ពលរដ្ឋប្រឈម​ការ​បណ្ដេញ​ចេញ​នៅ​ខេត្ត​ក្រចេះ​ឡើង​មក​ស្វែង​រក​អន្តរាគមន៍​នៅ​ភ្នំពេញ

IMG_9858ភ្នំពេញ (១៤ កក្កដា ២០១៥)៖ ប្រជាពលរដ្ឋ​ចំនួន ៧៧​គ្រួសារ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នៅថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ បាន​ដាក់​ញត្តិ​ទៅ​កាន់​សម្ដេច​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន UBE Development Co., Ltd។

នៅ​ក្នុង​ញត្តិ​ដែល​តំណាង​ ៥​រូប​ដាក់​ជូន​ទៅ​ប្រធាន​ស្ថាប័ន​រដ្ឋ​សភា បាន​រៀបរាប់​ថា ប្រជា​ពលរដ្ឋ​ចំនួន ៧៧​គ្រួសារ ដែល​បដិសេធ​ទទួល​សំណង​តិច​តួច​ពី​ក្រុមហ៊ុន UBE Development របស់​លោក អឹង ប៊ុនអៀង នោះ កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ដោយ​បង្ខំ​ បន្ទាប់​ពី​ពួក​គាត់​បដិសេធ​ទទួល​សំណង​មិន​សមរម្យ​ពី​ក្រុមហ៊ុន​។

ប្រជា​ពលរដ្ឋ​បាន​អះ​អាង​ថា ពួកគាត់​បាន​រស់​នៅ​ និង​ប្រកប​របរ​កសិកម្ម​លើ​ដី​ធ្លី​របស់​ពួកគាត់​នៅ​ភូមិត្រពាំងស្រែ ឃុំ​២​ធ្នូ តាំង​ពី​ឆ្នាំ​១៩៩៦ ហើយ​ជម្លោះ​ដីធ្លី​រវាង​ពួកគាត់ និង​ក្រុមហ៊ុន បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ហើយ​បាន​យក​ដី​នោះ​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុមន​ឯកជន។

កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ តុលាការ​ខេត្ត​ក្រចេះ​បានចេញ​ដីកា​រក្សា​ការពារ​តាម​ការ​ទាម​ទារ​របស់​ភាគី​ក្រុមហ៊ុន និងបាន​បញ្ជា​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នោះ រុះរើ​ផ្ទះ​សម្បែង​ចាក​ចេញ​មុនថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៥​ខាង​មុខ​នេះ៕