បុគ្គលិកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក និងសកម្មជនក្មេងៗ ៣នាក់ ដែលជាផ្នែកមួយនៃចលនាមាតាធម្មជាតិ ត្រូវបានកម្លាំងសន្តិសុខឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងហេតុការណ៍បង្ក្រាបមួយធ្វើឡើងដោយកម្លាំងសន្តិសុខរបស់ខណ្ឌមួយនេះ។
លោក ឌិត សុខធី បុគ្គលិកអង្កេតសមាគមអាដហុក ត្រូវបានឃាត់ខ្លួននៅខាងមុខច្រកចូលនៃមជ្ឈមណ្ឌលភ្នំពេញសិនធ័រ នៅវេលាម៉ោង ៨:៤០ និងបញ្ជូនតាមរយៈសន្តិសុខខណ្ឌជាមួយសកម្មជនមាតាធម្មជាតិទាំង ៣រូបនោះ។ លោក ឌិត សុខធី ត្រូវបានឃាត់ខ្លួនអំឡុងពេលអង្កេតស្ថានភាពសិទ្ធិមនុស្ស និងសកម្មភាពកម្លាំងសន្តិសុខ ដែលបានរារាំងសកម្មជនមាតាធម្មជាតិ ១៥នាក់ ដែលប៉ុនប៉ង់ដាក់ញត្តិនៅរដ្ឋសភា និងស្ថានទូតសិង្ហបុរីនៅភ្នំពេញ តវ៉ាទៅនឹងការបន្តសកម្មភាពបូមខ្សាច់នៅតំបន់ស្ទឹងជាយអារ៉ែង។
លោក ឌិត សុខធី និយាយថា៖ «ខ្ញុំបានប្រាប់ពួកគាត់[កម្លាំងសន្តិសុខ]ថា ខ្ញុំជាបុគ្គលិកអង្កេតមកពីសមាគមការពារសិទ្ធិមនុស្សអាដហុក ប៉ុន្តែ ពួកគេមិនស្ដាប់នោះឡើយ ហើយបានរុញខ្ញុំឡើងឡានសន្តិសុខខណ្ឌ»។ លោក សុខធី ត្រូវបានដោះលែងមកពីនៅវេលាម៉ោង ១១:៣០នាទីព្រឹកថ្ងៃដដែល។
សកម្មជនក្មេងៗទាំង ៣នាក់នោះ ក៏ត្រូវបានដោះលែងវិញដែរក្រោយពីត្រូវបានសាកសួរ ប៉ុន្តែ មន្ត្រីអង្កេតសិទ្ធិមនុស្សរូបនេះ មិនត្រូវបានសាកសួរនោះឡើយ។
លោកបន្ថែមថា៖ «មន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលម្នាក់ បានសួរនាំអំពីព័ត៌មានផ្ទាល់ខ្លួនខ្ញុំ និងបានឲ្យខ្ញុំផ្ដិតមេដៃ ប៉ុន្តែ ខ្ញុំបដិសេធ ដោយសារខ្ញុំពុំបានធ្វើអ្វីខុសនោះឡើយ»។
ការព្យាយាមដាក់ញត្តិរបស់យុវជនទាំងនោះ បានទទួលបរាជ័យ ក្រោយពីកម្លាំងសន្តិសុខរ៉ាប់សិបនាក់ បានបំបែកក្បួនរបស់ពួកគេនៅជិតច្រកចូលមជ្ឈមណ្ឌលភ្នំពេញសិនធ័រ៕