ក្រុមអ្នកភូមិឡពាងជាង ៥០នាក់ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ បានដង្ហែរក្បួនដោយសន្តិវិធីដាក់ញត្តិតាមបណ្ដាស្ថានទូតនានាក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិនៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយក្រុមហ៊ុន KDC នៅឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដៃកាន់បដាដែលមានសរសេរថា «ជា ខេង ជាចោរប្លន់ដីអ្នកឡពាង»នោះ ក្រុមអ្នកភូមិបានប៉ះទង្គិចពាក្យសម្ដីជាមួយនឹងក្រុមសមត្ថកិច្ចដែលបានបង្គាប់បញ្ជាពួកគាត់ឲ្យរក្សាសណ្ដាប់ធ្នាប់ក្នុងអំឡុងពេលតវ៉ា និងដាក់ញត្តិនោះ។ ទោះជាយ៉ាងណា ពុំមានអំពើហិង្សាណាមួយកើតឡើងរវាងក្រុមអ្នកភូមិ និងសមត្ថកិច្ចនោះឡើយ ខណៈកម្លាំងបង្ក្រាបបាតុកម្មរបស់សាលារាជធានីភ្នំពេញ ត្រូវបានដាក់ពង្រាយឃ្លាំមើលហេតុការណ៍នោះ។
ក្រុមអ្នកភូមិបានបន្តដង្ហែរក្បួនរបស់ពួកគេទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតរបស់ប្រទេសនានាក្នុងរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានប្រគល់ញត្តិទៅដល់ដៃមន្ត្រីតំណាងស្ថានទូតសហភាពអឺរ៉ុបកាលពីព្រឹកថ្ងៃដដែល។
ជម្លោះដីធ្លីរវាងអ្នកភូមិឡពាង និងក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានផ្ទុះឡើងកាលពីឆ្នាំ២០០៧។ ជម្លោះដីធ្លីបាននាំទៅដល់ការកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ និងការប្រើអំពើហិង្សា ហើយតំណាងអ្នកភូមិមួយចំនួន បានប្រឈមមុខនឹងការគំរាមគំហែង ការចាប់ខ្លួន និងការប្ដឹងឡើងតុលាការពីសំណាក់ក្រុមហ៊ុន៕