សភា​បក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​អង្គការ

S__5988355ដោយ​គ្មាន​អ្វី​កែ​ប្រែ​ច្រើន រដ្ឋ​សភា​ដែល​មាន​តែ​សមាជិក​មក​ពី​គណ​បក្ស​កាន់​អំណាច បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ខណៈ​មនុស្ស​ប្រហែល ៥០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជំទាស់​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។

សេចក្ដី​ព្រាង​ច្បាប់​ដែល​មាន​ ៩​ជំពូក និង ៣៩​មាត្រា​នេះ ត្រូវ​បាន​សមាជិក​រដ្ឋ​សភា​ចំនួន ៦៨​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​មក​អនុម័ត​ម្ដង​មួយ​ជំពូកៗ និង​បញ្ចប់​ការ​​អនុម័ត​ទាំង​ស្រុង​នៅ​ត្រឹម​មួយ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥ ខណៈ​សន្តិសុខ​ជុំ​វិញ​វិមាន​រដ្ឋ​សភា ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង ដើម្បី​ទប់​ទល់​នឹង​ការ​តវ៉ា​ជំទាស់​ពី​សំណាក់​ក្រុម​សង្គម​ស៊ីវិល សមាជិក​សហគមន៍ និង​យុវជន។

រីឯ​សមាជិក​សភា​ចំនួន ៥៥​រូប មក​ពី​គណបក្ស​សង្គ្រោះជាតិ ដែលមិន​គាំ​ទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ បានធ្វើពហិការ​ទៅ​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​រង​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

នៅ​ជុំ​វិញ​មាន​រដ្ឋ​សភា កម្លាំង​សន្តិសុខប្រដាប់​ដោយ​ខែល ដំបង​ឆក់ និង​របាំង​ដែក​ ត្រូវ​បានគេ​ដាក់​ពង្រាយ​ និង​ទប់​ស្កាត់​ក្បួន​តវ៉ា​របស់​ក្រុម​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ ដែល​បានយល់​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ និង​គោល​ការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ។

សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​ព្រឹទ្ធ​សភា​អនុម័ត​បន្ថែម​ទៀត មុន​នឹង​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា៕