សេចក្ដីថ្លែងការណ៍ សេចក្ដីសំរេចរបស់សាលាឧទ្ធរណ៍ជាការរំលោភសិទ្ធិមនុស្ស

សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកការ ការសំរេចរបស់តុលាការ សាលាឧទ្ធរណ៍ ក្នុងតំកល់សេចក្ដីសំរេច របស់ តុលាការ សាលាដំបូងរាជធានីភ្នំពេញ ក្នុងការផ្ដន្ទាទោស សកម្មជនបឹងកក់ ៧នាក់ ករណីធ្វើការតវ៉ាមុខសាលារាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ និងសកម្មជនដីធ្លី ៣នាក់ផ្សេងទៀត រួមទាំងព្រះសង្ឃ ១អង្គ ក្នុរកណីធ្វើការតវ៉ា អោយតុលាការដោះលែង សកម្មជនដីធ្លីបឹងកក់ ៧នាក់ខាងលើ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ។

សមាគមការពារសិទ្ធិមនុស្ស អាដហុកបានធ្វើការអង្កេត និងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះករណីនៃការចាប់ខ្លួន និងចោទ ប្រកាន់ ទៅលើមនុស្សទាំង១១នាក់ខាងលើ។ យោងតាមការចោទប្រកាន់ របស់តុលការសាលាដំបូងរាជធានីភ្នំពេញ ទៅលើសកម្មជន ដីធ្លីបឹងកក់ ​៧នាក់ ដែលក្នុងនោះមាន អ្នកស្រី ទេព វន្នី និងស្រ្តី៦នាក់ផ្សេងទៀត ពីបទធ្វើអោយរាំងស្ទះចរាចរ តាមមាត្រា​៧៨នៃច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។ គួររំលឹកថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ សកម្មជនដីធ្លីបឹងកក់ ចំនួន ប្រមាណជា៦០នាក់ បានធ្វើការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីអោយសាលារាជធានីភ្នំពេញ ធ្វើការ​ដោះស្រាយ ករណីទឹកលិចភូមិរបស់ពួកគេ ហើយករណី ដដែលនេះ ប្រជាសហគមន៍ក្នុងតំបន់បឹងកក់ក៏បាន ធ្វើការប្ដឹងទៅអាជ្ញាធរមូលដ្ឋាន និងសាលាក្រុងជាច្រើនលើកច្រើនសារហើយដែរ តែមិនមានចំណាត់ការពីអាជ្ញាធរឡើយ។ យោងតាមការចោទប្រកាន់ និងផ្ដន្ទាទោសទៅលើសកម្មជនដីធ្លីទាំង៧នាក់ ដោយតុលាការ សាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមមាត្រា៧៨ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាការរំលោភសិទ្ធិសំដែងមតិ និង ជាការរំលោភ ច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធីដែលមានជាធរមាន។ ព្រោះថាមាត្រា៧៨ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អាចអនុវត្តបាន តែក្រុមណា មួយដែលប្រើមអ្យោបាយ ក្នុងគោលបំណងអោយមានឧបសគ្គដល់ចរាចរណ៍សាធារណៈ ក្នុងករណីខាងលើនេះ ប្រជាពលរដ្ឋបឹងកក់ ទាំងអស់ មិនធ្វើការរារាំងអោយមានឧបសគ្គដល់ចរាចរសាធារណៈ នោះទេគឺពួកគាត់ធ្វើការតវ៉ាដោយសន្តិវិធី ដើម្បីអោយមានការដោះស្រាយបញ្ហារបស់ប្រជាសហគមន៍ ដូចនេះតុលាការមិនអាចប្រើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានទេ។ ក្នុងករណីដដែលនេះ នៅក្នុងសវនាការ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយសារឧទ្ធរណ៍ អង្គជំនុំជុំរះ មិនអនុញ្ញាតិអោយជនជាប់ចោទ បានបង្ហាញភស្តុតាង ដូចជារូបភាព និងខ្សែវីដេអូ អំពីសកម្មភាពនៅថ្ងៃកើតហេតុនេះ គឺជាការរំលោភលើនីតិវិធីទាំងស្រុង។

ចំពោះករណីផ្ដន្ទាទោសផ្សេងទៀត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏ជាការសំរេច ដោយរំលោភច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីផងដែរ។ ដោយការតវ៉ារបស់ប្រជាសហគមន៍ រួមជាមួយព្រះសង្ឃ នៅខាង មុខតុលាការ សាលាដំបូង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ គឺជាសកម្មភាពតវ៉ា ក្នុងទ្រង់ទ្រាយជាបាតុកម្មដោយអហិង្សា ដូចនេះតុលាការ មិនអាចប្រើច្បាប់ព្រហ្មទណ្ឌបានទេ ក្នុងការទប់ស្កាត់ ឬចាត់វិធានការណ៍ណាមួយ ទៅលើក្រុមបាតុករ អហិង្សា យោងតាមមាត្រា៦៦៨ នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែង និងផ្ដន្ទាទោសដោយច្បាប់ និងបទបញ្ញត្តិព្រហ្មទណ្ឌ ដោយឡែកផ្សេងទៀតដែលកំពុងមានជាធរមាន ត្រូវអនុវត្តដោយអនុលោម តាមច្បាប់ និងបទបញ្ញត្តិព្រហ្មទណ្ឌទាំងនោះ។ ដូចនេះសកម្មភាពដែលកើតឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខតុលាការសាលាដំបូង គឺជាសកម្មភាពប្រមូលផ្ដុំគ្នា ដើម្បីទាមទារតវ៉ា និងសំដែងមតិជាសធារណៈនូវមនោសញ្ចេតនា គំនិត និងឆន្ទៈរបស់ក្រុមប្រជាសហគមន៍ ដោយមធ្យោបាយសន្តិវិធី ដែលសកម្មភាពនេះត្រូវបានធានាដោយមាត្រា៤ នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។

នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ តុលាការទាំងពីរថ្នាក់ បានធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាប់ ដែលជាការរំលោភ ទៅលើសេចក្ដីថ្លៃថ្នូររបស់មនុស្ស និងក៏ជាការរំលោភទៅលើគោលការណ៍នៃការទទួលបានយុត្តិធម៌ដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។

សមាគមការពារសិទ្ធិមនុស្សអាដហុក សូមអំពាវនាវដល់សហគមន៍ អន្តរជាតិ ត្រូវធ្វើអន្តរាគមន៍ អោយមានការដោះលែង ប្រជាសហគមន៍ សកម្មជនដីធ្លីទាំង១១នាក់ អោយមានសេរីភាព ដោយឥតលក្ខខណ្ឌ និងតុលាការគ្រប់លំដាប់ត្រូវតែ​ឈរលើ គោលការណ៍ ឯករាជ្យ ក្នុងការអនុវត្តន៍ច្បាប់ ប្រកប ដោយវិជ្ជាជីវៈខ្ពស់។

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩

លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១២ ៥៣០២៥១