ជនជាតិភាគតិច៥១គ្រួសារនៅមណ្ឌលគិរីបដិសេធប្ដូរភូមិដ្ឋាន

11721167_723301161132241_1810476690_nអ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ចំនួន ៥១​គ្រួសារ​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​បដិសេធ​ទៅ​នឹង​សំណើរ​ផ្លាស់​ប្ដូរ​ទីតាំង ដែល​ស្នើ​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​បំណង​បញ្ចប់​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន VARANASY​ Co., Ltd។

យោង​តាម​លោក សុក រដ្ឋា អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា លោក យឹម លុច អភិបាល​រង​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ ៥១​គ្រួសារ ក្នុង​វេទិកា​សាធារណៈ​មួយ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៥ ថា ដើម្បី​បញ្ចប់​ជម្លោះ​ដី​ធ្លី ៣៥០​ហិចតា​ជាមួយ​ក្រុមហ៊ុន VARANASY Co., Ltd ប្រជា​ពលរដ្ឋ​ទាំង​អស់​ នឹង​ត្រូវ​ស្នើ​ឲ្យ​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី។

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ទោះជាយ៉ាងណា ក្រុម​អ្នក​ភូមិ​បាន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​សំណើរ​បែប​នោះ និង​ស្នើ​សុំ​ដក​ដើម​កៅស៊ូ​ចោល ប្រសិន​បើ​ពុំ​មាន​សំណង​សមរម្យ​សម្រាប់​ពួកគាត់។

យោង​តាម​របាយការណ៍​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា ជម្លោះ​ដី​ធ្លី​រវាង​អ្នក​ភូមិ​ជន​ជាតិ​ភាគតិច និង​ក្រុមហ៊ុន​កាន់​កាប់​ដោយ​ជន​ជាតិ​បារាំង​មួយ​នេះ បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១០ ហើយ​គ្មាន​ដំណោះ​ស្រាយ​ណាមួយ​កើត​ឡើង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