សេចក្តីថ្លែងការណ៏ស្តីពីការអំពាវនាវ អោយមានយន្តការសង្គ្រោះបន្ទាន់ ដល់ពលករចំណាកស្រុក​

សេចក្តីថ្លែងការណ៏

ស្តីពី

ការអំពាវនាវ អោយមានយន្តការសង្គ្រោះបន្ទាន់ ដល់ពលករចំណាកស្រុក​ដែល​កំពុងបន្តប្រឈម នឹងការរំលោភសិទ្ធិពីសំណាក់ក្រុមហ៊ុនក្នុងប្រទេស និងនិយោជកក្រៅប្រទេស

សមាគមអាដហុក មានការព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពពលករចំណាកស្រុក​មួយ​ចំនួន ជាពិសេសពលករ​ចំណាក​ស្រុកទៅប្រទេសម៉ាឡេស៊ី ដែល កំពុងបន្ត ទទួលរងនូវ​ការ​រំលោភសិទ្ធិ ពីសំណាក់ក្រុមហ៊ុនជ្រើសរើស​ពលករ​ក្នុងស្រុក និងពីសំណាក់និយោជក​មួយចំនួននៅក្រៅប្រទេសផងដែរ។

ការរំលោភសិទ្ធិនោះរួមមាន ការធ្វើបាបរូបរាងកាយ ឃុំឃាំង បង្អត់អាហារ រំលោភបំពានផ្លូវភេទ រហូតដល់មានការបាត់ខ្លួន ស្លាប់បាត់បង់ជីវិត ដោយ ការធ្វើ អត្តឃាត ឬមូលហេតុផ្សេងៗ។ ដោយសារភាពមិនអើពើ របស់ក្រុមហ៊ុន មួយចំនួន និងការជួយសង្គ្រោះ​ នៅមានភាពយឺតយ៉ាវ ពីសំណាក់ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធ្វើអោយ​ជន​រងគ្រោះខ្លះ កំពុងតែត្រូវបានជាប់ឃុំឃាំង ក្នុងពន្ធនាគារក្រៅប្រទេស នៅឡើយ។

​ក្នុងខណៈដែលរដ្ឋាភិបាល កំពុង​ធ្វើការ​យ៉ាងសកម្ម ក្នុងការព្យាយាម​ទំនាក់​​ទំនង ​ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីឈាន​ដល់​ការចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈ​នៃការ​យោគយល់គ្នា រវាងប្រទេសទាំងពីរ។​សមាគម​អាដ​ហុក សូមធ្វើការ​អំពាវនាវ​ដល់​រដ្ឋាភិបាល ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងស្ថាបន័ពាក់ព័ន្ធទាំងអស់ដែលធ្វើការ​លើបញ្ហា​ចំណាក​ស្រុក បង្កើនកិច្ចសហការដោះស្រាយ​បញ្ហា​ចំពោះមុខ​ដូចជា ការជួយ​សង្រ្គោះ​​ពលករ​ចំណាកស្រុកដែលកំពុងទទួលរងគ្រោះ ​ដោយការ​រំលោភបំពានផ្សេងៗ ទាំង​ក្នុង​ស្រុក និងក្រៅស្រុក អោយធ្វើសមាហរណកម្ម និងធ្វើ​មាតុភូមិ​និវត្តន៏ ឬនិរទេស​អោយបាន​ឆាប់​រហ័ស​ទាន់ពេលវេលា និងដោយសុវត្ថិភាព។

រយះពេល១០ខែនៃឆ្នាំ២០១១នេះ សមាគមអាដហុក ទទួលបានបណ្តឹង ពីករណី​ជួញ​ដូរមនុស្ស ៩៨ករណី ដែលរួមមានករណី រំលោភកំលាំងពលកម្ម ផងដែរ ​។​ ក្នុងនោះមានករណី​ទៅ ប្រទេសម៉ាឡេស៊ី​ ៧៨ ករណី  ប្រទេសថៃ ១៥ករណី  ឥណ្ឌូនេស៊ី ៤ករណី និងតៃវ៉ាន់ ១ករណី មានជនរងគ្រោះចំនួន​ ៩៤នាក់ ​ត្រូវបាន រំដោះមកវិញ និងមាន ​៦៥​នាក់ ទៀតដែល​កំពុងរង់ចាំដំណោះស្រាយ។

ដូច្នេះ ចំនួនករណីប្តឹងចូលសមាគមយើងពីបទ​ជួញ​ដូរ​មនុស្ស និងរំលោភ​កំលាំងពលកម្ម មានការកើនឡើង​​ ៥៤ករណី ប្រៀបធៀបនឹងរយះពេល​ដដែល​នេះ​ក្នុង​ឆ្នាំ២០១០។ ការសន្និដ្ឋាននេះ ស្របទៅនឹងលិខិតមួយច្បាប់របស់​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​​កាល​ពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១១ ដែលបញ្ជាក់ថា ចំនួនពលករខ្មែរដែលទទួល​មរណៈភាព ឬទទួល​រងគ្រោះថ្នាក់ផ្សេងៗ កំពុងមានការកើនឡើង។[1]

