ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ ស.ច អាយុ ៣៥ឆ្នាំ ត្រូវបានជនប្រព្រឹត្តឈ្មោះ ភន តូម អាយុ ៤៧ឆ្នាំ មុខរបរ ជំនួយការមេផ្នែករដ្ឋបាលព្រៃឈើឃុំអណ្តូងទឹក មកចូលចាប់ប៉ុនប៉ងរំលោភដល់ក្នុងផ្ទះ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨យប់ នៅក្នុងភូមិ តាអុក ឃុំ អណ្តូងទឹក ស្រុក បុទុមសាគរ ខេត្ត កោះកុង។ តាមការបញ្ជាក់របស់ស្ត្រីរងគ្រោះអោយដឹងថា ក្នុងថ្ងៃកើតហេតុ ពេលស្រ្តីរងគ្រោះនៅផ្ទះតែម្នាក់ឯង ឈ្មោះ ភន តូម បានជិះម៉ូតូមកឈប់នៅមុខផ្ទះដើម្បីសុំខ្ចីស្នប់សប់កង់ម៉ូតូ ពេលនោះស្ត្រីរងគ្រោះដើរចូលទៅក្នុងផ្ទះដើម្បីរកស្នប់មកឲ្យ តែរកមិនឃើញ ហើយជនរងគ្រោះក៏មិនដឹងថា ជនប្រព្រឹត្តិដើរតាមក្រោយនោះទេ ស្រាប់ជនរូបនោះស្ទុះចាប់ក្រៀកក ខ្ទប់មាត់ស្ត្រីរងគ្រោះ មិនអោយស្រែក។ នៅពេលជនប្រព្រឹត្តបានចាប់ផ្តួលស្ត្រីរងគ្រោះដួលទៅលើក្តារក្បែរគ្រែ រួចជិះសង្កត់ពីលើ និងចាប់ទាញកន្ត្រាក់អាវដាច់ឡេវ ទាញកន្ទាក់ដាច់ខ្សែអាវទ្រនាប់ដាច់ម្ខាង និងស្រាតខោរបស់ខ្លួនឯង ដោយនៅសល់តែលីអូ បំរ៉ុងនិងរំលោភ។ ជនរងគ្រោះបានស្រែក និងខំទធាក់ក្តារដើម្បីស្វែងរកអ្នកមកជួយ មួយសន្ទុះក្រោយមកប្អូនប្រុសស្ត្រីរងគ្រោះក៏មកដល់ក្រោមផ្ទះ មិនបានដឹងពីហេតុការណ៍ដែលកើតឡើងនៅលើផ្ទះទេ គ្រាន់តែលឺសូរសម្លេងខ្លុងខ្លាំងនៅខាងលើផ្ទះ ប្អូនប្រុសជនរងគ្រោះក៏ឡើងទៅលើផ្ទះ ជនប្រព្រឹត្តិឃើញមានមនុស្សឡើងទៅលើផ្ទះ ភ័យស្ទុះងើបចេញពីស្ត្រីរងគ្រោះ ទាំងកាយវិការស្លន់ស្លោទៅពួននៅក្រោមគ្រែ ចំណែកស្ត្រីរងគ្រោះបានរត់ស្ទុះងើបចេញមកខាងក្រៅស្រែក អោយគេជួយ ។ ពេលនោះប្តីស្ត្រីរងគ្រោះក៏មកដល់បាននាំអ្នកជិតខាង២នាក់មកជាមួយ ពេលឭប្រពន្ធស្រែកអោយជួយ រួចចាប់ជនប្រព្រឹត្តប្រគល់អោយលោក ង៉ែត សារ៉ន មេប៉ុស្តិ៍នគរបាលឃុំអណ្តូងទឹក។
លោក ង៉ែត សារ៉ន បានព្យាយាមធ្វើការសម្រុះសម្រួល អោយគ្រួសារស្ត្រីរងគ្រោះដោះលែងជនប្រព្រឹត្ត ដោយខ្លួនជាអ្នកធានាថា ជនប្រព្រឹត្តមិនរត់ទៅណាទេ ។ បន្ទាប់ពីដោះលែង ជនប្រព្រឹត្តក៍បានគេចខ្លួននៅយប់ថ្ងៃកើតហេតុនោះតែម្តង។ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៧.៣០នាទីព្រឹក លោកមេប៉ុស្តិ៍ ង៉ែត សារ៉ន បានទូរសព្ទ័ទារលុយពីគ្រួសារជនរងគ្រោះចំនួន ១០០.០០០៛(ដប់ម៉ឺនរៀល) ដើម្បីទៅស្វែងរកចាប់ជនប្រព្រឹត្តមកវិញ ប៉ុន្តែក្រុមគ្រួសាររងគ្រោះ បានឱ្យលុយទៅមេប៉ុសិ៍ត្រឹមតែចំនួន៦០.០០០៛ (ប្រាំមួយមឺនរៀល)ប៉ុណ្ណោះ ។
ជាមួយគ្នានេះលោកមេភូមិ ដែលបានចូលរួមក្នុងហេតុការណ៍នោះ បានសំដែងការខកចិត្ត យ៉ាងខ្លាំងទៅលើមន្ត្រីសមត្ថកិច្ចមេប៉ុស្តិ៍ ដែលបានធ្វើការសម្រុះសម្រួល ដោះលែងជនប្រព្រឹត្ត រហូតដល់គេចខ្លួនបាត់ ។
តាមការអះអាងរបស់លោក សុខ ផន អធិការស្រុកបុទុមសាគរ បញ្ជាក់ថាៈ ពិតជាមានបញ្ហានេះកើតឡើងមែននៅមូលដ្ឋានរបស់លោក លោកក៏បានបញ្ជាអោយកំលាំងចុះស៊ើបអង្កេតផងដែរ តែនៅមិនទាន់សន្និដ្ឋានយ៉ាងណានៅឡើយទេ។ ចំណែកមន្ត្រីសមត្ថកិច្ច(មេប៉ុស្តិ៍)នៅមូលដ្ឋាន ដែលមិនបានបំពេញតួនាទី ភារកិច្ចការងារលើករណីនេះ ជំនាញអធិការបានធ្វើជារបាយការណ៍រាយការណ៍ទៅថ្នាក់លើរួចរាល់ហើយ រីឯចំណាត់ការយ៉ាងណាចំពោះមន្ត្រីបែបនេះ លោកមិនទាន់ដឹងនៅឡើយទេ ព្រោះថ្នាក់លើជាអ្នកសំរេច ។
ក្រោយពីសមាគមអាដហុកប្រចាំខេត្តកោះកុង ចុះធ្វើការស៊ើបអង្កេតដល់មូលដ្ឋាន ដើម្បីធ្វើការប្រមូលព័ត៌មានរួចមក បច្ចុប្បន្នអាដហុកបានផ្តល់ប្រឹក្សាផ្នែកច្បាប់ និងនាំជនរងគ្រោះដាក់បណ្តឹងទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តទៅតាមឆន្ទះរបស់ស្ត្រីរងគ្រោះ វិធានការបន្តបន្ទាប់ អាដហុក ខេត្ត នឹងព្យាយាមជួបជាមូយស្នងការខេត្ត ការិយាល័យជំនាញ នឹងតាមដានចំណាត់ការរបស់តុលាការ ។
ពត៌មានលំអិតទំនាក់ទំនង
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ០១២៣៤៤៧១៩
លោក នី លីហេង មន្រ្តីស៊ើបអង្កេត ០១២៩៨២ ៤០៩