សេចក្តី​ប្រកាស​ជា​សាធារ​ណៈ ទារុណកម្ម​ឃោរ​ឃៅ​លើ​យុទ្ធជន​​ពិការ​ជើង ហេង សឿន នៅ​ក្នុង​ដី​សម្ប​ទា​ន​សង្គមកិច្ច ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

————-

ធ្វើនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥

សេចក្តី​ប្រកាស​ជា​សាធារណៈ

ទារុណ​កម្ម​ឃោរ​ឃៅ​លើយុទ្ធ​ជន​ពិការ​ជើង ហេង សឿន នៅក្នុង​ដី​សម្បទាន​សង្គមកិច្ច

ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត

            នៅ​សម​រ​ភូមិ​ប៉ៃលិន​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៨៩ យុទ្ធជន ហេង សឿន បាន​ធ្វើ​ពលិកម្ម​ដើម្បី​ការពារ​ប្រទេស​ជាតិ បណ្តាល​ឲ្យ​ពិការ​ជើង​ស្តាំ​ក្រោម​ជង្គង់​ដោយ​សារ​ជាន់​មីន បើទោះ​បី​ធ្លាក់​ខ្លួន​ពិការ​ក៏​ដោយ យុទ្ធជន​ ហេង សឿង កំពុង​បំរើការ​ងារ​នៅ​អង្គភាព​យុទ្ធជន​ពិការ​ខេត្តកំពត។​ មកដល់​ថ្ងៃនេះ លោក​មាន​អាយុ ៤៩ ឆ្នាំ មានភរិយា កូនបីនាក់ និងចៅ​ប្រុស​ម្នាក់ កំពុង​ភៀស​ខ្លួន​ដោយ​សារ​ទំនាស់​ដីសម្ប​ទាន​សង្គម​កិច្ច រវាង​ពលរដ្ឋ​ក្រីក្រ ១០១គ្រួសារ និង ឯកឧត្តម អាំ ផល្លីន និង​លោក​ជំទាវ ហ៊ាង គន្ធី នៅក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

