ពលការិនីរងទារុណកម្មធ្ងន់ធ្ងរនៅម៉ាឡេស៊ី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដល់​មាតុ​ភូមិវិញ

ពលការិនី​កម្ពុជាវ័យ ២០​ឆ្នាំ​មួយ​រូប ដែល​ទទួល​រង​ទារុណកម្ម​ធ្ងន់​ធ្ងរ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជាវិញ​ហើយ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៥​កន្លង​មក​នេះ បន្ទាប់​អន្តរាគមន៍​ជួយ​សង្គ្រោះ បាន​អូស​បន្លាយ​ពេល​យ៉ាង​យូរ។

យោង​តាម​ការ​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា ពលការិនី​រង​គ្រោះ​​ឈ្មោះ ជ.ផ.ល. ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ភូមិ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​បម្រើ​ការ​ជា​អ្នក​បម្រើតាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន Cambodian Labour Supply PIY.

យោង​តាម​ពាក្យ​បណ្ដឹង​របស់​ឪពុក​ម្ដាយ​ជន​រង​គ្រោះ ដែល​ស្វែង​រក​ជំនួយ​ពី​សមាគម​អាដហុកខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា ពួកគាត់​ពុំ​បាន​ទទួល​ដំណឹង​ពី​ជន​រង​គ្រោះ​នោះ​ឡើយ​ចាប់​តាំង​ពី​ការ​ចាក​ចេញ​របស់​ជន​រង​គ្រោះ។

ក្នុង​បណ្ដឹង​នោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បញ្ចប់​អាណត្តិ​តាំង​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​មិន​បាន​មក​វិញ​តាម​កិច្ច​សន្យា​ការងារ​នោះ​ឡើយ។

សមាគម​អាដហុក​ភ្នំពេញ បាន​ស្វែង​រក​អន្តរាគមន៍​ជួយ​ដល់​ជន​រង​គ្រោះ តាម​រយៈ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ និង​ក្រសួង​ការងារ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០២។

ភាគី​ខាង​ក្រុមហ៊ុន Cambodian Labour Supply PIY បាន​អះ​អាង​ថា ជន​រង​គ្រោះ​មិន​ព្រម​ទទួល​ទូរស័ព្ទ​របស់​ឪពុក​ម្ដាយ ហើយ​បាន​ចោទ​ប្រកាន់​ថា ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ចង់​បាន​លុយ ទើប​ប្រឹង​ប្រែង​ប្ដឹង​សុំ​កូន​ត្រឡប់​មក​វិញ។ ប៉ុន្តែ ឪពុក​ម្ដាយ​ជន​រង​គ្រោះ បាន​ចោទ​ប្រកាន់​ទៅ​ក្រុមហ៊ុន​វិញ​ថា មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​និយាយ​​តាម​ទូរស័ព្ទជាមួយ​កូន ដើម្បី​បញ្ជាក់​ពី​ស្ថានភាព និង​បាន​គំរាម​គំហែង​ដល់​កូន​ពួកគាត់​ផង​ដែរ។

យោង​តាម​ការ​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក និង​ការ​បញ្ជាក់​របស់​ឪពុក​ម្ដាយ​ពលការិនី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ បាន​រង​ទារុណកម្ម​នានា ដូចជា ត្រូវ​បាន​អ៊ុត​ដោយ​ឆ្នាំង​អ៊ុត​ក្ដៅ​លើ​ខ្នង និង​ផ្ទៃ​មុខ បាក់​ថ្គាម​មុខ​ដោយសារ​ការ​វាយ​នឹង​ស្បែក​ជើង និង​ត្រូវ​បាន​បង្ខំ​ឲ្យ​ហូប​បាយ​លាយ​លាមក។

ទាក់​ទង​នឹង​ករណី​នេះ សមាគម​អាដហុក បាន​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ​២០១៥​កន្លង​មក​នេះ។ ជា​លទ្ធផល ពលការិនី​រង​គ្រោះ ត្រូវ​បាន​ក្រុមហ៊ុន Cambodian Labour Supply PIY បញ្ជូន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​វេលា​ម៉ោង ៧:៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៥៕

ព័ត៌មាន​បន្ថែម​ទំនាក់​ទំនង

អ្នក​ស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី​សិទ្ធិ​ស្ត្រី និងកុមារ

ទូរស័ព្ទ​លេខ ០១២ ៣៤៤ ៧១៩/០១៦ ៨៧៣ ២០៩ ឬ

អ្នក​ស្រី លឹម មុនី មន្ត្រី​ស៊ើប​អង្កេត​នៃ​កម្មវិធី​សិទ្ធិ​ស្ត្រី និង​កុមារ

ទូរស័ព្ទ​លេខ ០១២ ៨៣៤ ៤៤៩