អង្គការសង្គមស៊ីវិលអំពាវនាវឲ្យក្រុមហ៊ុន UDG គោរពច្បាប់កម្ពុជា ដើម្បីបញ្ចៀសផលប៉ះពាល់

លោក ធន សារាយ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន​ឯកជន ឲ្យ​គោរព​តាម​គោលការណ៍​ច្បាប់ និង​គោល​នយោបាយ​ ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​ដែល​នឹង​កើត​ចេញ​ពី​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​។

ថ្លែង​នៅ​ឯ​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដី​ពី​ «ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដី​ធ្លីដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Union Development Group Co., LTD នៅ​ស្រុក​បុទុមសាគរ និង​គិរីសាគរ ខេត្ត​កោះកុង» កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥​កន្លង​មក ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល និង​តំណាង​ភាគី​ក្រុមហ៊ុន UDG លោក ធន សារាយ បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន កន្លង​មក ពុំ​បាន​គោរព​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ និង​គោលនយោបាយ​ស្បែក​ខ្លា​របស់​ខ្លួន សម្រាប់​គ្រប់​គ្រង​ដី​ធ្លី និង​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​នោះ​ឡើយ។

ដោយ​យោង​ករណី​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន UDG នៅ​ខេត្ត​កោះកុង លោក ធន សារាយ ថ្លែង​ថា៖ «ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ បាន​អនុញ្ញាត​ឲ្យ​រាជ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ [ដល់​ក្រុមហ៊ុន​ឯកជន​មួយ​] មិន​ឲ្យលើស​ពី​ចំនួន ១​ម៉ឺន​ហិកតា​ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ដី​សម្បទាន​នៅ​កន្លែង​ខ្លះលើស​ពី​ចំនួន​កំណត់​ដោយ​ច្បាប់»។

ដោយ​មិន​សំដៅ​តែ​ទៅ​លើ​ក្រុមហ៊ុន UDG លោក ធន សារាយ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ទាំង​ឡាយ ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​នៃ​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​ហានិភ័យ​នា​ពេល​អនាគត ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​នយោបាយ​ថ្មី។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​កុំ​យក​ច្បាប់​អស្សាមិករណ៍ទៅ​អនុវត្តន៍​លើ​ករណី​ជម្លោះ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង និង​ក្រុមហ៊ុន UDG និង​បាន​ជម្រុញ​ឲ្យ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​គោល​នយោបាយ​ស្បែក​ខ្លា​របស់​ខ្លួន ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដោយ​តម្លាភាព គ្មាន​ការ​បង្ខិត​បង្ខំ និង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា។

យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) កាល​ពី​ចុង​ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន UDG បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៣៦ ០០០​ហិកត សម្រាប់​គម្រោង​អភិវឌ្ឍន៍​មាន​តម្លៃ​ចន្លោះ​ពី ៣,៥ ទៅ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០០៨។ ជាមួយ​សម្បទាន​រយៈ​ពេល ៩៩​ឆ្នាំ​នេះ ក្រុមហ៊ុន​កាន់​កាប់​ដោយ​វិនិយោគិន​ចិន​មួយ​នេះ មាន​គម្រោង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​កោះកុង ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី ដែល​មានហេដ្ឋា​​រចនា​សម្ព័ន្ធ​ចម្រុះ​បែបបម្រើ​ដល់​វិស័យ​ទេសចរណ៍។

ប្រជាពលរដ្ឋ​ជាង ៣ ៧០០​គ្រួសារ ដែល​ភាគ​ច្រើន​លើស​លុប​អាស្រ័យ​លើ​របរ​កសិកម្ម និង​នេសាទ​នោះ ត្រូវ​បាន​វាយ​តម្លៃ​ថា​នឹងត្រូវ​ជម្លៀស​ចេញ និងទទួល​រង​ផល​ប៉ះ​ពាល់​ ពី​គម្រោង​អភិវឌ្ឍន៍​តម្លៃ​រាប់​ពាន់​លាន​មួយ​នេះ។ របាយការណ៍​ខាង​លើ​បានឲ្យ​ដឹង​ថា ផ្ទះ​សម្បែង​ចំនួន ១ ១៤៣​ខ្នង ដី​ធ្លី​ជាង ១​ម៉ឺន​ហិកតា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដទៃ នឹង​ត្រូវ​ផ្លាស់​ប្ដូរ និង​ដក​ហូត ទៅ​កាន់​ទីតាំង​ថ្មី​ស្ថិត​ចម្ងាយ ២០​គីឡូ​ម៉ែត្រ​ពី​ទីតាំង​លំនៅដ្ឋាន​ចាស់​របស់​អ្នក​ភូមិ។

យោង​តាម​ច្បាប់​ភូមិបាល​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០១ បាន​ចែងថា ការ​ដក​ហូត​កម្មសិទ្ធិ​របស់​បុគ្គល ត្រូវ​ធ្វើ​តាម​ទម្រង់ និង​នីតិ​វិធី​បញ្ញត្តិ​ដោយ​ច្បាប់ បន្ទាប់​ពី​បាន​ផ្ដល់​សំណង​ជាមុនដោយ​សមរម្យ ​និង​យុត្តិធម៌ ប៉ុន្តែ​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ថា ពុំ​មាន​សំណង​សមរម្យ​ណា​ ត្រូវ​បាន​គេ​ផ្ដល់​ជន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ឡើយ ក្រៅ​ពី​ប្រជាពលរដ្ឋ ១៥​គ្រួសារ ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ទទួល​សាច់​ប្រាក់​ប្រមាណ ៨ ០០០​ដុល្លារ​អាមេរិក រួម​ជាមួយ​ដី​កសិកម្ម​ទំហំ ៥​ហិកតា។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ​ទៀត បាន​ទទួល​ប្រាក់​សំណង​ជា​សាច់​ប្រាក់​ចន្លោះ ២ ០០០​ដុល្លារ ទៅ ៣ ០០០​ដុល្លារ ខណៈ​ដែល​ប្រជាពលរដ្ឋ​ប្រមាណ ៣០.៥២%​ទៀត បាន និង​កំពុង​តស៊ូ​ទាម​ទារ​សំណង​បន្ថែម និង​ស្វែង​រក​ការ​គាំ​ទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល។

របាយការណ៍​អង្កេត​បាន​រកឃើញ​ភាព​មិន​ប្រក្រតីដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុង​គម្រោង​សាង​សង់​លំនៅដ្ឋាន​ថ្មី​ជូន​ប្រជាពលរដ្ឋ ដែល​យល់​ព្រម​ចាក​ចេញ​ទៅ​កាន់​ទីតាំង​ថ្មី។ ក្រុម​អង្កេត បាន​រក​ឃើញ​ថា ទឹក​ប្រាក់​ប្រមាណ ១ ២៥០​ដុល្លារ​អាមេរិក នឹង​ត្រូវ​ចំណាយ​លើ​ការ​សាង​សង់​ផ្ទះ​មួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ ខណៈ​ពេល​ក្រុម​អាជ្ញាធរ​បាន​បំប៉ោង​តួលេខ​នេះ​ដល់​ទៅ​ចំនួន ៤ ២០០​ដុល្លារ​អាមេរិក៕