កម្មករកម្មការិនីរាប់ពាន់នាក់ រួមជាមួយមេដឹកនាំសហជីពធំៗ បានដើរដង្ហែរក្បួន និងជួបជុំគ្នាដោយសន្តិវិធីនៅតាមទីតាំង ៣សំខាន់ៗក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ និងថ្លែងសារជាច្រើនទៅកាន់រដ្ឋាភិបាលកម្ពុជា។
ក្រុមកម្មករមកពីចម្រុះវិស័យ ក្នុងនោះមានក្រុមអ្នករត់ម៉ូតូកង់បីរាប់រយគ្រឿង បានដង្ហែរក្បួន និងជួបជុំគ្នានៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈក្រុមកម្មករកម្មការិនីប្រហែល ៥០០នាក់ មកពីបណ្ដាខេត្តនានា បានជួបជុំគ្នានៅឯទីលានប្រជាធិបតេយ្យ។
ចំណែកក្រុមកម្មករកម្មការិនីជាង ១០០០នាក់ទៀត មកពីតាមបណ្ដារោងចក្រនានាក្នុងរាជធានីភ្នំពេញ និងដឹកនាំដោយលោក អាត់ ធន់ បានជួបជុំគ្នានៅមុខវិមានរដ្ឋសភា ដើម្បីថ្លែងសាររបស់ពួកគេទៅកាន់មេដឹកនាំរដ្ឋាភិបាល និងសមាជិកសភា។
កម្លាំងសមត្ថកិច្ចចម្រុះជាច្រើន ត្រូវបានគេដាក់ពង្រាយនៅតាមទីតាំងប្រមូលផ្ដុំទាំងនោះ ដើម្បីឃ្លាំមើលចលនានៃការជួបជុំរបស់កម្មករកម្មការនី និងក្រុមសហជីពទាំងនោះ។
ទោះជាយ៉ាងណា ពុំមានអំពើហិង្សាណាមួយកើតឡើងឡើយទាំងក្នុងអំឡុងពេលដង្ហែរក្បួន និងការប្រមូលផ្ដុំនៅទីតាំងទាំងបីនោះ៕