អាដហុកទាមទារឲ្យអាជ្ញាធរចាប់ខ្លួនជនឆបោកមកទទួល​ខុស​ត្រូវ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពល​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជាជាង ២០០​នាក់ ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​បរទេស​ឆបោក​អស់​ប្រាក់​ជាច្រើន​រយ​ដុល្លារ និង​ស្វែង​រក​ចាប់​ខ្លួន​ជន​ឆបោក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់។ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់​ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បានមាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​កម្ពុជា ២០១​នាក់ ដែល​បាន​ចុះ​ឈ្មោះ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​តាំង​ពីពាក់​កណ្ដាល​ឆ្នាំ​២០១៤​នោះ បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ឆបោក​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន Rice Natural និង​ក្រុមហ៊ុន Century (កម្ពុជា) ដោយ​ម្នាក់​បាន​កក់​ប្រាក់​ចំនួន ៤០០​ដុល្លារ​អាមេរិក​។ លោក ធន សារាយ ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ឆបោក​ប្រជា​ពលរដ្ឋ​ទាំង​នេះ ហើយ​ដក​ប្រាក់​ដែល​តម្កល់​ទុក​នៅ​ធនាគារ​ជាតិ​ យក​មក​ទូទាត់​ឲ្យ​ជន​រង​គ្រោះ។ ដោយ​យោង​ទៅ​លើ​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក លោក ធន សារាយ ថ្លែង​បន្ថែម​ថា ក្រុមហ៊ុន​ទាំង​ពីរ​បាន​សន្យា​នាំ​ពលរដ្ឋ​ទាំង​នោះ​ទៅ​បម្រើ​ការ​ងារ​ក្នុង​វិស័យ​កសិកម្ម ឧស្សាកម្ម និង​សំណង់​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ក្នុង​រយៈ​ពេល​មិន​លើស​ពី ៦​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​ពីរ​ពុំ​បាន​អនុវត្ត​តាម​កិច្ច​សន្យា​នោះ​ឡើយ និង​បាន​ទម្លាក់​ស្លាក​ក្រុមហ៊ុន​ថែម​ទៀត​ផង។ ដោយ​ផ្អែក​លើ​សវតា​នៃ​ករណី​នេះ សមាគម​អាដហុក​បាន​សន្និដ្ឋាន​ថា ពលរដ្ឋ​ទាំង​នោះ បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ឆបោក​ប្រព្រឹត្ត​ឡើង​ដោយ​ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​បរទេស​ទាំង​ពីរ​នេះ បន្ទាប់​ពលរដ្ឋ​ទាំង​នោះ បានដាក់​ពាក្យ​បណ្ដឹង​មក​សមាគម​អាដហុក ដើម្បី​ស្វែង​រក​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ។ របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៥ បាន​ចេញ​លិខិត​មួយ​ទៅ​ក្រុមហ៊ុន​ទាំង​ពីរ ដោយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ក្រុមហ៊ុន​ទាំង​ពី​បញ្ឈប់​សកម្មភាព​ជ្រើស​រើស​ពលករ​ថ្មី​ក្នុង​រយៈ​ពេល ៤៥​ថ្ងៃ រហូត​មាន​ដំណោះ​ស្រាយ ប៉ុន្តែ​ ប្រជា​ពលរដ្ឋ​ទាំង​នោះ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ​។ ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ជាង ៦០ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​នេះ ហើយ​ក្រុមហ៊ុន​នីមួយៗ បាន​តម្កល់​ប្រាក់​ប្រហែល ១០​ម៉ឺន​ដុល្លារ​នៅ​ធនាគារ​ជាតិ​កម្ពុជា៕