សេចក្ដីប្រកាសព័ត៌មាន: អំពីធ្វើទារុណ កម្មលើ អ្នកបើកបរ និងព្រូរថយន្ត ដឹកស្រូវ នៅខេត្តព្រៃវែង

ភ្នំពេញ, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥

សេចក្ដីប្រកាសព័ត៌មាន

អំពីធ្វើទារុណកម្មលើអ្នកបើកបរ និងព្រូរថយន្តដឹកស្រូវ នៅខេត្តព្រៃវែង

         សមាគមការពារសិទ្ធិមនុស្សអាដហុក នៅមានការព្រួយបារម្ភ ចំពោះចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធទៅលើករណីធ្វើទារុណកម្ម ពីសំណាក់កងកម្លាំងប្រដាប់អាវុធចំរុះទៅលើលោក ណេន ស៊ីដា និងលោក ធឿន ណើប កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្រោយពីសមាគមអាដហុកបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ណេន ស៊ីដា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ធឿន ណើប ភេទប្រុស អាយុ២០ឆ្នាំ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ជាអ្នកបើកបរ និងព្រូរថយន្តដឹកស្រូវរួចមក មន្ត្រីស៊ើបអង្កេតសមាគមបានចុះធ្វើការស៊ើបអង្កេត ករណីធ្វើទារុណកម្មដោយវាយដំនឹងស្នាប់កាំភ្លើង យកជើងជាន់ក ចងស្លាបសេក ទៅលើអ្នកបើកបរ និងព្រូរថយន្តដឹកស្រូវពាក់ស្លាកលេខកំពង់ចាម 3A-3419 បណ្តាលអោយអ្នកបើកបរទទួលរង​របួសធ្ងន់ធ្ងររហូតដល់សន្លប់ និងព្រូរថយន្តរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ចំណុចកើតហេតុនៅតាមបណ្តោយផ្លូវលេខ8A ស្ថិតក្នុងភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

-ករណីរថយន្តដឹកស្រូវមិនព្រមចូលបង់ប្រាក់ ដោយសារតែទីតាំងដាក់ជញ្ជឹងថ្លឹងរថយន្តនោះ បានឈប់ធ្វើសកម្មភាពជិតមួយខែហើយ ក្រោយពីក្រសួងសាធាណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌​មាន​មួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក។ ម៉្យាងវិញទៀតការដាក់ក្រុមសមត្ថកិច្ចចំរុះនេះ មិនមានដាក់ស្លាកសញ្ញាសម្គាល់អោយរថយន្តដឹកស្រូវចូលបង់ប្រាក់នោះទេ ហើយ​អ្នក​បើកបរក៏មិនបានដឹងពីអត្តសញ្ញាណក្រុមដែលដេញតាមនោះជាក្រុមណានោះដែរ ទើបបើករថយន្តរត់ នៅពេលដែលលឺស្នូរគ្រប់កាំភ្លើងបាញ់ពីក្រោយយ៉ាងនេះ ជាហេតុធ្វើអោយអ្នកបើកបរកាន់តែភ័យ និងបើកបង្កើនល្បឿនកាន់តែលឿន រហូតមានការបន្ថែមកម្លាំងសមត្ថកិច្ចដេញតាមឃាត់រថយន្ត ដល់ចំណុចផ្លូវលេខ8A ស្ថិតក្នុងភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

-បន្ទាប់ពីឃាត់រថយន្តបាន សមត្ថកិច្ចចំរុះប្រើហិង្សាធ្វើទារុណកម្មយ៉ាងឃោឃៅទៅលើអ្នកបើកបររថយន្តរហូតសន្លប់ និងព្រូរថយន្តទទួលរងរបួសធ្ងន់ ដោយមានវត្តមានប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ដងផ្លូវនោះមើលឃើញ និងស្គាល់អត្តសញ្ញាណច្បាស់ ថែមទាំងបានថតរូបបង្ហាញពីការវាយដុំ ជាន់ក ចងស្លាបសេក ជាភស្តុតាងស្រាប់ ម៉្យាងវិញទៀត អង្គភាពសាម៉ីពាក់ព័ន្ធនឹងករណីនេះ ក៏គួរតែបានដឹងដែរថា ទីតាំងនោះសមត្ថកិច្ចរូបណាដែលឈរជើងប្រចាំការនៅទីនោះ។ ហេតុនេះហើយមិនពិបាកស្រាវជ្រាវរកអត្តសញ្ញាណក្រុមសមត្ថកិច្ចចំរុះដែលជាជនសង្ស័យប្រព្រឹត្ត អំពើទារុញកម្មមកលើជនរងគ្រោះនោះទេ។

-ក្រោយពីបានធ្វើការស៊ើបអង្កេត សមាគមអាដហុក ក៏បានផ្ដល់មេធាវី ជូនជនរងគ្រោះរួច ទាំង២រូប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ និងធ្វើការតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់ ជាបន្តទៅទៀតតាមនីតិវិធី។

សមាគមអាដហុក​សូមស្វាគមន៍ ចំពោះចំណាត់ការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបង្កើត   គណៈកម្មការចំពោះកិច្ច ក្នុងករណីនេះកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០១៥ ​ដើម្បីស្រាវជ្រាវរកការពិតជាក់ស្តែង ដើម្បីរាយការជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។  តែទោះជាយ៉ាងណា សមាគមអាដហុកបានកត់សម្គាល់ឃើញថា គណៈកម្មការមួយនេះមិនបានធ្វើបទបង្ហាញពីលទ្ធផលការងារ និងការចាត់វិធានការយ៉ាងណាចំពោះសមត្ថកិច្ចចំរុះ ដែលប្រព្រឹត្តអំពើទារុណកម្មលើអ្នកបើកបរ និងព្រូរថយន្តនៅឡើយនោះទេ។

សមាគមអាដហុកស្នើសុំយ៉ាងទទូចទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែចាត់វិធានការរកយុត្តិធម៌ជូនដល់ជនរងគ្រោះ និងត្រូវតែចាត់វិធានការតាមច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ចាប់ខ្លួន និងបញ្ជូនជនដៃដល់ទាំងនោះទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ និងមិនត្រូវដាក់ពិន័យរដ្ឋបាលចំពោះកងកម្លាំងជាការបញ្ចប់រឿងនោះទេ។ ម៉្យាងវិញទៀត ដើម្បីបង្កើនជំនឿរចិត្តពីប្រជាពលរដ្ឋមកលើការអនុវត្តច្បាប់របស់កងកម្លាំងប្រដាប់អាវុធជាតិ ក្នុងការរក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក នី ចរិយា ប្រធានផ្នែក ស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧​ ៤៩ ៥៩

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០៨៩ ៦៦៦ ៣១២