ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣
សេចក្ដីថ្លែងការណ៍ ត្រូវធ្វើការដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា
សមាគមការពារសិទ្ធិមនុស្សអាដហុក បានធ្វើការតាមដាន ដោយយកចិត្តទុកដាក់ ទៅលើ ករណី កាត់ទោស អ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លី នៅតំបន់បឹងកក់ ដែលត្រូវ សមត្ថកិច្ច ក្រុងភ្នំពេញចាប់ខ្លួន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ពីលំនៅដ្ឋាន របស់អ្នស្រី នៅថ្ងៃដដែលនោះ តុលាការ ក្រុងភ្នំពេញ ក៏បានបើកសវនាការបឋម និងសំរេចឃុំខ្លួនអ្នកស្រី។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ តុលាការ ក្រុងភ្នំពេញបានបើក សវនាការ កាត់ទោស អ្នកស្រី យ៉ោម បុប្ផា និងបានសំរេចផ្ដន្ទាទោស អ្នកស្រី ដាក់ពន្ធនាគារ រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០,០០០,០០០ រៀល (សាមសិប លានរៀល) ស្មើនឹង (៧,៥០០ ដុល្លាអាមេរិក) ចំណែកប្ដីរបស់អ្នកស្រី (លោក លូ សាខន) ត្រូវបានតុលាការសំរេច ដោះលែងអោយនៅក្រៅឃុំ។
សាលឧទ្ធរណ៍ ក៏បានបើកសវនាការ លើករណី របស់អ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃទី៥ និង ទី១៤ ខែមិថុនា ឆ្នាំ២០១៣ បើទោះបីជា ការបើកសវនាការនោះ សាលាឧទ្ធរណ៍បាន ប្រើពេលវេលា រហូតដល់ទៅ ២ថ្ងៃសំរាប់ ការសួរដេញដោល ទៅលើអ្នកស្រី យ៉ោម បុប្ផា និងអ្នកពាក់ព័ន្ធ យ៉ាងណាក្ដី ក៏តុលាការសាលាឧទ្ធរណ៍ បានសំរេចតំកល់ សេចក្ដីសំរេចរបស់ តុលាការ សាលាដំបូងរាជធានីភ្នំពេញនៅដដែល នេះគឺជាការបង្ហាញអោយឃើញថា ទាំងតុលាការសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ពុំបានផ្ដល់យុត្តិធម៌ដល់ (ស្រ្តី) ជាសកម្មជនការពាររសិទ្ធិមនុស្ស រូបនេះឡើយ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី យ៉ោម បុប្ផា បានចូលរួមសកម្មជាមួយសហគមន៍ បឹងកក់ ជាសកម្មជនការពារ ដីធ្លី ក្នុងដំបន់បឹងកក់តាំងពីឆ្នាំ២០០៧ ដោយប្រឆាំងទៅនឹងការបណ្ដេញ ប្រជាសហគមន៍ បឹងកក់ ដោយបង្ខំពីលំនៅដ្ឋានរបស់ពួកគេ ដែលពេលនោះ អាជ្ញាធរក្រុងភ្នំពេញ ក៏បានចាប់ ខ្លួនប្រជាសហគមន៍ បឹងកក់ ចំនួន ១៣ នាក់។ ក្រៅពីការចូលរួម តវ៉ាយ៉ាងសកម្មតាមរយៈ តស៊ូមតិ អ្នកស្រី ក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងបាតុកម្មអហិង្សា ជាច្រើនលើក ក្នុងការទាមទារអោយក្រុមហ៊ុន ដែលបានទទួលសម្បទានដីសេដ្ខកិច្ចពីរដ្ឋាភិបាល នៅតំបន់បឹងកក់ អោយ ប្រគល់ដីដែលប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដំបន់នោះ អោយប្រជាពលរដ្ឋវិញ។ ជាពិសេសទៅទៀតនោះ មុនពេលមានការចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា អ្នកស្រីក៏បានទទួលការគំរាមកំហែង ជាច្រើនលើកច្រើនសារផងដែរ។
ដើម្បីលើកកំពស់ នៃឧត្ដមភាព របស់តុលាការ នៃការកាត់សេចក្ដី ដោយឯករាជ្យ និងមិនលំអៀង របស់តុលាការ ស្របតាម មាត្រា ១៤(១) នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពី សិទ្ធពលរដ្ឋ និង សិទ្ធិនយោបាយ និង មាត្រា ១០នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។ សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវតុលាការកំពូល នៃព្រះរាជណាចក្រកម្ពុជា ត្រូវសំរេច អោយអ្នកស្រី យ៉ោម បុប្ផា រួចផុតពីបទចោទ និងដោះលែងអ្នកស្រីអោយមានសេរីភាពឡើងវិញ។ ជាមួយគ្នានេះនេះផងដែរ តុលាការកំពូល ក៏ត្រូវធ្វើការ ស៊ើបអង្កេតទៅលើករណី ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ដែលបានផ្ដន្ទាទោសអ្នកស្រី ដោយគ្មានភស្ដុតាងនាពេលកន្លងមកនេះ។
ពត៌មានបន្ថែមសូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និង ច្បាប់ នៃសមាគមអាដហុកៈ ០១១ ២៧៤ ៩៥៩