ភ្នំពេញ (១៤ កក្កដា ២០១៥)៖ ប្រជាពលរដ្ឋចំនួន ៧៧គ្រួសារមកពីស្រុកស្នួល ខេត្តក្រចេះ ដែលកំពុងប្រឈមមុខនឹងការបណ្ដេញចេញដោយបង្ខំ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នេះ បានដាក់ញត្តិទៅកាន់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍នៅក្នុងជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន UBE Development Co., Ltd។
នៅក្នុងញត្តិដែលតំណាង ៥រូបដាក់ជូនទៅប្រធានស្ថាប័នរដ្ឋសភា បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ ដែលបដិសេធទទួលសំណងតិចតួចពីក្រុមហ៊ុន UBE Development របស់លោក អឹង ប៊ុនអៀង នោះ កំពុងប្រឈមមុខនឹងការបណ្ដេញចេញពីដីធ្លីផ្ទះសម្បែងរបស់ពួកគាត់ដោយបង្ខំ បន្ទាប់ពីពួកគាត់បដិសេធទទួលសំណងមិនសមរម្យពីក្រុមហ៊ុន។
ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានរស់នៅ និងប្រកបរបរកសិកម្មលើដីធ្លីរបស់ពួកគាត់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ តាំងពីឆ្នាំ១៩៩៦ ហើយជម្លោះដីធ្លីរវាងពួកគាត់ និងក្រុមហ៊ុន បានចាប់ផ្ដើមផ្ទុះឡើងនៅឆ្នាំ២០០៨ នៅពេលដែលអាជ្ញាធរខេត្តក្រចេះ បានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើស្រែចម្ការ ហើយបានយកដីនោះទៅជួលឲ្យក្រុមហ៊ុមនឯកជន។
កាលពីថ្ងៃទី០៧ ខែកក្កដាកន្លងទៅថ្មីៗនេះ តុលាការខេត្តក្រចេះបានចេញដីការក្សាការពារតាមការទាមទាររបស់ភាគីក្រុមហ៊ុន និងបានបញ្ជាឲ្យប្រជាពលរដ្ឋទាំងនោះ រុះរើផ្ទះសម្បែងចាកចេញមុនថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ខាងមុខនេះ៕