អនុសាសន៏

១.រាជរដ្ឋាភិបាល គួរមានយន្តការសង្រ្គោះបន្ទាន់​ កញ្ចប់ថវិកាបំរុង និងតំណាងការទូត​គ្រប់គ្រាន់​​សំរាប់ជួយសំរួល និង ​ជំរឿនការធ្វើមាតុភូមិនិវត្តន៏​និង​ការធ្វើនិរទេស​របស់​​​​ ពលករចំណាកស្រុកក្នុងករណីចាំបាច់។​

២.​រាជរដ្ឋាភិបាលគួរមានយន្តការជាក់លាក់ និងផ្តល់សេវាមួយ​ចំនួនសំរាប់​ទប់ស្កាត់​ពលករ​កុំឲ្យ​រងគ្រោះនិង​​ ការពារពលករដែលរងគ្រោះដោយអំពើរំលោភបំពានផ្សេងៗ តាមរយ: ការ​ផ្តល់ សេវាសង្គម និង​សេវាចិត្តសាស្ត្រ ដើម្បី​សំរួល​ការធ្វើសមាហរណកម្ម​ប្រកប​ដោយ​សុវត្ថិ​ភាព​។

៣.គួរមានកំណែទម្រង់លើច្បាប់ និងក្រឹត្យច្បាប់ដែលទាក់ទងនឹងពលករចំណាកស្រុក ដោយ​មាន​​ការ​ពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ក្នុងការត្រួតពិនិត្យ និងតាមដាន​សកម្មភាព​ការងាររបស់ក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុក ដើម្បីធានាថា ពលករធ្វើ​ចំណាក​ស្រុក​​ដោយ​ស្មគ្រ័ចិត្ត និងដោយសុវត្ថិភាព។

៤.ផ្តល់សច្ចាប័នលើ (ILO Convention on Decent Work for Domestic Workers) ដែលតម្រូវអោយ​មានប្រព័ន្ធប្តឹងផ្តល់ងាយស្រួលសំរាប់ជនរងគ្រោះ និងការពិន័យ​យ៉ាងធ្ងន់ធ្ងរ​ដល់ក្រុមហ៊ុន​ដែលរំលោភបំពានលើបទដ្ឋានច្បាប់នានា និងហាមឃាត់​ការកាត់ប្រាក់​ខែ​ពលករ​ ដើម្បី​សង​ទៅក្រុមហ៊ុនវិញ។

៥.អនុវត្តបម្រាមរបស់នាយករដ្ឋមន្រ្តី ឲ្យបានម៉ត់​ចត់​ដើម្បីរង់ចាំរដ្ឋាភិបាល​មាន​ដំណោះស្រាយ​សមរម្យមួយ ឈានដល់ការព្រមព្រៀងគ្នាជាមួយ​រដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីចុះ​កិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់​ រវាង​ប្រទេស​ទាំងពីរ ដែលអាចបង្កើនការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុក រួមមាន​ការលើកកម្ពស់ការការពារ ការងារ ប្រាក់ឈ្នួល លក្ខណ្ឌការងារ និងលក្ខណ្ឌរស់នៅ​សមរម្យនិងត្រឹមត្រូវរបស់ពលករចំណាក ស្រុក។

៦.បង្កើនការសហការជាមួយសហគមន៏អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងការជួញដូរមនុស្ស ការរំលោភកំលាំងពលកម្ម និងការរស់នៅក្នុងស្ថានភាព​ជាទាសករ​សម័យថ្មី។

ភ្នំពេញ,ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១១

 

សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងៈ

អ្នកស្រី សាវដា ច័ន្ទក្រឹស្នា ប្រធានកម្មវិធីសិទ្ធិស្រី្ត និង កុមារ ទូរស័ព្ទលេខ ០១៧ ៣៨៤ ៣០១

អ្នកស្រី លឹម មុនី អនុប្រធានកម្មវិធីសិទ្ធិស្រី្ត និង កុមារ ទូរស័ព្ទលេខ ០១២ ៨៣៤ ៤៤៩



[1] មិនទាន់មានកិច្ចព្រមព្រៀងជាមួយប្រទេសម៉ាឡេស៊ី ស្តីពីពលករចំណាកស្រុក ខេមបូឌាដេលី ថ្ងៃអង្គារទី ២០ ខែ ធ្នូ ឆ្នាំ ២០១១