ករណីឃាតកម្ម អ្នកសាពត៌មាន ខេត្តរតនៈគីរី

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆនាំ២០១២ អាដហុកខេត្ត រតនៈគីរី បានទទួលពត៌មាន អំពីការបាត់ខ្លួន អ្នកការសែត វរៈជនខ្មែរ ឈ្មោះ ហង្ស សេរីឧត្ដម ពីលោក ជួន ភីនដារា។ ក្រោយពីបានទទួល ពត៌មាននេះភ្លាម សមាគម អាដហុក ខេត្តរតនៈគីរី ក៏បាន ធ្វើការអន្តរាគមន៍ បន្ទាន់ទៅ លោក ឯម វុន អធិការ ក្រុងបានលុង ដើម្បីជួយ ស្វែងរក ករណីបាត់ខ្លួន អ្នកកាសែត ខាងលើនេះ លុះដល់ម៉ោង ប្រហែលជា ១២ថ្ងៃត្រង់ សមត្ថកិច្ចបាន រកឃើញ រថយន្ត របស់ជនរងគ្រោះ និង សាកសព នៅក្នុងឃ្លុប រថយន្តខាងក្រោយ នៅចំណុចចំការស្វាយចន្ទី ភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ចំងាយជិត ៣គីឡូម៉ែត្រ ពីទីរួមខេត្ត។

តាមការឆ្លើយបំភ្លឺ របស់ប្រពន្ធជនរងគ្រោះ អ្នកស្រី អ៊ឹម ចាន្ធី នៅកន្លែងកើតហេតុ បញ្ជាក់ថា កាលពីវេលា រសៀលថា៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោងប្រមាណ ៦ ទៅ ៧យប់ ប្ដីរបស់អ្នកស្រី បានចាកចេញ ពីផ្ទះ ដោយប្រាប់អ្នកស្រី ថា មានគេទូរស័ព្ទហៅឲ្យជួបនៅខាងក្រៅ អ្នកស្រីមិនបានដឹងថា អ្នកនោះ ជា​នរណាទេ។ លុះបាត់ខ្លួនមិនត្រឡប់មកផ្ទះវិញ ចំនួន២យប់ ។ នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែកញ្ញា ឆ្នាំ២០១២ ទើប អ្នកស្រី រាយការណ៍ប្រាប់សមត្ថកិច្ច និងមិត្តរួមការងារមួយចំនួន អំពីករណីបាត់ខ្លួនប្តី។

ទាក់ទិន នឹងករណីនេះ សមាគមអាដហុក បានរកឃើញថា សកម្មភាព​ កន្លងមក របស់ លោកហង្ស សេរីឧត្តម ច្រើនតែដើរ​យកពត៌មាន ស្តីពី បទល្មើសដឹកឈើប្រណិត នាំចេញ ដោយខុសច្បាប់ ពីសំណាក់ អ្នកមានលុយ និងសមត្ថកិច្ចមានអំណាចមួយចំនួនក្នុងខេត្ត។ នៅថ្ងៃទី០៦ និង ០៨ ខែកញ្ញា ឆ្នាំ២០១២ កាសែតវរជនខ្មែរ បានចេញផ្សាយ អត្ថបទមួយ ដែលសរសេរ រិះគន់ ប៉េអ៊ឹម ខេត្តរតនគិរី ម្នាក់ ថាបានចាប់ឡាន ដឹកឈើកែឆ្នៃ ១គ្រឿង យកលុយ និងឈើ រួចហើយទើបដោះលេង។

ក្រោយពី ប្រពន្ធជនរងគ្រោះ បានឆ្លើយបំភ្លឺ ប្រាប់ទៅសមត្ថកិច្ច អាចមានតំរុយ ធ្វើការស៊ើបអង្កេត និងតាមចាប់ខ្លួនជនដៃដល់ និងបក្ខពួក។ ក៏ប៉ុន្តែមកដល់ពេលនេះ ពុំទាន់ឃើញ សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ជនសង្ស័យណាម្នាក់ ឬបង្ហាញពីការរកឃើញមុខសញ្ញាណាមួយឡើយ។