លទ្ធផល​សង្ខេប​ផ្នែកដោះ​ស្រាយទំនាស់ ឆ្នាំ២០១៣

កម្មវិធី​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​ផ្នែកមួយថ្មី​របស់​អង្គការ​អាដហុក ដែលត្រូវ​​បានបង្កើត​ឡើងក្នុងឆ្នាំ២០១៣ បន្ទាប់​ពីបាន​ធ្វើចប់​រួចរាល់ នូវឧបករណ៏​ដោះស្រាយ​​ទំនាស់​ដែល​មាន ៥ជំហាន និង ២៣ឧបករណ៏ ដែលជាការ​ជួយឧបត្ថ​គាំទ្រផ្នែកស្មារតី និង សម្ភារៈ ពីសំណាក់​​សាកល​វិទ្យាល័យ​ទីលប័ក មានមូល​ដ្ឋាននៅ​ប្រទេសហូឡង់ ។

កម្មវិធី​នេះមាន​គោលបំណង ដើម្បី​ជួយដល់​ពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាសហគមន៏​នៅតាម​​ជនបទ​ដែលមាន​ទំនាស់តូច​តាច បាន​ទទួល​នូវ​យុត្តិធម៌ ដោយពុំ​ចាំបាច់​ពឹងផ្អែក​តែទៅ​លើប្រពន្ធ័​​ដោះស្រាយ​​ផ្លូវការ​តែប៉ុណ្ណោះ​នោះទេ ។

តាមការ​ស្រាវជ្រាវ​របស់វិទ្យា​ស្ថាន​មួយ​នៃប្រទេសហូឡង់ បានរក​ឃើញថា នៅលើពិភព​​លោក មានទំនាស់​ប្រហែល​ជា៨០% ដែល​អាច​ដោះ​ស្រាយ​បានតាម​យន្តការ​សម្រុះសម្រួល ។ មិនខុស​អ្វីពី​​ប្រទេសកម្ពុជា​ទេ គឺយើង​សង្កេត​ឃើញ មានទំនាស់​តូចតាច​ជាច្រើន ដែលអាច​សម្រុះ​សម្រួល​គ្នាបាន  ប៉ុន្តែ​ដោយសារ​ ភាពខ្វះការ​យល់ដឹង និង ការមានះ​ចង់ឈ្នះ​ចង់ចាញ់ ទើបបណ្តាល​ធ្វើឲ្យពួក​គេ​តស៊ូក្តី​ក្តាំគ្នា រហូត​ភ្លេច​គិត​ពីការ​ខាតបង់​​លុយកាក់ និង ខាតបង់​ពេលវេលា រហូតខ្លះ​ទៀត ឈានដល់​មានអំពើ​ហិង្សា និង គំនុំ​គំគួន​គ្នាថែម​​ទៀតផង ។ ដូច្នេះ​ហើយ​ទើប​នៅឆ្នាំ២០១៣​នេះ  ដោយ​មានការ​ជួយ​ឧបត្ថម្ភ​គំាទ្រ​ពីសហភាព​អឺរ៉ុប និង ​ម្ចាស់ជំនួយ​ផ្សេងៗទៀត អង្គការ​អាដហុក​បាន​ចាប់​ផ្តើម​ដំណើរ​ការ​អនុវត្តន៏​គំរោង ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​​តុលាការ ដោយ​ធ្វើការ​រួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ពិសេស​ឃុំ-សង្កាត់ និង អង្គការ​ដៃគូ ដើម្បី​​ជួយ​​ដោះស្រាយ​​ទំនាស់​មួយចំនួន ពិសេស​ករណី​រដ្ឋប្បវេណី ដោយ​ប្រើប្រាស់ នូវ​ឧបករណ៏​ដោះស្រាយ​ទំនាស់​​ក្រៅប្រព័ន្ធ​​តុលាការ​ទាំង២៣ ​ដែល​អង្កការ​បានរៀប​ចំឡើង​កន្លង​មក​ជា​មធ្យោបាយ  ។

