ប្រជាពលរដ្ឋជាង ៥០នាក់ មកពីស្រុកពញាឮ ខេត្តកណ្ដាល បានឡើងមកដាក់ញត្តិនៅរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ដោយបានស្វែងរកអន្តរាគមន៍ពីអ្នកតំណាងរាស្ត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន SKD។
លោក កុយ ចាន់ថន ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកឡើងមកដាក់ញត្តិ បាននិយាយថា តំណាងអ្នកភូមិ ៥នាក់ ត្រូវបានគេអនុញ្ញាតឲ្យចូលជួបជាមួយតំណាងរាស្ត្រនៅក្នុងមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ មុននឹងពួកគាត់បន្តទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម្ដុំមុខវត្ដបទុម។
លោក កុយ ចាន់ថន បានឲ្យដឹងថា តំណាងរាស្ត្រ លោក ចាន់ ចេង បានជួបជាមួយតំណាងប្រជាពលរដ្ឋទាំង ៥រូបនៅក្នុងមន្ទីររដ្ឋសភា ប៉ុន្តែបានប្រាប់ឲ្យប្រជាពលរដ្ឋរង់ចាំរហូតដល់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ វិលត្រឡប់ពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស។
តំណាងអ្នកភូមិរូបនេះ ក៏បានឲ្យដឹងផងដែរថា មន្ត្រីមកពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលញត្តិតវ៉ារបស់ប្រជាពលរដ្ឋផងដែរ។
នៅក្នុងញត្តិដែលដាក់ជូនទៅរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំអន្តរាគមន៍ និងជួយដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋចំនួន ៧១គ្រួសារ និងអ្នកស្រី លឹម គា តំណាងក្រុមហ៊ុនសុរាគារខ្មែរ SKD លើទំហំដី ១៥៥ហិកតា ស្ថិតនៅភូមិកាកាប ភូមិប្រាសាទ ភូមិស្លែងមានជ័យ ភូមិស្វាយ ឃុំឈ្វាំង និងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។
ញត្តិដដែលបានឲ្យដឹងថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអ្នកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ (SKD) និងឈ្មោះ ឡាយ ហៀង បានផ្ទុះឡើងកាលពីឆ្នាំ២០០៦ នៅពេលដែលភាគីក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រទៅឈូសឆាយ និងព័ទ្ធយកដីប្រជាពលរដ្ឋ៕