ពលរដ្ឋរាប់រយនាក់ចោទអាជ្ញាធរមូលដ្ឋានរំលោភយកដីរដ្ឋ

11748635_900351690052349_1526195830_nពោធិ៍សាត់ (១៤ កក្កដា ២០១៥)៖ ប្រជា​ពលរដ្ឋ​ជាង ២០០​នាក់​នៅ​ឯស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្វាយសរ និង​ឃុំ​ឈើ​តុំ ដោយ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​តាកុច យក​ធ្វើ​ជា​សកម្ម​សិទ្ធិ​ផ្ទាល់ខ្លួន។

យោង​តាម​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ដែល​ដាក់​ជូន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ ២៣០​នាក់ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​មាន​លោក នៅ វង្ស អនុ​ប្រធាន​ភូមិ​អន្សាចំបក់ លោក សេង ហៀង សមាជិក​ភូមិ និង​លោក ញាំ ញិល ប្រជា​ការពារ​ភូមិ នៅ​ក្នុង​ឃុំ​ស្វាយសរ និង​លោក គុល សុគុន មេ​ភូមិ​ក្បាល​ទាហ៊ាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ បានធ្វើ​សកម្មភាព​ឈូស​ឆាយ​ ហ៊ុំ​ព័ទ្ធ​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់។

ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​បញ្ជាក់​ថា សកម្មភាព​ខុស​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ បាន​ធ្វើ​ឲ្យ​បាង់​បង់​ផល​អនុ​ផល​ព្រៃ​ឈើ និង​កន្លែង​ឃ្វាល​គោក្របី​របស់​ប្រជា​ពលរដ្ឋ​រាប់​រយ​ហិកតា។

ដី​ព្រៃ​រាប់​រយ​ហិកតា​នោះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ទាម​ទារ​យក​ពី​ក្រុមហ៊ុន​ភាពីម៉ិច​កាល​ពី​ឆ្នាំ​២០១១ និង​រក្សា​ទុក​សម្រាប់​បំពេញ​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន៕