ការបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាន (បូរីកីឡា) នៅកណ្ដាលក្រុងភ្នំពេញ

ការបណ្តេញចេញប្រជាពលរដ្ឋបូរីកីឡា ពីលំនៅដ្ឋាន

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ គិតចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ១១ព្រឹក សមត្ថកិច្ចចម្រុះរួមមាន​ប៉ូលិស ប៉េអឹម កម្លាំងសន្តិសុខ ក្រុមហ៊ុនផានពីមិច មន្រ្តី​មូលដ្ឋាន និងក្រុមកម្មករស៊ីឈ្នួល សរុប ប្រមាណ៥០០​នាក់គាំទ្រដោយឡានទឹក៤​គ្រឿង ត្រាក់ទ័រ២គ្រឿង និងប្រដាប់ដោយខែល ដំបងឆក់ ដំបង អាវុធខ្លីវែង អាវុធ​បាញ់ ឧស្ម័នបង្ហូរទឹកភ្នែក បានវាយសម្រុកចូល និងវាយកំទេច លំនៅដ្ឋាន ប្រជាពលរដ្ឋ និងចាប់ខ្លួន​ប្រជាពលរដ្ឋ​បាន​១១នាក់​ក្នុងនោះ​មានបុរស់ចំនួន ៨នាក់ ក្នុងនោះ មានកុមារម្នាក់, ស្រ្តីម្នាក់ និងយោធាចំនួន៣នាក់នៅកង​អង្គ​រក្សប្រចាំខេត្តព្រះវិហារ ដែល មកលេងនៅផ្ទះ​(ព័ត៌មាន​ចុង​ក្រោយ​មានការដោះលែងកុមារម្នាក់​និងយុវជនម្នាក់​នៅពេល រសៀល នេះ) ។ ភាគីទាំងសងខាង បានរង របួសដោយសារការគប់ដំថ្មដាក់​គ្នា​ទៅវិញ​ទៅមក​អស់​ជាច្រើនម៉ោង​បណ្តាលឲ្យកងកម្លាំងសមត្ថកិច្ច​ចំនួន៣នាក់ រងរបួស,កម្មករ​ស៊ីឈ្នួល២នាក់រង​របួស ស្រាល ចំណែកភាគី ប្រជាពលរដ្ឋ សម្រាប់​អ្នកចាប់ខ្លួនបាននោះគឺមានរបួសទាំងអស់ គឺដោយ សារ ការ វាយ​ដំ​បន្ថែម​ពីកងកម្លាំងក្រោយចាប់ខ្លួន រីឯ ប្រជាពលរដ្ឋផ្សេងៗ​ទៀតនៅមិនទាន់​ដឹងនៅឡើយ ព្រោះពួកគេ មួយចំនួន​បានរត់​គេច​ខ្លួន​ពីការតាមចាប់ ​របស់សមត្ថកិច្ច ។

នៅទីបំផុតប្រជាពលរដ្ឋបូរីកីឡា៣៩២គ្រួសារ ដែលមានទំនាស់ដ៏រ៉ាំរ៉ៃ អស់រយៈពេលជិត៨ឆ្នាំជា​មួយ​​ក្រុមហ៊ុន​ផានពីមិច ត្រូវបានកងកម្លាំងចម្រុះ​រាជធានីភ្នំពេញ វាយបង្រ្កាប បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រុះរើ​លំនៅដ្ឋាន បណ្តេញចេញ ពីផ្ទះសម្បែងបង្ខំឲ្យទៅរស់ជាយរាជធានីភ្នំពេញ​ចម្ងាយ​ប្រហែល១៦គីឡូមែត្រ ភាគខាងលិច ចំណុចទួលសម្បូរ និងវត្តភ្នំបាត ។ការប៉ះទង្គិចគ្នាអស់ជាច្រើនម៉ោងគិតពីម៉ោង៧ព្រឹក ដល់ម៉ោង ១១ព្រឹក ដោយកងកម្លាំងចម្រុះប្រើអាវុធ​បាញ់​គំរាមកំហែង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក យកដំថ្មគប់តបតជាមួយ ប្រជាពលរដ្ឋវិញ ចំណែកភាគីខាង​ប្រជាពលរដ្ឋ​ដែលហ៊ានចេញមុខប្រឆាំងតវ៉ា បានប្រើវិធីការពារលំនៅដ្ឋាន​ដោយ​ប្រើដំថ្ម, យកដបគប់ទៅលើសមត្ថកិច្ច, យកគំនរសម្រាមដាក់បិទផ្លូវមានឈើ ដែក ដំបងជាដើម ដើម្បីរារាំងកងកម្លាំងចម្រុះមិនឲ្យចូលមកលំនៅដ្ឋានបាន ។

