កម្មវិធីវីទ្យុ​របស់​សមាគម​អាដហុក បានផ្តល់​នូវ​ព័ត៌មាន​ថ្មីអំពី​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃ​ទី​៤ កញ្ញា ២០១៣

20130904_074347 ថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៣ កម្មវិធីវីទ្យុ​របស់​​សមាគម​អាដហុក បាន​ផ្តល់នូវ​​ព័ត៌មាន​​ថ្មីអំពី​សាលាក្តី​ខ្មែរ ក្រហម​ជូន​សាធារ​ជន​។​​កម្មវិធី​នេះ​ជាកម្ម​វិធីផ្សាយ​​បន្តផ្ទាល់​តាមរយ​ស្ថានីយ​វិទ្យុ​សម្បុក​​ឃ្មុំ (១០៥) ចាប់​ពី​ម៉ោង​​៧-៣០​​ដល់ម៉ោង​​៨-៣០​​នាទីព្រឹក។​ វាគ្មិនកិត្តយស​​ពីររូប ​១) ​លោក​​ឡាត់ គី អ្នកសម្រប​​សម្រួល​កម្មវិធី​​គំរោងយុត្តិធម៌​សាលាក្តី​ខ្មែរក្រហម​​របស់សមាគម​​អាដហុក ​និង២​)លោក ​ហុង គឹមសួន​ សហ​មេធាវីតំណាង​​ដើមបណ្តឹង​​រដ្ឋប្បវេណី​​នៃសាលា​ក្តីខ្មែរ​ក្រហម បាន​ផ្តល់​​នូវព័ត៌​មាន​ថ្មីៗ​អំពី​ការ​វិវត្តន៍​​នៅសាលាក្តី​ខ្មែរ​ក្រហម ។ ព័ត៌មាន​ទាំង​នោះ​​រួមមាន​ ១) កាខ្វះ​ថវិកា​បើក​ឲ្យបុគ្គលិក​​ខ្មែរ ២)​ ដំណើរការ​​សវនាការ​​ធ្វើសេចក្តី​​សន្និដ្ឋាន​​បិទបញ្ចប់​​សំណុំរឿង​០០២​/០១ ​និង៣) ​បានរំលឹក​​នូវគោល​ដៅ​ចម្បង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ក្នុងការ​ជួយ​បញ្ចប់នីរ​ទណ្ឌ​ភាព​​នៅកម្ពុជា ​ចន្លោះ​ពីឆ្នាំ​​១៩៧៥​​-​១៩​៧៩ និងការ​ជួយ​លើ​វិស័យកែទម្រង់​​ប្រព័ន្ធ​តុលាការ​ជាតិ តាម​រយ​នៃការ​ផ្តល់​ជាគំរូល្អ​​និង​​យុត្តិសាស្រ្ត​​ល្អសម្រាប់​​ដំណើរ​​ការដេញដោល​​ធានានូវ​យុត្តិធម៌​​តាមបទ​ដ្ឋាន​ស្តង់ដា​រ​​អន្តរជាតិ​​ចំពោះ​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ។​ ដោយសង្ខេប​​ចំពោះ​​បញ្ហា​ប្រឈម​​នឹងកង្វះ​ថវិកា​បើក​ឲ្យ​បុគ្គលិក​​ខ្មែរ ​ប្រទេស​ជប៉ុន បាន​អនុញ្ញា​​ឲ្យសាលាក្តី​​ខ្ចីថវិកា​​ក្នុងគំរោង​​ដែលជប៉ុន​​ជួយភាគី​​អន្តរជាតិ ​ដើម្បីដោះ​ស្រាយ​បញ្ហា​អន្តរកាល​នេះ​។ ប៉ុន្តែ​​ជំហរ​ជារួម​របស់​ម្ចាស់​លុយ ​ក៏ដូច​ជា​ភាគី​អង្គការ​​សហប្រជាជាតិ​​មានបំណង​​ចង់ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​សហភាគី​​នៃកិច្ចព្រម​​ព្រៀង​បន្ថែម​វិភាគ​ទាន​ជួយដល់បុគ្គលិក​​ខ្មែរ​​ក្នុងការ​បន្តដំណើរការ​ឆ្ពោះទៅមុខ ។ សម្រាប់​ដំណើរការ​នីតិវិធីវិញ អង្គជំនុំ​ជម្រះ​សាលាដំបូង​នឹងបើក​សវនាការ​ធ្វើសេចក្តី​សនិដ្ឋាន​បញ្ចប់​សំណុំ​រឿង​០០២/០១ នឹងចាប់​ផ្តើមពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​៣១ ខែតុលាកា ឆ្នាំ២០១៣ ។ បន្ទាប់​ពីសវនាការ​ធ្វើសេចក្តី​សន្និដ្ឋាន​បិទបញ្ចប់​កិច្ចដេញដោល អង្គជំនុំ​ជម្រះ​សាលាដំបូង នឹងធ្វើសវនាការ​ប្រកាសសាល​ក្រម​នៃសំណុំរឿង​០០២/០១​ក្នុងពេល​បន្ទាប់ ។ ប៉ុន្តែ​សម្រាប់​បេសកកម្ម​របស់អង្គ​ជំនុំជម្រះ​សាលាដំបូង អាចនឹង​បញ្ចប់កិច្ចការ​ខ្លួនត្រឹម​សំណុំ​រឿង​០០២/០១ ឬអាច​បន្តការងារ​លើសវនាការ​លើសំណុំ​រឿង​០០២/០២ ថ្មីទៀត ឬក៏អាច​បន្តសវនាការ​សំណុំរឿង​០០៣ សំណុំរឿង​០០៤ ឬយ៉ាង​ណាទេ ? ចំណុច​សំខាន់​វាពឹង​អាស្រ័យ​នឹងស្ថានការណ៍​ថវិកា​រ​បស់ម្ចាស់​ជំនួយ និងការ​កែទម្រង់​របស់​សាលាក្តី​ឲ្រប្រែប្រួល​តាម​និន្នាការ​របស់ម្ចាស់​លុយ និងភាគី​អង្គការ​សហប្រជាជាតិ ។ ដោយឡែក​សម្រាប់ការ​បំពេញគោល​ដៅនៃបេសកកម្ម​របស់​សាលាក្តីវិញ សាលាក្តី​គួរតែបន្ត​កិច្ចការ​ខ្លួនឆ្ពោះ​ទៅមុខ និងជំនះ​រាស់ឧបស័គ្គ​ទាំងឡាយ​ដើម្បីបង្កើន​ទឹកចិត្តរឹង​ម៊ាំរបស់​ខ្លួនក្នុង​ការបំពេញ​កិច្ចការ​ដើម្បី​ជួយ​ក​ម្ពុជា ក្នុងការ​បញ្ចប់​នីរទណ្ឌភាព​ក្នុងដែន​យុត្ថាធិការ​របស់ខ្លួន ជាគ្រឹះ​រឹងម៊ាំមួយ​សម្រាប់​កម្ពុជា​ខ្លួនឯង​កាត់បន្ថយ​បន្តើរៗ​ឈានទៅ​លុបបំបាត់​ទាំងស្រុង​នូវ​នីរទណ្ឌភាព​ក្នុងអំលុង​ពេលអន្តរកាល និង​អនាគត​ខាងមុខ។​ បើសិនជា គ្រឹះបេតុង​នេះមិន​រឹងម៊ាំ កម្ពុជា​គ្មានលទ្ធភាព​ឡើយក្នុងការ​កាត់បន្ថយ​ក្នុងពេល ៣០ឆ្នាំ​ខាងមុខ។ បើសិនជា អំពើ​នីរទណ្ឌភាព​នៅបន្ត​កើតមាន​ធំធាត់ វាជះឥទ្ធិពល​ដល់ប្រសិទ្ធភាព​នៃកំណែទ​ម្រង់តុលាការ ជាពិសេស​ឯក​រាជ្យភាព ។

ក្នុងដំណើរ​កា​រ​វិទ្យុ​ពេលនេះ មានប្រិយ​មិត្តចំនួន​៧រូប បានចូលរួម​ផ្តល់ជា​មតិ​និង​សនួរ​ពាក់ព័ន្ធ​នឹងប្រធានបទ ជាពិសេស​ភាគច្រើន​ចង់ដឹង​ពីការបញ្ចប់​ដំណើរការ​ទាំងស្រុង​នៅពេល​ណា? អត្ថប្រយោជន៍​របស់ជន​រងគ្រោះ​ពីសាលាក្តី​ខ្មែរក្រហម​បានអ្វីខ្លះ? យុត្តិធម៌​ត្រង់ណាខ្លះ​ដែលជនរង​គ្រោះនឹង​បានទទួល ជាដើម ។ល។

យើងខ្ញុំ នឹងសម្រាំង​យកប្រធានបទ​ផ្សេងៗ​សម្រាប់​ផ្តល់ជូន​សាធាជន នៅពេល​ក្រោយ​ទៀត ។