សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា(អាដហុក) បានធ្វើការ តាមដាន និងឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ទៅលើដំណើរការ នៃទំនាស់ដីធ្លីក្នុង តំបន់បឹងកក់ ព្រមទាំងដំណើរការនៃការ ចាប់ខ្លួន និងផ្ដន្ទាទោស អ្នកភូមិបឹងកក់ ចំនួន ១៣ នាក់ ដោយតុលាការ កម្ពុជា នាពេលកន្លងមក។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ តុលាការ សាលាឧទ្ធរណ៍ បានបើកសវនាការ ជំនុំជម្រះ ករណី អ្នកភូមិបឹងកក់ ១៣នាក់ ដែលត្រូវបានផ្ដន្ទាទោស ដោយតុលាការ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងមក។ សាលាឧទ្ធរណ៍ បានតម្កល់សេចក្ដីសំរេច របស់តុលាការ សាលដំបូង រាជធានីភ្នំពេញ ដោយគ្រាន់តែធ្វើការ កែប្រែស្ថានទម្ងន់ ទោសពីការ ផ្ដន្ទាទោស អ្នកទាំង ១៣នាក់ ពីជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ មកនៅត្រឹម ១ខែ ៣ថ្ងៃ វិញ។ នៅក្នុង អង្គសវនាការ ដែលដឹក នាំដោយ ឯកឧត្ដម សេង ស៊ីវុត្ថា ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ ប្រជាពលរដ្ឋ ទាំង ១៣នាក់ មានឱកាស ច្រើនជាង នៅក្នុងអង្គសវនាការ សាលាដំបូង រាជធានីភ្នំពេញ ក្នុងការឆ្លើយ ដោះបន្ទុក ក៏ប៉ុន្តែ នៅក្នុង អង្គសវនាការ នោះ តុលាការពុំបាន អនុវត្ត អោយបានពេញលេញ តាមនីតិវិធី ដែលចាំបាច់ ផ្សេងៗទៀត ដូចជាមិនបាន បំពេញតាមសំណើរបស់ មេធាវីការពារជនជាប់ចោទ ដែលទាមទារ អោយ អាជ្ញាធរដែលជាដើមបណ្ដឹង មកបង្ហាញខ្លួនក្នុង អង្គសវនាការ ដើម្បីធ្វើការសួរដេញដោល នោះទេ។ ជាមួយគ្នានេះផងដែរ តុលាការ បានត្រឹមតែ បង្ហាញ រូបថតនៃវត្ថុតាង ដែលជនជាប់ចោទប្រើប្រាស់ ដោយ ខកខានមិនបាន បង្ហាញ វត្ថុតាងជាក់ស្ដែងនៅ ក្នុងអង្គ សវនាការនោះទេ។
យោងតាម ការឆ្លើយ ដោះបន្ទុក របស់អ្នកភូមិបឹងកក់ ទាំង ១៣នាក់ និងសាក្សី ផ្ទាល់ភ្នែក របស់ ជនជាប់ចោទ បានបង្ហាញ យ៉ាងច្បាស់ថា អ្នកភូមិទាំង ១៣នាក់ មិនបានប្រព្រឹត្ត ខុសដូចការ ចោទប្រកាន់ របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ នោះទេ ដោយហេតុថា អ្នកទាំង ១៣នាក់ មិនបាន ធ្វើសកម្មភាព សាងសង់ ឬវាស់វែងបោះ បង្គោលព្រុំ ដីនៅលើ កន្លែងដីមានទំនាស់ឡើយ ម៉្យាងវិញទៀ នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ នោះ ពួកគេពុំបាន ធ្វើសកម្មភាព ប្រើហិង្សា ទៅលើសមត្ថកិច្ចឡើយ ដូចនេះ តុលាការសាលាឧទ្ធរណ៍ ត្រូវតែធ្វើការលើកលែង ចោទ ដល់អ្នកភូមិទាំង ១៣នាក់ ទើបជាការត្រឹមត្រូវតាមច្បាប់។ តែផ្ទុយទៅវិញ តុលាការសាលាឧទ្ធរណ៍ បានសំរេច ដោះលែង ប្រជាពលរដ្ឋទាំង ១៣នាក់ ដោយមធ្យោបាយ កាត់តម្រឹម ស្ថានទម្ងន់ទោស ដែលជាការសំរេចសេចក្ដីមួយ ពុំបានឈរលើមូលដ្ឋាន យុត្តិធម៌ គឺជាការបិទបាំង កំហុសរបស់ តុលាការសាលាដំបូងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត ០១១ ២៧ ៤៩ ៥៩
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេត ០១៦ ៦៦ ៧៣ ៧៣