ក្រោយហេតុការណ៍ប៉ះទង្គិចដែលកើតឡើងរវាងកងកម្លាំងប្រដាប់អាវុធជាមួយប្រជាពលរដ្ឋ កម្លាំង​របស់ក្រុមហ៊ុន​ក៏បានចូលទៅ​ឈូស​ឆាយលំនៅដ្ឋាន​ដោយមិន ការសួរនាំបើទោះជាមានការស្នើសុំពីប្រជាពលរដ្ឋ​ទុកឲ្យពួកគេរុះរើដោយខ្លួនឯងក៏ដោយកម្លាំងកម្មករទាំងនោះ មិនព្រមដែរ ។​នៅរសៀលនេះ​ផ្ទះជាង៣០០ខ្នង​ត្រូវបាន​បំផ្លាញ​ ដោយមិនគិតអំពីការខូចខាតទ្រព្យ សម្បត្តិប្រជាពលរដ្ឋឡើយ តែបើប្រជាពលរដ្ឋហ៊ានចេញមុខ​តវ៉ា​នោះ​គេនិងចាប់​ខ្លួនជាក់ជាមិនខាន ។ នៅក្នុងហេតុការណ៍ចុងក្រោយនេះមិនមានការចេញមុខមក​ទទួលខុស​ត្រូវចំពោះប្រជាពលរដ្ឋគ្រោះថាតើពួកគេ ត្រូវបញ្ជូន​ទៅទីតាំងណា​មួយពិតប្រាកដនៅឡើយ តើក្រុមហ៊ុនត្រូវ​ចេញ​លុយតាមរបៀបណា ហើយថាតើសាលា រាជធានីចាត់ការដូចមេ្តចក្នុងករណីនេះ ។ មួយវិញ​ទៀត​ប្រជាពលរដ្ឋ​មួយចំនួនដែលត្រូវបានចាប់ខ្លួននោះថាតើ​ពួកគាត់អាចត្រូវបានដោះលែងវិញឬយ៉ាងណា ឬត្រូវ​សមត្ថកិច្ចកសាងសំណុំរឿង​បញ្ជូនទៅតុលាការដើម្បីចាត់វិធានការផ្លូវច្បាប់ ។

សេចក្តីសន្និដ្ឋាន

ក្រោមទឹកភ្នែកស្រែកទ្រហោរយំ​ទាំងក្មេងទាំងចាស់​ពេលដែលកងកម្លាំងចម្រុះសម្រុកចូលបាន​ជោគ​ជ័យ ដោយមកនូវគ្រឿងចក្រត្រាក់ទ័រមួយគ្រឿង និង ប៊ុលដូសឺមួយគ្រឿង បានទៅរុញឈូសលំនៅដ្ឋានទ្រព្យ ដួលរលំបាក់ខូចខាតខ្ទេចខ្ទីគ្មានសល់ ។ ជុំវិញហេតុការណ៍​បណ្តេញប្រជាពលរដ្ឋបូរីកីឡា​ចេញពីលំនៅដ្ឋាននេះ គឺជាការរំលោភសិទិ្ធមនុស្សយ៉ាង ធ្ងន់ធ្ងរ បានបង្ខំឲ្យប្រជាពលរដ្ឋជាង៣០០គ្រួសារចេញពីលំនៅដ្ឋាន​ដោយគ្មាន​សំណងសមរម្យ។ ការប្រើ​ប្រាស់​កងកម្លាំងសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះគឺជាការគំរាមកំហែង​អាយុ​ជីវិត ការដកហូតទ្រព្យសម្បត្តិ​ខុស​ច្បាប់ និងពុំមានផ្តល់​សំណងត្រឹមត្រូវ និងសមរម្យ ​។ សកម្មភាពរបស់កង​កម្លាំងប្រដាប់អាវុធមិនជាការអនុវត្តន៍ច្បាប់ទេ គឺជាការប្រើកម្លាំងសាធារណៈ​មកបណ្តេញ​ប្រជាពលរដ្ឋ​​ចេញ​ពី​លំនៅដ្ឋានដោយបង្ខំ​និងរំលោភសិទិ្ធមនុស្ស ដែលមិនអាចទទួលយកបាន ។

ភ្នំពេញ, ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២

សំណូមពរ

១)សុំឲ្យមានការដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំងអស់

២)សុំជួយដោះស្រាយបញ្ហាជីវភាពនៅពេលខាងមុខនេះ

៣)សុំជួយផ្តល់មេធាវីដើម្បីការពារប្រជាពលរដ្ឋ ដែលត្រូវបានគេចាប់ខ្លួន