ពលរដ្ឋស្រុកពញាឮឡើងដាក់ញត្តិនៅភ្នំពេញ

លោក កុយ ចាន់ថន ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​នាក់​ដែល​បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ
លោក កុយ ចាន់ថន ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​នាក់​ដែល​បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ

ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់ មក​ពី​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​អ្នក​តំណាង​រាស្ត្រ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន SKD។

លោក កុយ ចាន់ថន ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ឡើង​មក​ដាក់​ញត្តិ បាន​និយាយ​ថា តំណាង​អ្នក​ភូមិ ៥​នាក់ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ជួប​ជាមួយ​តំណាង​រាស្ត្រ​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ មុន​នឹង​ពួក​គាត់​បន្ត​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ម្ដុំ​មុខ​វត្ដ​បទុម។

លោក កុយ ចាន់ថន បាន​ឲ្យ​ដឹង​ថា តំណាង​រាស្ត្រ លោក ចាន់ ចេង បាន​ជួប​ជាមួយ​តំណាងប្រជា​ពលរដ្ឋ​ទាំង ៥​រូប​នៅ​ក្នុង​មន្ទីរ​រដ្ឋ​សភា ប៉ុន្តែ​បាន​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​រង់​ចាំ​រហូត​ដល់លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ត្រឡប់​ពី​ដំណើរ​ទស្សន​កិច្ច​នៅ​ក្រៅ​ប្រទេស។

តំណាង​អ្នក​ភូមិ​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មន្ត្រី​មក​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ទទួល​ញត្តិ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ។

នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ជូន​ទៅ​រដ្ឋ​សភា និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​អន្តរាគមន៍ និង​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ចំនួន ៧១​គ្រួសារ និងអ្នក​ស្រី លឹម គា តំណាង​ក្រុមហ៊ុន​សុរាគារ​ខ្មែរ SKD លើ​ទំហំ​ដី ១៥៥​ហិកតា ស្ថិត​នៅ​ភូមិ​កាកាប ភូមិ​ប្រាសាទ ភូមិ​ស្លែងមានជ័យ ភូមិ​ស្វាយ ឃុំ​ឈ្វាំង និង​ភូមិ​ស្លែង ឃុំ​ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។

ញត្តិ​ដដែល​បាន​ឲ្យ​ដឹង​ថា ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ និង​អ្នក​ស្រី លឹម គា ម្ចាស់​ក្រុម​ហ៊ុនសុរាគារ​ខ្មែរ (SKD) និង​ឈ្មោះ ឡាយ ហៀង បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៦ នៅ​ពេល​ដែលភាគី​ក្រុម​ហ៊ុន​បាន​បញ្ជូន​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ និង​ព័ទ្ធ​យក​ដី​ប្រជា​ពលរដ្ឋ៕