យុវតីវ័យ ២០ឆ្នាំម្នាក់ ត្រូវបានយុវជន ៤នាក់ រំលោភសេពសន្ថវៈកាលពីសប្ដាហ៍កន្លងមក នៅឯខេត្តព្រះវិហារ ដែលនេះជាករណីរំលោភបូកទីពីរ ត្រូវបានរាយការណ៍ថា បានកើតមានអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងមក។
យោងតាមកំណត់ហេតុសាកសួរជនរងគ្រោះធ្វើឡើងដោយមន្ត្រីអង្កេតសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តព្រះវិហារ បានឲ្យដឹងថា យុវតី ស.ត. ជាកម្មករស៊ីឈ្នួលដែលបានមកស្នាក់នៅជាមួយបងស្រីនៅក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានយុវជន ៤នាក់ រស់នៅក្នុងភូមិឃុំខាងលើ ចាប់រំលោភយ៉ាងព្រៃផ្សៃរហូតដល់សន្លប់បាត់ស្មារតី កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥កន្លង នៅឯវាលស្រែចុងភូមិ។
នារីរងគ្រោះ ត្រូវបានបងថ្លៃស្វែងរកឃើញ និងបញ្ជូនមកសង្គ្រោះ និងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យស្ថិតនៅទីរួមខេត្ត។
របាយការណ៍ស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនល្មើសទាំង ៤នាក់ មានឈ្មោះ ហេង ចាន់ហុង អាយុ ២៥ឆ្នាំ, ប៉ុង រី អាយុ ១៦ឆ្នាំ, នឿន វ៉ាន់ថៃ អាយុ ២៥ឆ្នាំ និង គង់ ម៉ូត អាយុ ២៨ឆ្នាំ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ឃាត់ខ្លួនបានក្រោយកើតហេតុ ចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត រង់ចាំការកាត់ក្ដីពីតុលាការ។
នេះគឺជាករណីរំលោភបូកមួយក្នុងចំណោម ២ករណីដែលបានកើតឡើងនៅខេត្តផ្សេងគ្នាអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីកាលពីសប្ដាហ៍កន្លងមក។ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥កន្លងមក យុវតីវ័យ ១៥ឆ្នាំម្នាក់ នៅខេត្តកែប ត្រូវបានជនល្មើស ៤នាក់ បញ្រ្ចក់ស្រារហូតដល់សន្លប់បាត់ស្មារតី ហើយរំលោភសេពសន្ថវៈបានសម្រេច។
យោងតាមរបាយការណ៍របស់សមាគមអាហុដ បានឲ្យដឹងថា ករណីរំលោភបូកប្រឆាំងលើស្ត្រីភេទ បានកើនឡើងពី ១១ករណីនៅឆ្នាំ២០១៣ ដល់ ១៦ករណីនៅឆ្នាំ២០១៤ ហើយចំនួនជនល្មើសបានកើនឡើងទ្វេដងនៅក្នុងរយៈពេលនេះ។ ដោយឡែកខេត្តព្រះវិហារ មានករណីរំលោភបូកលើស្ត្រីភេទ ១ករណីនៅឆ្នាំ២០១៤៕