កម្មការិនីប្រហែល ៥០០នាក់មកពីរោងចក្រកាត់ដេរសម្លៀកបំពាក់អេឃីនថិច ស្ថិតនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា និងវឌ្ឍនៈ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ដោយបានទាមទារលក្ខខណ្ឌការងារ ៩ចំណុច ក្នុងនោះមានទាំងប្រាក់អតីតភាពការងារ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ តំណាងឲ្យកម្មការិនីទាំងនោះបានឲ្យដឹងថា ការតវ៉ារបស់ក្រុមកម្មការិនីរោងចក្រអេឃីនថិច បានផ្ទុះឡើងតាំងពីថ្ងៃទី១១ ខែកក្កដាកន្លងមក ដើម្បីទាមទារប្រាក់ចំណាច់អតីតភាពការងាររបស់ពួកគាត់ និងលក្ខខណ្ឌការងារដទៃទៀត។
លោកបានឲ្យដឹងទៀតថា តំណាងកម្មការិនីជាង ១០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលពិភាក្សាជាមួយភាគីក្រសួង និងភាគីថៅកែរោងចក្រនៅព្រឹកថ្ងៃដដែលនេះ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ការតវ៉ានេះ។
រោងចក្រអេឃីនថិច ដែលមានថៅកែជាជនជាតិសិង្ហបុរី និងមានកម្មករកម្មការិនីសរុបប្រហែល ១៥០០នាក់ ធ្លាប់បានទូទាត់ប្រាក់អតីតភាពដល់កម្មករកម្មការិនីម្ដងរួចមកហើយកាលពី ៥ឆ្នាំមុន៕