រួមជា​មួយ​ពល​រដ្ឋ​ក្រីក្រ ១០០គ្រួសារ យុទ្ធជន​ពិការ ហេង សឿន ដែល​អាជ្ញា​ធរ​មូល​ដ្ឋាន​ចាត់​ថ្នាក់​ជា គ្រួសារ​គ្មាន​ដី បាន​ខិតខំ​ស្នើ​សុំដី​សម្បទាន​សង្គម​កិច្ច​តាំង​ពីឆ្នាំ​២០០៩ រហូត​ដល់ ឆ្នាំ២០១១ គម្រោង​សុំដី​សម្បទាន​សង្គម​កិច្ច​ក៏ទទួល​ការ​យល់​ព្រម​ពីរាជ​រដ្ឋាភិបាល ហើយ​ក៏មាន​ការ​បែង​ចែក​ជាផ្លូវ​ការ​នៅថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០១១ មាន​វត្តមាន​លោកអភិបាល​ខេត្តរង យឹម ផល្លា លោក​អភិបាល​ស្រុក​ឈូក ឃឹម ហម លោក​ប្រធាន​មន្ទី​រ​រៀប​ចំ​ដែន​ដី នគរូប​នីយកម្ម សំណង់ និងសុរិយោ​ដី​ខេត្ត វិស្វក​រ​ប៉ាង ប៉ុណ្ណ​រដ្ឋ ពេល​នោះ​ព្រម​គ្នាប​ញ្ជាក់​ថា ដីបែង​ចែក​សម្បទាន​សង្គមកិច្ច មិន​អាច​លក់​ទិញ​បាន​ទេ​ក្នុងរយៈ​ពេល​៥ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ច្បាស់​ណាស់​ចំពោះ លក្ខ​ខណ្ឌ​សម្បទាន​សង្គមកិច្ច​នេះ។ ជាមួយ​សេចក្តី​សុខ រីករាយ ពីការ​ទទួល​ដី​សម្ប​ទាន​សង្គម​កិច្ច ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ដីលំ​នៅដ្ឋាន​ទំហំ ៥០​ម​គុណ​៣០​ម ​ដីកសិកម្ម ៦២ម​គុណ២៦០ម  រួម​ទាំង​ដីបំរុង​ទុក​កាល​ណា​ពលរដ្ឋ​កើនឡើង​ជាង​១០០ហិកតា ដីវត្ត ៧ហិកតា សាលារៀន ៩ហិកតា រដ្ឋបាល ពេទ្យ ៣ហិកតា ផ្សា ៣ហិកតា និង តំបន់ទឹកស្អាត ៥ហិកតា យុទ្ធជនពិការ ហេង សឿង មូល​គំនិត​គ្នា​បង្កើត​ក្រុម​ការងារ​មាន​គ្នា​បួន​នាក់​ការពារ​ដីសម្បទាន​សង្គមកិច្ច តែង​តែ​ដើរ​ល្បាត​ជា​ប្រចាំ​មិនដែល​មាន​បញ្ហា​កើតឡើង​ធ្ងន់ធ្ងរ   ឡើយ។ ជាអកុ​សល ចាប់​ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៤ ក្តី​សុខ​សាន្ត ក្តីរីករាយ​​បាន​រលាយ​ចេញ​ពីក្រុម​គ្រួសារ​ទាំង ១០១ គ្រួសារ ដោយ​សារ​មាន​វត្តមាន ឯកឧត្តម អាំ ផល្លីន មាន​តួនាទី ជា​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា និង ជំទាវ ហ៊ាង គន្ធី បាន​ឆបោក​ផង និង​គម្រាម​កំហែង​ផង ឲ្យ​លក់​ដី​ទៅ​គាត់ ឲ្យការ​ងារ​ធ្វើ​នៅ​ក្នុង​តំបន់​នេះ ប្រាក់​ខែ ១៥០ដុល្លា ប៉ុន្តែ​បើមិន​ព្រម​លក់ ដីតម្លៃ ៣០០ដុល្លា​ក្នុង​១ប្លង់ទេ គាត់​យក​ដីហ្នឹង​ហើយ​ព្រោះ​ដីទាំង​អស់​ហ្នឹង​ជាដី​របស់រដ្ឋ ថែម​ទាំង​គម្រាម​វាយ​ដំលើ​ពលរដ្ឋ​ណាដែល​តវ៉ា​ទាមទារ​យកដី​ និង​ពន្យុះ​ឲ្យ​ប្តឹង​ទៅ​ណាក៏​មិន​ខ្លាច​ដែរ ក្នុង​ពេល​មាន​បញ្ហា​ដ៏ធ្ងន់​ធ្ងរ​នេះ គ្មាន​អាជ្ញាធរ​ដែនដី និង​សមត្ថ​កិច្ច​ជំនាញ​រូប​ណា​បាន​ចេញមុ​ខ​ដោះ​ស្រាយ​ឡើយ ៧១គ្រួសារ​បាន បង្ខំ​ចាក​ចេញ​មករស់​នៅ​ជា​មួយ​បងប្អូ​ន​ដូច​កាល​ពីមិន​ទាន់​ទទួលបា​​ន​ដីសម្ប​ទាន​សង្គម​កិច្ច កំពុង​ប្រឈម​មុខ ជាមួយ​ជីវភាព​រស់​នៅ​យ៉ាង​លំបាក ចំណែក​ក្រុម​គ្រួសារ​ដែល​នៅ​សល់​ត្រូវ​បង្ខំ​ចិត្ត​ទៅកាប់​រាន​ដី​ព្រៃ​ឈើ​ខុស  ច្បាប់នៅ​ចំណុច វាល​​ឈើ​​ត្រាវ ក្នុង​ភូមិ​​ព្រៃ​​ពាយ ឃុំ ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ជូនឯកឧត្តម អាំ ផល្លី និងជំទាវ ហ៊ាង គន្ធី ក្នុង​តម្លៃ​ពល​កម្ម ២ម៉ឺនរៀល​ក្នុងមួយ​ថ្ងៃ មក​ដល់​ពេលនេះ​ដីព្រៃ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ របស់​រដ្ឋ​ទំហំ​ប្រមាណ ១ពាន់​ហិកតា​ត្រូវ​បាន​កាប់​រាន​ឈូស​ឆាយ​រួច​ហើយ​ស្រេច និង​កំពុង​បន្ត​សកម្ម​ទៅមុខ​ទៀត​ដើម្បី​វាយ​ផ្តាច់​ដីព្រៃ​ឈើទាំង​អស់ ២ពាន់​​ហិកតា។ ដោយ​មាន​ក្តី​ឈឺចាប់​យ៉ាង ខ្លាំង ចំពោះ​សកម្មភាព​ល្មើស​ច្បាប់ ទាំង​រំលោភ​យក​ដីសម្បទាន​សង្គម​កិច្ច និង​ដីព្រៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥   យុទ្ធជនពិការ ហេង សឿន និង ក្រុម​គ្រួសារ​ដែល​រង​គ្រោះ បាន​រួមគ្នា​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ធ្វើ​ការ​តវ៉ា កំពុង​តែប្រមូល​ស្នាមមេ​ដៃ ស្រាប់តែ ឯកឧត្តម អាំ ផល្លីន និងជំទាវ ហ៊ាង គន្ធី បាន​បញ្ជា​អោយ​ក្រុម​ការងា​រចំនួន ១២នាក់​ព័ទ្ធ​ចាប់​យុទ្ធជន​ពិការ​កំសត់  គាត់​រត់​គេច​ចូលទៅ​ពួន​ក្នុង​ផ្ទះ​អ្នក​ភូមិ​ជិត​ខាង ពួក​គេហែក​ជញ្ជាំង​ផ្ទះ​យក​យុទ្ធ​ជន​ពិការ​ចេញ​មក​ខាង​ក្រៅ ដោយមា​ន​បុរស​ពីរនាក់​មក​វាយ​ធ្វើទារុណ​កម្ម​យ៉ាង​ឃោរ​ឃៅ នៅ​ចំពោះ​មុខ​អ្នក​ភូមិ​ចោម​រោម​មើល​យ៉ាង​ច្រើន ដោយ​រុំក្រម៉ា​ប្រអប់​ដៃ​ទាំង​ពីរ​នាក់ វាយ​លើ​ឆ្អឹង​ជំនី​រ​ខាង​ឆ្វេង​ជិត​បេះដូង​ជា​ច្រើន​ដៃ ឈឺចាប់​យ៉ាង​ខ្លាំង​រហូត​ធ្វើឲ្យ​យុទ្ធជនពិការ​រូប​នេះសន្លប់​លើក  ទី១ ហើយ​បន្ទាប់​មក​ពួកគេ​ទាំងពីរ​នោះក៏បាន​ចេញ​ទៅវិញ។ មួយសន្ទុះ​ក្រោយ​មកបុរស​ទាំងពីរ​នាក់​ដែល​ធ្វើទារុណ កម្មយុទ្ធ​ជនពិការ​សន្លប់​នោះ​ត្រឡប់​មក​វិញ បាន​យក​ទឹក​នោម​មក​ស្រោច​លើ​ មុខ​និង​ក្បាល​របស់​គាត់​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ  រួច​បុរស​ទាំង​ពីរ​បាន​ទាញ​យក​ជើង​សិប្បនិម្មិត​របស់គាត់​ចេញ​ពីខ្លួន​គាត់​គ្រវែង​ចោល ​រួចបុរសទាំងពីនេះ បានចាប់​ផ្តើមព្រួត​គ្នាវាយ​ដំច្រំធាក់​ធ្វើទារុណ​កម្មមក​លើរូប​រាងកាយ​របស់គាត់​ជាលើក​ទី២ ដោយបាន​យក​ប្រោះខ្នោស​កោស​ដូង​មក​បុក​ឆ្អឹង​ជំនី​កន្លែង​ដដែល គាត់ឈឺ​ពេក​ក៏ដួល​សន្លប់​បាត់ស្មារ​តី​ម្តង ទៀត ទន្ទឹមនឹង​នោះបុរស​ទាំងពីរ​បានប្រមាថ​អាយុជីវិត​គាត់ទៀតថា​៖​ (អញ​យក​អាហ្អែង​ទៅបាញ់​ចោល​ឥឡូវ​ហើយ) ពេលគាត់​ដឹងខ្លួន​ឡើង​អ្នកភូមិ​បន្តចោម​រោម​មើលតែ​អត់មាន​អ្នក​ភូមិណា​ម្នាក់​ហ៊ាន​ជួយ​ឡើយ តែគាត់​មិនដឹង​ទៅណា​រួចនិង​ធ្វើអីកើត​បើឈឺ​គ្រាំគ្រា​យ៉ាង​ខ្លាំង​ ពេលនោះ​មេប៉ុស្តិ៍ឃុំ​ត្រពាំង​ភ្លាំងឈ្មោះ​បុត្រ​ក៏មកដល់ បាននាំ​គាត់តាម​ម៉ូតូទៅ​ប៉ុស្តិ៍​ដើម្បីសួរ​ចម្លើយ​ប្រហែលកន្លះ​ម៉ោងតែ​អត់មាន​កំណត់​ហេតុ​ជាសំណេ​រ​ឡើយ។ ក្រុមគ្រួសារយុទ្ធ​ពិការ​កំសត់មក​ដល់ នាំចេញពីភូមិ ហើយពុំហ៊ាន​ដេកពេទ្យរដ្ឋ​ទេ ពីព្រោះលឺដំណឹងថា គេស្វែង​រកគាត់​គ្រប់​មន្ទីរ​ពេទ្យរដ្ឋ ទើបគាត់​សំរេចចិត្តមក​ដេកមន្ទីរពេទ្យ​ឯកជន​នៅភ្នំពេញ​វិញ មកផ្ទះវិញ​ប្រជាជន​ប្រាប់ថា​ ឯកឧត្តម អាំ ផល្លីន បានប្តឹង​គាត់ទៅ​តុលាការ​ខេត្តកំពត ពីបទបរិហា​កេរ្តិ៍​ដោយ​រូបគាត់​បាន​និយាយ​តាមវិទ្យុ​អាស៊ីសេរី ដោយ​គាត់​មាន​ការ​ភ័យខ្លាច​ពួក​គេតាម​សម្លាប់ គាត់ក៏គេ​ចមកសំរាកព្យាបាល និងបន្តលាក់ខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។

សូមឲ្យ​មានការ​ចាត់​វិធានការ​ជាបន្ទាន់ ពីសំណាក់​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ការពារ​សុខសុវត្ថិភាព​ជូន​យុទ្ធជន​ពិការ ហេង សឿន ដែល​កំពុង​ភៀស​ខ្លួន​គេច​ពីការ​តាមយាយី​របស់​មន្រ្តី​មាន​អំណាច​ជាន់ខ្ពស់។

នេះជាទារុណកម្ម​យ៉ាងឃោរ​ឃៅ មកលើយុទ្ធជន​ពិការ ពីសំណាក់​មន្រ្តីមាន​អំណាចជាន់​ខ្ពស់ ដែលទាមទា​រ​ឲ្យស្ថាប័ន​កំពូលៗទាំ​ងបី បំបាត់​ឲ្យខាងតែ​បាន​នូវភាព​ឃោរ​ឃៅ ដូចករណី​ទារុណកម្ម​កើតមាន​ចំពោះ​យុទ្ធជនពិការ ហេង សឿន ដើម្បី​នាំ​សង្គម​កម្ពុជា​ឈាន​ទៅរក​ភាព​សុខសាន្ត និងនីតិរដ្ឋ។

ទំនាក់ទំនងបន្ថែម៖

-លោក ប៉ែន ប៊ុណ្ណារ៍ (016/066/077-785-388  & 097-7-785-388)

-យុទ្ធជនពិការ ហេង សឿន (097-606-0511)

-ឈុន វិន (ម្ចាស់ផ្ទះ​ដែល​យុទ្ធជន​ពិការ​គេច​ពួន)(097-401-7688)