សកម្មជនសិទ្ធិមនុស្សចូលបំភ្លឺក្នុងតុលាការ

IMG_9837លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានអះ​អាង​ថា លោក​បាន​បង្ហាញ​ឯកសារ និង​ភស្តុតាង​គ្រប់​គ្រាន់ ដែល​បញ្ជាក់​ថា លោក​មិន​បាន​បរិហារ​កេរ្តិ៍​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ២​រូប​នោះ​ឡើយ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​ចូល​បំភ្លឺ​ក្នុង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក​បាននិយាយ​ថា បណ្ដឹង​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​នោះ​ឡើយ។

លោក នី ចរិយា ត្រូវ​បាន​លោក សុក កែវបណ្ឌិត ព្រះ​រាជ​អាជ្ញា​រង និង​លោក គឺ ឫទ្ធី ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ប្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ និង​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ មួយ​សប្ដាហ៍​ក្រោយ​ពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ប្រកាស​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​អគ្គ​ព្រះ​រាជ​អាជ្ញា តុលាការ​កំពូល និងក្រសួង​យុត្តិធម៌ ប្រឆាំង​នឹង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ទាំង​ពីរ​រូប​នោះ៕