ក្រុមហ៊ុន UDG ប្រើ​កម្លាំង​សន្តិសុខ​គំរាម​ប្រជា​ពលរដ្ឋនៅ​ខេត្ត​កោះកុង

មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​សន្តិសុខរបស់​ក្រុមហ៊ុន Union Development Group (UDG) បាន​គំរាម​កំហែង​ប្រជា​ពលរដ្ឋ ៨​គ្រួសារ​ ឲ្យ​ចាក​ចេញ​ពី​ភូមិ​ពាមកាយ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា​​កន្លង​មក។

លោក ញៀប សំអឿន អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង ដែល​បាន​តាម​ដាន​ហេតុការណ៍​នេះ បាន​រាយការណ៍​មក​ថា កង​កម្លាំង​សន្តិសុខ​ចំនួន ៦០​នាក់ ដែល​ដឹកនាំ​ដោយ​​លោក លី តឹកហៃ មេកា​ក្រុមហ៊ុន UDG និង​ប្រដាប់​ដោយ​ពូថៅ និង​ញញួរ​នោះ បាន​ចូល​ទៅ​ភូមិ​របស់​ប្រជា​ពលរដ្ឋ ៨​គ្រួសារ​នោះ។ ក្រៅ​ពី​ប្រើ​ឧបករណ៍ GPS ចុច​លើ​ទីតាំង​មាន​ជម្លោះ​នោះ កង​កម្លាំង​សន្តិសុខ​នោះ ថែម​ទាំង​បាន​ព្រមាន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ ឲ្យចាក​ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​រយៈ​ពេល ១​ខែ បើ​មិន​ដូច្នេះ​ទេ ប្រជា​ពលរដ្ឋ​ទាំង​នោះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ដោយ​បង្ខំ។

ប្រជា​ពលរដ្ឋ ៨​គ្រួសារ​នោះ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ភូមិ ៤៧​គ្រួសារ ដែល​កំពុង​មាន​បណ្ដឹង​ជាមួយ​ក្រុមហ៊ុន UDG នៅ​សាលា​ដំបូង​ខេត្ត​កោះកុង និង​បាន​បដិសេធ​ចាក​ចេញ​ពី​លំនៅដ្ឋាន​បច្ចុប្បន្ន​របស់​ពួកគេ៕

ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង៖

​លោក ញៀប សំអឿន មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង

លេខ​ទូរស័ព្ទ ០៩៨ ២១៥ ៥៥៦