ជាក់ស្តែង​ក្នុងរយៈ​ពេលមួយ​ឆ្នាំកន្លង​មកនេះ សាខា​ខេត្ត-ក្រុង​​របស់យើង​ចំនួន១៨ បានទទួល ពាក្យស្នើសុំ និងធ្វើ​ការ​សម្រុះ​សម្រួល​បាន​ចំនួន១៥៧​ករណី ក្នុង​នោះរួមមាន​ទំនាស់ ដីធ្លី ៣៥ករណី កិច្ចសន្យា ១៤ករណី កេរ្តិ៍មរតក ៩ករណី ទំនាស់ក្នុង​គ្រួសារ ៦០ករណី អាពាហ៏ពិពាហ៏ ៨ករណី ទ្រព្យសម្បត្តិ ៧ករណី ផ្លូវ ៨ករណី ការរំខាន​អ្នកជិត​ខាង​​ ២ករណី ទំនាស់​ពាក្យសំ​ដី ១២ករណី ការងារ ១ករណី និង ផ្សេងៗ​ (គ្រូធ្វើ​ទារុណកម្ម​សិស្ស) ១ករណី ។

ADR's chart

ជាមួយ​គ្នានោះ យើងធ្វើ​ការ​សម្រុះ​​សម្រួល​​បញ្ចប់​កិច្ចព្រម​ព្រៀង បានចំនួន​ ​១១០​ករណី ស្មើ៧០%  កំពង់បន្ត​ដោះស្រាយ​ចំនួន ៣៥​ករណី ស្មើ២២,៤% និង ចំណាយ​ចេញ ដោយ​​​ភាគី​មិនស្រុះ​​ស្រួលគ្នា ចំនួន ១២​ករណី ​ស្មើ៧,៦% ។

យោងតាម​ការស្ទង់​មតិ ​ ដែលបាន​ធ្វើ​ឡើង​ដោយអ្នក​ជំនាញ របស់​អង្គការ​អាដហុក កាលពី​​ចុងឆ្នាំ​២០១៣​ និងដើម​ឆ្នាំ២០១៤ ដោយ​ការ​ធ្វើ​សម្ភាស​ន៌ជា​មួយភាគី អ្នកទទួល​ផល​ចំ​នួន​ ៩០នាក់ បានឆ្លើយ​ថាៈ ពេញចិត្ត​នឹង​ដំណោះ​ស្រាយ​៩៦%​ ពេញចិត្ត​នឹង​លទ្ធផល​មាន​យុត្តិធម៌ ៩៣% ​អ្នកសម្រុះ សម្រួល​មានភាព​អព្យា​ក្រឹត៩០%​ កំឡុង​ពេល​សម្រុះ​ស​ម្រួល គេអាច​​និយាយ​បាន នូវអ្វី​ដែល​គេចង់ និយាយ៩១% បន្ទាប់​ពីដោះស្រាយ​រួច ពួកគេ​មាន​ទំនាក់ទំនង​គ្នា​ប្រសើ​ជាងមុន​មាន ៩២% និង​ភាគី ឆ្លើយថា ពេល​អនាគត​ប្រសិន​បើមាន​បញ្ហា​គេនឹង​មកសុំ​ឲ្យ​អាដហុក​ជួយដោះ​ស្រាយ៩០% ​ ។

ដូចគ្នានេះ​ដែរ សំរាប់​ឆ្នាំ២០១៤ យើងក៏​មានគំរោង​ផែនការ ដើម្បី​ជួយ​សម្រុះ​សម្រួល​ករណី ជូនប្រជា​ពលរដ្ឋ​បន្តទៀត ដោយ​ករណី​មួយ​ចំនួន យើងនឹង​ផ្តល់ជូន​គណៈ​កម្មការ​ដោះស្រាយ​ទំនាស់​​សហគមន៏​តាម​បណ្តា​ឃុំ​ទាំង ៣៣ ដែល​បាន​បណ្តុះ​បណ្តាល​ជំនាញរួច ឲ្យ​ធ្វើជា​អ្នកសម្រុះ​សម្រួល ដើម្បី​ធ្វើយ៉ាង​ណាទៅ​អនាគត ឲ្យ​សេវា​យុត្តិធម៌​នេះ កាន់​តែខិត​ជិតប្រជា​សហគមន៏​នៅជន​បទ  ។ ​