បាតុកម្មអហិង្សាធំជាងគេនៅកម្ពុជា

របាយការណ៍ ស្ថានភាពបាតុកម្មអហិង្សា

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣

          នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ការរៀបចំមហាបាតុកម្មអហិង្សា របស់ គណបក្សសង្គ្រោះជាតិ បានដំណើរការទៅដោយ គ្មានអំពើហិង្សា​បើទោះបីជា ចំនួននៃ អ្នកចូលរួមក្នុង មហាបាតុកម្ម លើកនេះមានការកើនឡើងរហូតដល់ ប្រហែល ១លាននាក់ ដែលចំនួននេះ ច្រើនជាង បាតុកម្មអហិង្សា ដែលបាន ធ្វើកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកក៏ដោយចុះ។ គោលបំណងនៃបាតុកម្មអហិង្សា កាលពីថ្ងៃទី២៩ ខែធ្នូ នៅតែរក្សា នូវគោលជំហរដើមរបស់ គណបក្សនេះ គឺទាមទារអោយមាន ការបោះឆ្នោតឡើងវិញ។ ដោយឡែក នៅក្នុងមហាបាតុកម្ម នេះយើងឃើញមានវត្តមាន របស់ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM105 MHz បានចូលរួម និងបានប្រកាសជាសាធារណៈ អោយសមាជិករបស់ លោកចូលរួមក្នុង មហាបាតុកម្ម នោះផងដែរ។ ជាមួយគ្នានេះផងដែរ ក៏ឃើញមាន វត្តមាន របស់ លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀឯករាជ្យ និង សហជីព កម្មករជាច្រើន ក៏បានចូលរួម និងអំពាវនាវដល់​សមាជិករបស់ ពួកគេ អោយចូលរួម នៅក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ ផងដែរ បើទោះបីជា គោលបំណងនៃការទាមទា របស់ពួកគេ មានលក្ខណៈខុសគ្នាក៏ពិតមែន។ មហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ បានបង្ហាញ នូវស្ថានភាពនយោបាយថ្មីមួយ គឺការរួបរួមគ្នា រវាង ក្រុមរបស់ លោក ម៉ម សូណង់ដូ លោក រ៉ុង ឈុន និង បណ្ដាសហជីព កម្មករជាច្រើនផ្សេងទៀត ដែលជាហេតុធ្វើអោយ មហាបាតុកម្មដែល រៀបចំដោយ គណបក្សសង្គ្រោះជាតិ កាន់តែរីកធំឡើងៗ។ បើទោះបីជាកម្លាំងនៃការ ធ្វើបាតុកម្ម របស់ គណបក្សនេះ បានកើនឡើង ជាលំដាប់ ក៏ដោយ ក៏ប៉ុន្តែ ចំពោះគណបក្សប្រជាជន នៅមិនទាន់មាន ប្រតិកម្ម ឬក៏ បង្ហាញពីការ ចរចាខាងនយោបាយឡើងវិញនៅឡើយទេ។ សូមបញ្ជាក់ថា យោងតាមការវិភាគ អំពីបញ្ហានយោបាយនៅកម្ពុជា ដែលកំពុងតែ មានបញ្ហានេះ យើងនៅតែ យល់ថា មានតែ ការរៀបចំអោយមានការបោះឆ្នោត ឡើងវិញ តាមប្រព័ន្ធបោះឆ្នោតមួយ ដែលត្រូវបានកែទម្រង់ អោយមានលក្ខណៈ ត្រឹមត្រូវ និង ឯករាជ្យ ជាមុនសិន ទើបអាចជាដំណោះស្រាយមួយ មានស្ថិរភាព និងមិនមានឧបសគ្គ័ នៅថ្ងៃអនាគត។