ស្ថាប័នការពារសិទ្ធិមនុស្សធំៗចំនួន ២ បានអំពាវនាវទៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យបដិសេធសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការ និងសមាគម ដែលត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចអនុម័តនាពេលថ្មីៗកន្លងមកនេះ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ សមាគមការពារសិទ្ធិអាដហុក និងអង្គការលីកាដូ បានលើកឡើងថា មាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ បានរំលោភសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
នៅថ្ងៃដដែលនេះ បណ្ដាអង្គការ និងសមាគមចំនួន ២៦ស្ថាប័ន ក៏បានស្នើសុំព្រះមហាក្សត្រ នរោត្ដម សីហមុនី កុំឲ្យឡាយព្រហស្ដលេខាលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះផងដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានសមាជិកសភា និងសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច អនុម័តរួចរាល់ហើយកាលពីថ្ងៃទី១៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥កន្លងមកថ្មីៗនេះ។ សេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតនៅស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសម្រេច មុននឹងបញ្ជូនទៅព្រះមហាក្សត្រ។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកជាឧបករណ៍នយោបាយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច ដើម្បីរឹតត្បិតលើសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា៕