កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៣ កម្មវិធីសិទ្ធិមនុស្ស របស់ សមាគម អាដហុក បាន ពិភាក្សាអំពី ការវិវត្តន៍ នៃដំណើរការ សាលាក្តីខ្មែរ ក្រហម ។ វាគ្មិនកិត្តិយស ចំនួន ៣រូប បានព្យាយាមផ្តល់ នូវ ស្ថានការណ៍ថ្មីៗ ពាក់ព័ន្ធ នឹងសាលាក្តីខ្មែរ ក្រហម បន្ទាប់ពីលោកស្រី មុត ពិសិដ្ឋ បញ្ចប់នូវការ កត់ សំគាល់ដោយ សង្ខេបជូនសាធារណជន ។ វាគ្មិនទី១ លោកមេធាវី ឡោ ជុនធី ជាសហមេធាវី ជាតិ តំណាងដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង ០០២/០១ បានផ្តល់នូវព័ត៌មានអំពីការដាក់សារណា សំរាប់ត្រៀមដេញដោលនៅក្នុងសវនាការសេចក្តីសន្និដ្ឋានបញ្ចប់ ០០២/០១ ដែលនឹងធ្វើដោយ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងវិបត្តិថវិកា សម្រាប់ បុគ្គលិកខ្មែរ ។ វាគ្មិនទី២ បានបន្ថែមលើវិបត្តិថវិកា វានឹងនាំឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាព និងការបញ្ចប់ នីតិវិធីប្រឆាំង នឹងមេដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជាប្រជាធិប្បតេយ្យ ។ អ្វីខ្លះជាសេចក្តីប្រាថ្នា របស់ ជនរងគ្រោះ នៃរបបកម្ពុជាប្រជាធិប្បតេយ្យ ចង់បានពីសាលាក្តីខ្មែរក្រហម ? វាអាចនឹងគាំង បើសិនជាវិបត្តិ ថវិកា មិនមានសុវត្ថិភាពសម្រាប់ដំណើរការឆ្ពោះទៅតាមនីតិវិធី ។ អ្នកណាទទួល ខុសត្រូវចំពោះការ ធានានូវ សុវត្ថិភាពថវិកា ? តាមប្រភពនៃ កិច្ចព្រម ព្រៀងស្តីពីការបង្កើតសាលាក្តី បានកំណត់ភាគី ២ គឺភាគីអង្គការ សហប្រជាជាតិ និងភាគីរាជរដ្ឋាភិបាល កម្ពុជា ។ ចំពោះការជម្រុញឲ្យ រាជរដ្ឋាភិបាល កម្ពុជា ទទួលខុសត្រូវ និងបំពេញ កាតព្វកិច្ចក្នុង ការធានាថវិកាសំរាប់បុគ្គលិកខ្មែរ ដែលជាញឹកញាប់ជម្រុញ ពីភាគីអង្គការសហប្រជាជាតិ និងម្ចាស់លុយសំខាន់ៗ ដែលគាំទ្រសាលាក្តី កូនកាត់មួយនេះ យើងខ្ញុំកត់សំគាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាពុំ មានលទ្ធភាព និងការប្តេជ្ញាចិត្តធ្វើការងារនេះទេ ។ ហេតុនេះ សូមអំពាវនាវឲ្យភាគីអង្គការ សហប្រជាជាតិ និងម្ចាស់លុយ បន្តជួយគាំទ្រថវិកាមកសាលាក្តី នេះដើម្បីឲ្យពួកគេបំពេញកិច្ចការតាមវិជ្ជាជីវ ផ្តល់ជូនជនរងគ្រោះនូវការពិត ដែលបានកើតឡើង យុត្តិធម៌ និងសំណង ។ បើសិនជា ភាគីអង្គការសហប្រជា ជាតិ និងម្ចាស់លុយ ជម្រុញឲ្តភាគីកម្ពុជាអនុវត្តកាតព្វកិច្ចរឿងថវិកាទៀត វាជាផ្នែកមួយនៃយុត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យតុលាការនេះចប់ ដោយអត់លុយ វាល្អជាងការបញ្ចប់ទៅដោយជំនុំជម្រះដោយពេញលេញនូវសំណុំរឿង ០០២ សំណុំរឿង ០០៣ និងសំណុំរឿង ០០៤ ។
ដោយឡែកវាគ្មិនទី៣ លោក ប៉ែន សឿន ជាជនរងគ្រោះ និងជាតំណាង ដើមបណ្តឹងរដ្ឋប្បវេណី ក៏បានស្រក់ទឹកភ្នែក បន្ទាប់ពីបានតាមដាននូវទិដ្ឋភាព ដែលសាលាក្តីកំពុងប្រឈម ជាពិសេស បានបង្ហាញនូវការខកចិត្ត និងអំពាវនាវចំៗទៅកាន់ម្វាស់លុយ និងអង្គការសហប្រជាជាតិ បន្តជួយសាលាក្តីនេះ។ សំរាប់ការជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា បំពេញកាតព្វកិច្ចក្នុងការធានានូវថវិការបស់បុគ្គលិកខ្មែរ វាជារឿងធ្វើឲ្យគាត់កាន់តែអស់សង្ឃឹម ។
បន្ទាប់ពីវាគ្មិន បានស្លេសនូវការកត់សំគាល់ ប្រិយមិត្តចំនួន ៥រូប បានទូរស័ព្ទមកចូលរួមក្នុងកម្មវិធី ទី១ លោក រដ្ឋា បានចូលរួម ជាមតិថា លោក បានស្តាប់នូវបញ្ហាជុំវិញសាលាក្តី ខ្មែរក្រហម ដែលចោទឡើងខាងថវិកា និងការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាល វាគួរតែគ្មានបញ្ហា ពីព្រោះថា វាជា ជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងកាន់ អំណាច សព្វថ្ងៃ ។ រដ្ឋាភិបាលកម្ពុជា ជាអ្នករំដោះប្រទេសពីរដ្ឋាភិបាលខ្មែរក្រហម ហេតុនេះត្រូវតែ បន្តការងារដើម្បីបង្ហាញនូវភាពជោគជ័យ ។ ទី២ លោក ហ៊ ពីខេត្តកណ្តាល លោកឆ្ងល់ថា សំណងអ្វីខ្លះ ផ្តល់ដល់ ជនរងគ្រោះ ឬមួយបាន ត្រឹមតែការ ផ្តល់ទោសមួយ ជីវិតដល់ជនជាប់ចោទ ប៉ុណ្ណឹង ។ ទី៣ លោកស្រី ចិន្តា ពីស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ចេញមតិថា ហេតុអីបានជាខ្វះលុយ? គាត់ថា រដ្ឋាភិបាលមានលុយ តែអត់ចង់ចេញ។ ប្រិយមិត្តទី៤ លោក ជីវ៉ា នៅភ្នំពេញ និងទី៥ លោក ឌី គន្ធា នៅភ្នំពេញ បានបញ្ចេញមតិពាក់ព័ន្ធចម្ងល់ថា ហេតុអីមិនឲ្យតុលាការ ព្រហ្មទណ្ឌកាត់ក្តី មេដឹកនាំខ្មែរ ក្រហម ? រីឯលោក គន្ធា នៅតែឆ្ងល់អំពី ការសំលាប់ខ្មែរជីត ៣ឆ្នាំ តើប្រទេសជិតខាង បានដឹងឬ អត់រឿងរ៉ាវ ដែលបានកើត ឡើងនៅ ក្នុងសម័យខ្មែរក្រហម បើពួកគេដឹង ម្តេចមិនជួយខ្មែរ ៕