៏មានសារសំខាន់នេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណ ជាពន្លឹកដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដែលបាន ចំណាយពេលវេលា ដ៏មានតម្លៃមកចូលរួមសិក្ខាសាលា នាពេលពីរថ្ងៃនេះ។ សូមថ្លែងអំណរគុណ ផងដែរដល់អាជ្ញាធរខេត្ តដែលបានចាត់តំណាង ឬអភិបាលរងខេត្ត មកចូលរួមសិក្ខាសាលានេះ។ អស់រយៈពេលជិតម្ភៃឆ្នាំ មកហើយដែល ប្រទេសកម្ពុជា យើងបានអនុវត្តន៍ នូវប្រព័ន្ធនយោបាយ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ បើយើងធ្វើការប្រៀបធៀប ស្ថានភាពបច្ចុប្បន្នទៅនឹង ស្ថានភាព ២០ឆ្នាំមុន យើងអាចមើលឃើញទិដ្ឋភាពជាច្រើន ដែលមានការផ្លាស់ប្តូរ រីកចំរើនច្រើន ប៉ុន្តែក៏នៅមានទិដ្ឋភាពខ្លះ ទៀតដែលពុំសូវមាន ការវិវត្តន៍ រីកចំរើនប៉ុន្មានទេ។ ខ្ញុំនៅចាំបានថាកាល ពីជិត ២០ ឆ្នាំមុន គឺចុងឆ្នាំ ១៩៩២ នៅពេលដែល សមាគមអាដហុក បានបើកទីស្នាក់ការ របស់ខ្លួន នៅតាម បណ្តាខេត្ត ពេលនោះមាន ខេត្តមួយ មន្រ្តីខេត្ត បានប្រើប្រាស់ប៉ូលីស និងយោធាជាង ១០០នាក់ និងរថពាសដែក មួយគ្រឿងមកគំរាម សកម្មជនរបស់យើង ៣នាក់ ដែលមានតែ សៀវភៅ និងប៊ិក មិនអោយបើក ការិយាល័យ របស់យើងនៅ ទីនោះទេ។ បើយើងប្រៀបធៀប ពេលនោះមកស្ថានភាព បច្ចុប្បន្ន ដែលមានអង្គការ រាប់រយ-ពាន់ កំពុងធ្វើសកម្មភាព នៅគ្រប់ទីកន្លែង នៅទូទាំងប្រទេស យើងឃើញថា ខុសគ្នាឆ្ងាយណាស់។ ពាក្យសិទ្ធិមនុស្ស ដែលពីមុន មានមនុស្សតិចតួច ណាស់ដែលស្គាល់ និងយល់ពាក្យនេះ ប៉ុន្តែឥឡូវពាក្យនេះបានក្លាយទៅជាពាក្យ ប្រជាប្រិយមួយ ដែលប្រជាជន សាមញ្ញម្នាក់ ក៏គាត់ចេះប្រើ និងទាមទារ ការពារសិទ្ធិ របស់គាត់ដែរ។ ប្រភេទនៃសិទ្ធិខ្លះ បានរីកចំរើនប្រសើរឡើង ប៉ុន្តែក៏មានប្រភេទសិទ្ធិខ្លះទៀតនៅពុំទាន់ រីកចំរើនល្អ ប្រសើរនៅឡើយ។ ឧទាហរណ៍ ការសម្លាប់ ក្រៅច្បាប់ និងការសម្លាប់ ដោយហ្វួងមហាជន បានធ្លាក់ចុះយ៉ាងច្រើន សឹងតែពុំកើតមានទៀត ប៉ុន្តែសិទ្ធិដីធ្លីពី ២០ឆ្នាំមុន ពុំសូវមាន បញ្ហាទេ តែឥឡូវនេះបែរជាមានបញ្ហាធ្ងន់ធ្ងរ ទៅវិញ។