ប្រជាពលរដ្ឋជាង ៥០នាក់មកពីសហគមន៍មានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ ដោយបានអំពាវនាវឲ្យសមាជិករដ្ឋសភាទម្លាក់ចោលជាបន្ទាន់នូវសេចក្ដីព្រាងច្បាប់សមាគម-អង្គការសង្គមស៊ីវិល ហើយងាកទៅជួយដោះស្រាយទំនាស់ដីធ្លីដែលកំពុងកើតឡើងយ៉ាងរាលដាលនៅទូទាំងប្រទេសកម្ពុជា។
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីមកពីតំបន់បឹងកក់ ដែលត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារជាច្រើនដោយសារបានចូលរួមក្នុងសកម្មភាពតវ៉ានានានោះ បានស្រែកអំពាវនាវតាមឧបករណ៍បំពងសំឡេង ឲ្យសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបញ្ឈប់ ឬផ្អាកជាបន្ទាន់នូវការពិនិត្យ និងអនុម័តសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នោះ ដែលត្រូវបានគេចាត់ទុកជាការរឹតត្បឹតសេរីភាពរបស់សង្គមស៊ីវិលក្នុងការជួយដល់ប្រជាពលរដ្ឋ ប្រសិនបើច្បាប់នោះត្រូវបានរដ្ឋសភាអនុម័ត។
ខណៈពេលនោះ ក្រុមអ្នកតវ៉ាដែលមកពីសហគមន៍បឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ថ្មគោល បានជម្រុញឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅសាលារាជធានីភ្នំពេញ ឲ្យស្វែងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ៧គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
ក្រុមអតីតស្ត្រីបឹងកក់ បានទាមទារយកចំណែកដី ៧០ភាគរយ នៃទំហំដីដែលគ្រួសារនីមួយៗកាន់កាប់នៅមុនហេតុការណ៍បូមខ្សាច់ពន្លិចដីធ្លី និងឈូសឆាយផ្ទះសម្បែងកាលពីឆ្នាំ២០១០៕