ពលការិនីកម្ពុជា ៦រូប ក្នុងចំណោម ៨នាក់ដែលចាញ់ បោកមេខ្យល់ដឹក នាំឆ្លងដែន ទៅប្រទេស ម៉ាឡេស៊ីនោះ បានវិល ត្រឡប់មក ដល់ប្រទេស កម្ពុជាវិញ ហើយនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ដោយមានការ ជួយអន្តរាគមន៍ពី សមាគម ការពារសិទ្ធិមនុស្សអាដហុក និងអាជ្ញាធរ កម្ពុជាផងដែរ។
ពលការិនី ៥នាក់ ក្នុងចំណោម ៦រូបនោះ ធ្លាប់ទៅធ្វើការ ប្រទេស ម៉ាឡេស៊ីម្ដង មកហើយតាម រយៈក្រុមហ៊ុន ជ្រើសរើស ពលករ ស្របច្បាប់។ ពួកគេត្រូវបានក្រុម មេខ្យល់ដឹកនាំ ឆ្លងកាត់ ប្រទេសថៃ និងទៅដល់ព្រំដែនថៃ – ម៉ាឡេស៊ី កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥។
ពួកគេបានឲ្យដឹងថា ពួកគេបានធ្លាក់ខ្លួនចាញ់បោកក្រុមមេខ្យល់បន្ទាប់ពីរកឃើញថា ទិដ្ឋការរបស់ពួកគេមានសុពភាពត្រឹមរយៈពេល ១ខែ ហើយមិនមែនជាទិដ្ឋការសម្រាប់ការងារនោះឡើយ។ ពួកគេបានបញ្ជាក់ថា ក្រុមមេខ្យល់បានប្រាប់ថា ពួកគេនឹងធ្វើដំណើរតាមជើងយន្តហោះទៅកាន់ប្រទេសម៉ាឡេស៊ី ផ្ទុយទៅវិញ ដំណើររបស់ពួកគេត្រូវបានគេបង្វៀងមកជិះរថយន្តឆ្លងកាត់ព្រំដែនប៉ោយប៉ែត កាត់ប្រទេសថៃឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។
ពលការិនីមួយរូបមកពីខេត្តកំពង់ចាម បានឲ្យដឹងថា មេខ្យល់ចិន-ម៉ាឡេស៊ីម្នាក់ ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីចាប់ខ្លួន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីរកឃើញថា មេខ្យល់រូបនោះព្យាយាមជួញដូរមនុស្សឆ្លងដែន ដោយប្រើប្រាស់ទិដ្ឋការទេសចរណបំភាន់ភ្នែកសមត្ថកិច្ច។
ពលការិនីម្នាក់ទៀត ដែលធ្លាប់ទៅប្រទេសម៉ាឡេស៊ីម្ដងរួចមកហើយ និងចេះស្ដាប់ភាសាម៉ាឡេស៊ីផងនោះ បានឲ្យដឹងថា ពួកគេភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលក្រុមអ្នករត់ម៉ូតូឌុបនៅព្រំដែនម៉ាឡេស៊ី-ថៃ ចូលដៃជាមួយក្រុមមេខ្យល់ ប៉ុនប៉ងជម្លៀសពួកគេពីភ្នែកសមត្ថកិច្ចម៉ាឡេស៊ី។
ទោះជាយ៉ាងណា ពលការិនី ២រូប បានបាត់ដំណឹងសូន្យបន្ទាប់មេខ្យល់ល្បួងពួកគេបានសម្រេចឲ្យធ្វើដំណើរគេចផុតពីការតាមចាប់របស់សមត្ថកិច្ចម៉ាឡេស៊ី៕