ក្រុម​សិទ្ធិ​មនុស្សអន្តរជាតិ​ថ្កោល​ទោស​ចំណាត់​ការ​តុលាការ​កម្ពុជាលើ​សកម្មជន​សិទ្ធិ​មនុស្ស

IMG_7284អង្គការ​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ទៅ​នឹង​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាការ​ទៅ​លើ​លោក នី ចរិយា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ​ម្នាក់​នៅ​កម្ពុជា។

លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និងជំនួយ​ផ្លូវ​ច្បាប់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ២​រូប ប្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ និង​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​តុលាការ។

បន្តឹង​ប្រឆាំង​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​កើត​ឡើង​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ខែ​ឧសភា​កន្លង​មក​ថា ពលរដ្ឋ ២​រូប​មក​ពី​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ដោយ​ខុស​នីតិវិធី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ជប់រំដេង និង​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម។

លោក នី ចរិយា ដែល​បាន​រិះ​គន់​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កោះ​ហៅ​ចូល​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ ហើយ​សំណុំ​រឿង​នេះ​ក៏​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។

នៅ​ក្នុង​លិខិត​ថ្កោល​ទោស​មួយ​ចេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ​២០១៥ ក្រុម​អ្នក​អង្កេតការណ៍​អន្តរជាតិ​ដើម្បី​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​ចាត់​ទុក​ចំណាត់ការ​របស់​តុលាការ​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​ដោយ​ស្រប​ច្បាប់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ។

ក្រុម​ឃ្លាំ​មើល​អន្តរជាតិ​មួយ​នេះ ក៏​បាន​​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចប់​ការ​គំរាម​កំហែង និង​បំផិត​បំភ័យ​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង​អស់​នៅ​កម្ពុជា និង​គោរព​តាម​គោលការណ៍​នៃ​សេចក្ដី​ថ្លែងការណ៍​អង្គការ​​សហ​ប្រជាជាតិ​ស្ដី​ពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨។

បន្ដឹង​ប្រឆាំង​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ​រូប​នេះ ទទួល​រង​នូវ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ពី​អង្គការ​​អន្តរជាតិ​នានា ដែល​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​នោះ​មាន​អង្គការ Frontline Defenders មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូភ្លីន ប្រទេស​អៀឡង់ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជាដើម៕